កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្វ្រិកខាងត្បូង នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យអត្តពលិកទៅអូឡាំពិកក្រុងតូក្យូ
26, May 2021 , 8:29 pm        
រូបភាព
អត្តពលិកអាហ្វ្រិកខាងត្បូង ដែលត្រូវទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩។ អាជ្ញាធរវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង អះអាងដូច្នេះនៅថ្ងៃទី២៥ ខែឧសភា ដោយបញ្ជាក់ថា អត្តពលិកទាំងនោះ មានអាទិភាពទទួលវ៉ាក់សាំងដូចមនុស្សចាស់ជរា និងកម្មករជួរមុខដែរ។


អូឡាំពិករដូវក្តៅក្រុងតូក្យូឆ្នាំ២០២០ គ្រោងនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីពន្យារពេលមួយឆ្នាំដោយសារជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយមកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ប្រឈមមុខនឹងការអំពាវនាវឱ្យមានការពន្យារពេលថ្មី ឬលុបចោលតែម្តង ដោយសារតែការកើនឡើងនៃជំងឺរាតត្បាតកាន់តែខ្លាំងនៅទឹកដីម្ចាស់ផ្ទះ។
 
បើទោះមានការជំរុញយ៉ាងនេះក្តី អ្នករៀបចំអូឡាំពិកនៅតែប្តេជ្ញាបន្តដំណើរការទៅមុខ សម្រាប់ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកមួយនេះឱ្យបានជោគជ័យ។
 
ស្របពេលគ្នានេះ អាហ្វ្រិកខាងត្បូងដែលគ្រោងទៅចូលរួមការប្រកួត នឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់អត្តពលិកខ្លួនមុនបញ្ជូនទៅជប៉ុន។ ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តអាហ្វ្រិកខាងត្បូង (SAMRC) អះអាងថា អត្តពលិកអាហ្វ្រិកខាងត្បូងនឹងត្រូវទទួលការចាក់វ៉ាក់សាំង Johnson & Johnson ឬក៏ Pfizer ដែលជាអាទិភាពដូចមនុស្សចាស់ និងកម្មករជួរមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
អាហ្វ្រិកខាងត្បូងជាប្រទេសដែលរងគ្រោះដោយសារកូវីដ-១៩ ខ្លាំងជាងគេបំផុតនៅទ្វីបអាហ្វ្រិក ដោយមកទល់សព្វថ្ងៃមានអ្នកស្លាប់ដល់ទៅជាង៥ម៉ឺននាក់ ក្នុងចំណោមករណីឆ្លងចំនួន ១,៥ លាននាក់៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com