កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រជាង១ម៉ឺននាក់ អាចចូលទស្សនាផ្ទាល់វគ្គផ្ដាច់ព្រ័ត្រ UCL ខណៈសំបុត្រថ្លៃដល់ជាង៧០០ដុល្លារ
26, May 2021 , 12:59 pm        
រូបភាព
អ្នកគាំទ្រចំនួន ១៦៥០០ នាក់អាចចូលទស្សនាផ្ទាល់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រវាង Manchester City និង Chelsea នៅកីឡដ្ឋាន Estadio do Dragao ក្នុងប្រទេសព័រទុយហ្កាល់ចុងសប្តាហ៍នេះ។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅថ្ងៃទី២៥ ខែឧសភា ដោយអ្នកគាំទ្រទាំងនេះត្រូវតែតេស្តអវិជ្ជមានកូវីដ-១៩។


 
ចំនួននេះ ស្មើមួយភាគបីនៃសមត្ថភាពផ្ទុកសរុបនៃកីឡដ្ឋានរបស់ក្លិប FC Porto ។ កីឡដ្ឋាន Estadio do Dragao ត្រូវបាន UEFA ជ្រើសរើសជំនួស ពីទីលានក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដោយសារប្រទេសនេះកម្រិតលើការធ្វើដំណើររបស់អង់គ្លេស ដែលបារម្ភពីជំងឺរាតត្បាត។
 
ចំណោមចំនួនកៅអីដែលបានអនុញ្ញាតទាំង១៦៥០០កន្លែង UEFA បានបម្រុងទុកសំបុត្រចំនួន ៦០០០ សន្លឹកសម្រាប់អ្នកគាំទ្រក្រុម Manchester City និង Chelsea។ ដោយឡែកសំបុត្រចំនួន ១៧០០សន្លឹក បានបម្រុងទុកសម្រាប់អ្នកចូលរួមទូទៅ។
 
សំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាល ២០២០-២១ នេះមានតម្លៃចន្លោះចាប់ពី ៨៦ដុល្លារអាមេរិក ដល់ ៧៣៥ដុល្លារអាមេរិក ដែលថ្លៃជាងជំនួបផ្តាច់ព្រ័ត្រ Europa League ដល់ទៅជាងពាក់កណ្តាល។
 
ថ្លៃសំបុត្រចូលទស្សនាការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពាន Europa League នៅរាត្រីថ្ងៃទី២៦ខែ ឧសភា រវាង Manchester United និង Villareal នៅកីឡដ្ឋាន Stadion Energa Gdansk ប្រទេសប៉ូឡូញ មានតម្លៃចន្លោះពី ៤៩ដុល្លារ ទៅ ១៥៩ដុល្លារ។
 
ដើម្បីបង្កាការឆ្លងជំងឺកូវីដ-១៩ អ្នកកាន់សំបុត្រចូលទស្សនាទាំងអស់តម្រូវឱ្យបង្ហាញភស្តុតាងលទ្ធផលតេស្តអវិជ្ជមានផងដែរ។ សម្រាប់អ្នកគាំទ្រមកពីក្រៅប្រទេសនឹងត្រូវអនុវត្តតាមវិធានការផ្សេងៗទៀតរបស់អជ្ញាធរព័រទុយហ្កាល់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com