អន្តរជាតិ
លោក ណេតាន់យ៉ាហ៊ូ ទំនងរបូតតំណែង ខណៈក្រុមប្រឆាំងកំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី
31, May 2021 , 12:29 pm        
រូបភាព
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ រូបថត Xinhua
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ រូបថត Xinhua
អ្នកនយោបាយនៅអ៊ីស្រាអែល កំពុងកៀងគរសំឡេងក្នុងសភាដែលអាចឈានដល់ការបង្កើតរដ្ឋាភិបាលថ្មី ជំនួសរដ្ឋាភិបាលចាំផ្ទះរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ។ ការបង្កើតរដ្ឋាភិបាលថ្មី បានជាប់គាំងក្រោយការបោះឆ្នោតខែមីនាមក ដែលជាការបោះឆ្នោតលើកទីបួនក្នុងពេលត្រឹមពីរឆ្នាំប៉ុណ្ណោះ។

 
 
វិបត្តិនយោបាយនៅអ៊ីស្រាអែល ទំនងជាអាចរកច្រកចេញឃើញហើយ ខណៈដែលបក្សនយោបាយដែលមាននិន្នាការជំទាស់រដ្ឋាភិបាលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងប្រមែប្រមូលសំឡេងក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ អ៊ីស្រាអែល មិនមានរដ្ឋាភិបាលថ្មីឡើយតាំងពីការបោះឆ្នោតខែមីនាមក ដោយសារបក្សនានាមិនអាចរកបានសំឡេងគ្រប់គ្រាន់ដើម្បីដឹកនាំប្រទេស។
 
តាមពិតទៅ បក្សលីឃូដ របស់លោក ណេតាន់យ៉ាហ៊ូ ដែលទទួលបានកៅអី៣០ក្នុងចំណោមកៅអីសរុប១២០ ត្រូវបានចាត់តាំងឱ្យបង្កើតរដ្ឋាភិបាលថ្មីមួយបន្ទាប់ពីការបោះឆ្នោត។ ប៉ុន្តែលោកមិនអាចរកសំឡេងគាំទ្រពីបក្សនានាបានឡើយ ស្របពេលកំពុងប្រឈមមុខសំណុំរឿងពុករលួយនៅឯតុលាការផង។ 
 
ការបង្កើតរដ្ឋាភិបាលថ្មីក៏ធ្លាក់លើមេដឹកនាំប្រឆាំង យែ ឡាពីដ ដែលមានកៅអីសភាចំនួន១៧ វិញម្ដង។ អតីតពិធីករទូរទស្សន៍រូបនេះ មានដល់ថ្ងៃទី២ ខែមិថុនាដើម្បីកៀងគរសំឡេងឱ្យបាន៦១កៅអី ដែលគ្រប់គ្រាន់សម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី។ លោក ឡាពីដ ត្រូវបង្កើតរដ្ឋាភិបាលដ៏ចម្រុះមួយទើបអាចផាត់លោក ណេតាន់យ៉ាហ៊ូ បាន។ ការព្យាយាមរបស់ក្រុមប្រឆាំង ទទួលសញ្ញាវិជ្ជមាន បន្ទាប់ពីអ្នកនយោបាយជាតិនិយមជ្រុល ណាហ្វតាលី បេនណេត នៃបក្សយ៉ាមីណា ប្រកាសចូលរួមដែរនៅថ្ងៃទី៣០ ខែឧសភា។
 
ដើម្បីបញ្ចៀសការបន្តតំណែងលោក ណេតាន់យ៉ាហ៊ូ លោក ឡាពីដ ថែមទាំងសន្យាឱ្យលោក បេនណេត ធ្វើនាយករដ្ឋមន្រ្តីមុនទៀតផង។ លោក បេនណេត ដែលមានកៅអីសភា៧ក្នុងដៃ ប្ដេជ្ញាបង្កើតរដ្ឋាភិបាលថ្មីឱ្យបានជាមួយលោក ឡាពីដ ។ ក្រៅពីនោះ សម្ពន្ធភាពថ្មីក៏អាចបញ្ចូលបក្សមួយចំនួនទៀតដែលមានជំហរផ្លាស់ប្ដូរដូចគ្នាមានបក្សលោក បេននី ហ្កាន់ អតីតដៃគូរដ្ឋាភិបាលចម្រុះរបស់លោក ណេតាន់យ៉ាហ៊ូ និងសមាជិកសភាអារ៉ាប់មួយចំនួនទៀត។ បក្សលោក ហ្កាន់ ឈ្នះកៅអីសភា៨ ។ 
 
លោក ណេតាន់យ៉ាហ៊ូ វិញ ចាត់ទុកសម្ពន្ធភាពថ្មីជាគ្រោះថ្នាក់សម្រាប់សន្តិសុខអ៊ីស្រាអែល។ លោក ក៏បន្តអូសទាញអ្នកនយោបាយដែលជំទាស់រូបលោក ឱ្យចូលរួមក្នុងគម្រោងរដ្ឋាភិបាលចម្រុះ ដោយស្នើផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីទៅវិញទៅមកក្នុងអាណត្តិ៤ឆ្នាំ។ បើគ្មានរដ្ឋាភិបាលថ្មីនៅថ្ងៃទី២ ខែមិថុនា ប្រជាជនអ៊ីស្រាអែល ទំនងត្រូវបោះឆ្នោតលើកទី៥មិនខាន៕  
 
 
 
 
 
 

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com