COVID-19
អន្តរជាតិ
ករណីឆ្លងកូវីដ-១៩ លើពិភពលោកហក់ឡើងដល់ជាង ១៧០លានករណី
29, May 2021 , 5:30 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
 
គិតត្រឹមល្ងាចថ្ងៃទី២៩ ខែឧសភា ករណីឆ្លងកូវីដ-១៩​ បានហក់ឡើងដល់ជាង ១៧០លានករណី ខណៈអ្នកស្លាប់កើនដល់ ៣,៥លាននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ១៥២លាននាក់។


ជាងរយៈពេល ១ឆ្នាំ កន្លងមកនេះ កូវីដ-១៩ នៅតែបន្តរាតត្បាតនៅលើពិភពលោក។ ករណីឆ្លងសរុបបានកើនដល់ ១៧០១៨៦៣៩៦ករណី និងអ្នកស្លាប់មានចំនួន ៣៥៣៩០៦៨នាក់។

អាមេរិក នៅតែជាប្រទេស ដែលមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេ ខណៈឥណ្ឌាឈរនៅលំដាប់ទី២។ យ៉ាងណាមិញ ករណីឆ្លងនៅឥណ្ឌា ថមថយបានច្រើន ដោយធ្លាក់មកត្រឹមជាង ១៧ម៉ឺនករណី បើធៀបនឹងមួយរយៈមុន ដែលមានរហូតដល់ជាង ៤០ម៉ឺនករណី ក្នុងមួយថ្ងៃ។ ចំណែកប្រេស៊ីល ជាប្រទេសមានកូវីដ-១៩ ច្រើនលំដាប់ទី៣ លើពិភពលោក ក៏មានករណីឆ្លងធ្លាក់ចុះដែរ ដោយមានជាង ៥ម៉ឺនករណីប៉ុណ្ណោះ នៅថ្ងៃទី២៨ ខែឧសភា។

ចំណែកនៅតំបន់អាស៊ានវិញ​ កូវីដ-១៩ ក៏បានអុកឡុកខ្លាំងដែរ មកលើប្រទេសចំនួន៩ លើកលែងតែព្រុយណេចេញ។ រដ្ឋាភិបាលក្នុងតំបន់ បានចាត់វិធានការរៀងៗខ្លួន ដើម្បីទប់ស្កាត់កូវីដ-១៩។ ប្រទេសដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេក្នុងតំបន់ គឺឥណ្ឌូណេស៊ី ដែលមានជាង ១,៨លានករណី​ ខណៈហ្វីលីពីនជាង ១,២លាននាក់។ ព្រុយណេ គឺជាប្រទេសដែលមានតួលេខកូវីដ-១៩ តិចជាងគេនៅក្នុងតំបន់អាស៊ាន ដោយមានត្រឹមតែ២៤១ករណីប៉ុណ្ណោះ និងមានអ្នកស្លាប់ចំនួន ៣នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com