ជាតិ
សង្គមជាតិ
អាជ្ញាធរបិទផ្សារសៃវ៉ា ខេត្តតាកែវបណ្តោះអាសន្ន ក្រោយមានករណីឆ្លងកូវីដ-១៩
31, May 2021 , 9:29 pm        
រូបភាព
លោក អ៊ូច ភា អភិបាលខេត្តតាកែវ
លោក អ៊ូច ភា អភិបាលខេត្តតាកែវ
ដោយ:
ភ្នំពេញ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវបានសម្រេចបិទផ្សារសៃវ៉ា ក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាបណ្តោះអាសន្នសិនចាប់ពីថ្ងៃទី៣១ ខែឧសភានេះតទៅ ក្រោយពីមានពលរដ្ឋឆ្លងជំងឺកូវីដ-១៩នៅទីនោះ។ នេះបើតាមការផ្សាយរបស់រដ្ឋបាលខេត្តតាកែវ។

 
បើតាមលោក អ៊ូច ភា អភិបាលខេត្តតាកែវ ការសម្រេចបិទផ្សារសៃវ៉ា គឺដើម្បីកុំឲ្យជំងឺកូវីដ-១៩រាលដាលកាន់តែខ្លាំងឡើង បន្តទៅកាន់ភូមិសាស្ត្រផ្សេងទៀត។
 
អភិបាលខេត្តតាកែវបានអំពាវនាវដល់ ជីវករលក់ដូរ ព្រមទំាងគ្រួសារ ត្រូវទៅផ្តល់សំណាកដល់មន្ត្រីសុខាភិបាល។ ក្រោយធ្វើតេស្តរួច អាជីវករ និងគ្រួសារទាំងអស់ ក៏ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ និងតាមដានសុខភាពជាប្រចាំផងដែរ។ 
 
លោក អ៊ូច ភា បានសង្កត់ធ្ងន់ថា ករណីពលរដ្ឋណាមិនគោរពទៅតាមវិធានការនេះ ពួកគេនឹងត្រូវទទួលទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៣០ ០៩៤នាក់ ក្នុងនោះករណីនាំចូលសរុបមាន ៩០០នាក់។ អ្នកជាសះស្បើយ ២២ ៦៣៦នាក់ ខណៈអ្នកស្លាប់ កើនដល់ ២១៤នាក់៕
 
 
 

Tag:
 តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com