ជាតិ
រថយន្ត
ម៉ូតូ VESPA ផលិតឆ្នាំ១៩៦៩មួយគ្រឿង ត្រូវបានច្នៃមកប្រើអាគុយ ជំនួសប្រេងសាំង
31, May 2021 , 7:19 pm        
រូបភាព
ក្រុមហ៊ុន VOLTRA ជាក្រុមហ៊ុនផលិតកង់អគ្គិសនី និងម៉ូតូអគ្គិសនីនៅកម្ពុជា។ កាលពីចុងឆ្នាំ២០២០ ក្រុមហ៊ុននេះ បានទទួលការងារមួយពីអតិថិជនខ្លួន ដែលស្នើឱ្យក្រុមហ៊ុន កែច្នៃម៉ូតូ ម៉ាក VESPA មួយគ្រឿងដែលផលិតឆ្នាំ១៩៦៩ របស់គាត់ ដែលប្រើសាំង ឱ្យទៅជាប្រើអាគុយវិញ។ វាពិតជាការងារដ៏លំបាក ពីព្រោះមិនមែនគ្រាន់តែដូរពីម៉ាស៊ីនស៊ីសាំង ទៅដាក់ម៉ាស៊ីនស៊ីភ្លើងវិញទេ ប៉ុន្តែមានកិច្ចការបច្ចេកទេសជាច្រើនទៀត ដែលអ្នកជំនាញត្រូវធ្វើ។ ទីមួយ មានគ្រឿងច្រើនដែលជាប់ម៉ាស៊ីនដើម។ ទីពីរ ត្រូវដកគ្រឿងខាងក្នុងចេញច្រើន ដើម្បីម៉ូតូមានទម្ងន់ស្រាលជាងមុន។ ទីបី ត្រូវដូរប្រព័ន្ធភ្លើងទាំងមូល និងទីបួនរក្សារូបរាងដើមរបស់ម៉ូតូចំណាស់ជាង៥០ឆ្នាំមួយនេះ។

 
បន្ទាប់ពីចំណាយពេលវេលាច្រើនខែ ក្រុមការងាររបស់ VOLTRA បានជោគជ័យក្នុងការកែច្នៃឱ្យម៉ូតូសម័យមុននោះ មុនគេបង្អស់នៅប្រទេសកម្ពុជា។ បើមើលវាពីក្រៅ អ្វីដែលខុសពីដើម មានត្រឹមតែដៃសងខាង សោរថ្មីខាងឆ្វេង និងស៊ីម៉ាំងដែលត្រូវបានដកចេញ។ វាលែងបំពូលបរិយាកាសហើយ។ វាមិនបញ្ចេញផ្សែងទេ ហើយវាក៏មិនបញ្ចេញសូឡើយ។ ការសិក្សា ការគូរប្លង់ ការរកឬធ្នើគ្រឿងបន្លាស់ និងការដកគ្រឿងចេញនិងផ្គុំឡើងវិញ ត្រូវបានចំណាយអស់ជិត ៦.៥០០.០០០រៀល ឬជាង១,៥០០ដុល្លារ។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងសេង មេសា ប្រធានផ្នែកបច្ចេកទេសនៃក្រុមហ៊ុន VOLTRAដូចតទៅ៖ 
 
 បើប្រៀបធៀបម៉ូតូម៉ាក VESPA ប្រភេទ 150 Super នឹងម៉ូតូសម័យឥឡូវនេះ វាចម្លែកត្រង់ថា មានកង់សឺកួរខាងមុខ។ ពាក្យអ៊ីតាលី vespa មានន័យថា ឳម៉ាល់។ ក្រុមហ៊ុន PIAGGIO បានជ្រើសរើសឈ្មោះនេះ ដោយសារសំឡេងម៉ាស៊ីនស្រដៀងសំឡេងសត្វឳម៉ាល់ កំពុងហោះហើរ។ ប្រភេទ 150 និង 150 Super មានកម្លាំង១៥០ CC ហើយត្រូវបានផលិតពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៧៩។
 
សូមទស្សនារូបភាពក្រោយកែច្នៃ 
 








 
:
 
ក្រុមហ៊ុនអ៊ីតាលី PIAGGIO ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៤ ហើយគឺក្រុមហ៊ុននេះហើយ ដែលបានបង្កើតម៉ូតូលេខអូតូមុនគេ។  ចំណែក VOLTRA គឺជាក្រុមហ៊ុនកម្ពុជាបង្កើតឡើងឆ្នាំ២០១៩ ដែលផលិតកង់អាគុយប្រភេទ Off-road (២០១៩) និងម៉ូតូអាគុយ Matrix (២០២០)។ឆ្នាំ២០២១នេះ មានម៉ូតូប្រភេទថ្មី ដែលជិតចេញលក់ហើយ៕
 
សូមទស្សនារូបម៉ូតូ មុនកែច្នៃ 


















 
 

Tag:
 យានយន្ត
 ម៉ូតូ
  VESPA
© រក្សាសិទ្ធិដោយ thmeythmey.com