អន្តរជាតិ
អាមេរិក នឹងបើកស្ថានកុងស៊ុលនៅហ៊្សេរុយសាឡិមឡើងវិញ ដើម្បីសម្រួលទំនាក់ទំនងជាមួយប៉ាឡេស្ទីន
26, May 2021 , 7:29 pm        
រូបភាព
ប្រមុខការទូតអាមេរិក លោកអាន់តូនី ប្លីងខិន (ខាងឆ្វេង) ជជែកជាមួយ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នៅក្នុងទីក្រុង Ramallah នៃជ្រោយខាងលិច (West Bank) នៅថ្ងៃទី២៥ ខែឧសភា។ រូបភាព៖ AFP
ប្រមុខការទូតអាមេរិក លោកអាន់តូនី ប្លីងខិន (ខាងឆ្វេង) ជជែកជាមួយ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នៅក្នុងទីក្រុង Ramallah នៃជ្រោយខាងលិច (West Bank) នៅថ្ងៃទី២៥ ខែឧសភា។ រូបភាព៖ AFP
ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៥ ខែឧសភា បានប្រកាសថា អាមេរិក នឹងបើក ស្ថានកុងស៊ុលនៅក្នុងទីក្រុងហ៊្សេរុយសាឡិមខាងកើតឡើងវិញ ដើម្បីកែលម្អទំនាក់ទំនងជាមួយប៉ាឡេស្ទីន។ ទំនាក់ទំនងជាមួយប៉ាឡេស្ទីន ធ្លាក់ចុះខ្លាំងក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ។


  
អាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់ក្រុងហ៊េ្សរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល និងប្រកាសប្តូរស្ថានទូតអាមេរិកពីក្រុងតែលអាវីវ នៅចុងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៨ ស្ថានទូតអាមេរិក បានបើកជាផ្លូវការនៅក្នុងទីក្រុងហ៊េ្សរុយសាឡិម។ មួយឆ្នាំបន្ទាប់ស្ថានកុងស៊ុលអាមេរិក ដែលមានវត្តមាននៅក្នុងទីក្រុងហ៊េ្សរុយសាឡិមខាងកើត ត្រូវបានបិទ ដោយសារមានស្ថានទូតនៅទីនោះស្រាប់ហើយ។ 
 
ប៉ុន្តែអាមេរិក ក្រោមការដឹកនាំរបស់លោកចូ បៃឌិន បានប្រកាសបើកស្ថានកុងស៊ុលនេះ ឡើងវិញ ដើម្បីពង្រឹងទំនាក់ទំនងរវាងអាមេរិក និងប៉ាឡេស្ទីន បន្ទាប់ពីធ្លាក់ចុះខ្លាំងនៅក្នុងអាណត្តិលោក ត្រាំ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នៅក្នុងទីក្រុង Ramallah លោក អាន់តូនី ប្លីងខិន បានប្រកាសថា អាមេរិក នឹងបើកដំណើរការស្ថានកុងស៊ុល នៅក្នុងទីក្រុងហ៊េ្សរុយសាឡិមខាងកើតឡើងវិញ។ 
 
«ដូចដែលខ្ញុំបានប្រាប់ប្រធានាធិបតី, ខ្ញុំមានវត្តមាននៅទីនេះ ដើម្បីបញ្ជាក់ពីការប្តេជ្ញារបស់អាមេរិក ក្នុងការស្តារទំនាក់ទំនងឡើងវិញជាមួយអាជ្ញាធរប៉ាឡេស្ទីន និងប្រជាជនប៉ាឡេស្ទីន»។ ប្រមុខការទូតអាមេរិក បានសង្កត់ធ្ងន់បែបនេះ តែមិនបានបញ្ចាក់ពីពេលដែល ត្រូវបើកស្ថានកុងស៊ុលឱ្យបានច្បាស់លាស់ឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។  
 
លោក Abbas បានអរគុណចំពោះការប្តេជ្ញាអាមេរិក និងរក្សាស្ថានភាពបច្ចុប្បន្នលើតំបន់សាសនា Haram al-Sharif ដែលមានវត្តមានក្នុងទីក្រុងហ៊េ្សរុយសាឡិម។ ទីក្រុងហ៊្សេរុយសាឡិមខាងកើត ដែលត្រូវបានអ៊ីស្រាអែលគ្រប់គ្រងតាំងពីឆ្នាំ ១៩៦៧មក ត្រូវបានប្រជាជនប៉ាឡេស្ទីន ចាត់ទុកថា គឺជារដ្ឋធានីក្នុងពេលអនាគតរបស់ពួកគេ។ 
 
គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ប្លីងខិន មកអ៊ីស្រាអែល និងប៉ាឡេស្ទីននេះ ធ្វើឡើងបន្ទាប់ពីដែនដីទាំងពីរ បានឯកភាពលើបទឈប់បាញ់ជាមួយគ្នា ដោយមានអេហ្ស៊ីបជាអ្នកសម្របសម្រួល។ រដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានអរគុណជាថ្មីដល់អេហ្ស៊ីបផងដែរ ដែលជួយអ៊ីស្រាអែល និងក្រុមហាម៉ាស់ មានបទឈប់បាញ់ជាមួយគ្នា៕
 

Tag:
 អាមេរិក
  អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com