COVID-19
ជាតិ
កម្មកររត់ចេញពីរោងចក្រនៅស្វាយរៀង មិនពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩ឡើយ
27, May 2021 , 12:29 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង
រូបពីហ្វេសប៊ុកក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង
ភ្នំពេញ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង អះអាងថា កម្មកររោងចក្រ អេ អេន ជេ ខេមបូឌា (A & J) នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ដែលមហាជនបានឃើញរត់យ៉ាងប្រញាប់ប្រញាល់ទៅផ្ទះនោះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩ឡើយ។ លោកសង្កត់ធ្ងន់ថា ការរត់ចេញនេះ ដោយសារពួកគេភិតភ័យពេលឃើញឡានក្រុមគ្រូពេទ្យចុះទៅទីតាំងរោងចក្រ ស្របពេលដល់ម៉ោង ចេញទៅផ្ទះ។


 
លោកអភិបាលរងខេត្តស្វាយរៀង ច្រានចោលវីដេអូដែលចែកចាយលើបណ្ដាញសង្គម កាលពីថ្ងៃទី២៦ឧសភា ដែលមានការអត្ថាធិប្បាយថា កម្មកររត់ចេញពីរោងចក្រនេះ សុទ្ធតែជាប់ពាក់ព័ន្ធនឹងករណីកូវីដ-១៩ ដោយមិនឲ្យគ្រូពេទ្យពិនិត្យ និងធ្វើតេស្តសំណាកនោះ គឺជារឿងមិនពិតឡើយ។ 
 
ថ្លែងប្រាប់សារព័ត៌មានតាមទូរស័ព្ទ នៅថ្ងៃទី២៧ ឧសភានេះ លោក រស់ ផារិទ្ធ បានពន្យល់ថា កម្មករពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ-១៩ គឺមានតែ១៥០នាក់ប៉ុណ្ណោះ ក្នុងចំណោមកម្មករសុរប២ពាន់នាក់។ លោកសង្កត់ធ្ងន់ថា ក្រោយគ្រូពេទ្យប្រមូលសំណាកលើកម្មករទាំង១៥០នាក់នោះ គឺរកឃើញមនុស្ស៥៩នាក់ វិជ្ជមានកូវីដ-១៩ ក្រៅពីនេះគឺតម្រូវឲ្យនៅកន្លែងដាច់ដោយឡែកហើយ។
 
«កម្មករផ្សេងទៀត នៅពេលដល់ម៉ោងចេញទៅផ្ទះ ហើយដឹងថា មានពេទ្យចុះមកយកសំណាកហើយរកឃើញអ្នកឆ្លង ក៏ប្រញាប់ប្រញាល់ចេញ ដើម្បីទៅផ្ទះរៀងខ្លួន។ ពួកគាត់ខ្លាចក្រែង នៅយូរមានជាប់ពាក់ព័ន្ធឬឆ្លងដែរ ទើបប្រញាប់ប្រញាល់»។ នេះបើតាមអភិបាលរងខេត្តស្វាយរៀង ដែលអំពាវនាវ ឲ្យកម្មករដទៃទៀតក្នុងរោងចក្រ រួមទាំងពលរដ្ឋក្នុងខេត្ត ដែលការសង្ស័យថា មានរោគសញ្ញា ឬពាក់ព័ន្ធនឹងអ្នកកូវីដ-១៩ ត្រូវទៅជួបក្រុមគ្រូពេទ្យ ដើម្បីទប់ស្កាត់ការរាលដាល។ 
 
ដោយរោងចក្រ A & J រកឃើញមានកម្មករឆ្លងកូវីដ១៩នោះ អាជ្ញាធសម្រេចបិទអគារ ដែលជាប់ពាក់ព័ន្ធហើយ។ នេះបើតាមបញ្ជាក់បន្ថែមរបស់លោក រស់ ផារិទ្ធ។
ខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ-១៩ ចំនួន៥៨៣នាក់ ជាសះស្បើយ ៣៦៩នាក់ និងស្លាប់៥នាក់។ គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន២៧,៦៣៨នាក់ សះស្បើយ១៩ សរុប ២០,៣៩៨នាក់ និងស្លាប់១៩៤នាក់៕
 
 
 

Tag:
 ស្វាយរៀង
  កម្មករ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com