កីឡាអន្តរជាតិ
អន្តរជាតិ
Inzaghi លាលែងតំណែងអ្នកចាត់ការ Lazio ស្រវាកៅអីដឹកនាំ Inter Milan
28, May 2021 , 8:29 pm        
រូបភាព
លោក Simone Inzaghi បានលាឈប់ពីតំណែងអ្នកចាត់ការក្រុម Lazio ចំពេលទំនាក់ទំនងលោក ក្នុងការទៅជំនួសកៅអីនៅ Inter Milan ដែលទំនេក្រោយលោក Antonio Conte ចាកចេញកាន់តែខិតជិត។


អ្នកចាត់ការសញ្ជាតិអ៊ីតាលី វ័យ ៤៥ ឆ្នាំរូបនេះ បានចំណាយពេល ៥ឆ្នាំ ក្នុងអាជីពជាអ្នកចាត់ការ Lazio ក្រោយលេងជាកីឡាករនៅ Stadio Olimpico អស់រយៈពេល ១១ រដូវកាល។ ៥ រដូវកាលក្នុងនាមអ្នកចាត់ការមកនេះ Inzaghi បានជួយ Lazio ឈ្នះ Coppa Italia មួយលើក និង Supercoppa Italiana ពីរដងក្នុងឆ្នាំ ២០១៧ និង ២០១៩ រួមទាំងទទួលបានកៅអីវគ្គជម្រុះ Champions League ជាលើកដំបូងក្រោយរង់ចាំ១៣ឆ្នាំ នៅរដូវកាល ២០២០-២១។
 
Inzaghi ដំបូងឡើយត្រូវបានគេរំពឹងថានឹងបន្តកិច្ចសន្យាជាមួយ Lazio បន្ថែមទៀត ខណៈដែលកិច្ចសន្យារបស់គេនឹងត្រូវផុតកំណត់នៅចុងខែមិថុនា។ យ៉ាងណា អតីតកីឡាករជម្រើសជាតិអ៊ីតាលីរូបនេះ បែជាសម្រេចចាកចេញពីក្រុមទៅវិញ។
 
ការចាកចេញរបស់លោក Inzaghi ត្រូវបានគេជឿជាក់ថា នឹងទៅជំនួសលោក Conte នៅ Inter Milan។ លោក Conte បានលាលែងពីតំណែងអ្នកចាត់ការ Inter បន្ទាប់ពីជួយក្រុមឈ្នះជើងឯក Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ។
 
ស្របពេលគ្នានេះ កាសែតនៅអ៊ីតាលីជាច្រើនទទួលបានដំណឹងថាក្លិប Inter បានព្រមព្រៀងលើកិច្ចសន្យាជាមួយ Inzaghi រួចរាល់ហើយ៕
 

Tag:
 Simone Inzaghi
  Inter Milan
  Antonio Conte
© រក្សាសិទ្ធិដោយ thmeythmey.com