កីឡាអន្តរជាតិ
អន្តរជាតិ
ព័រទុយហ្កាល់ ប្រាប់អ្នកទៅមើល UCL ឱ្យធ្វើតេស្តរកកូវីដ-១៩ និងចត្តាឡីស័ក១៤ថ្ងៃ
01, Jun 2021 , 8:29 am        
រូបភាព
អាជ្ញាធរសុខាភិបាលព័រទុយហ្កាល់ ព្រមានអ្នកគាំទ្រទាំងអស់ដែលបានចូលរួមទស្សនាផ្ទាល់ការប្រកួត Champions League នៅទីក្រុង Porto ត្រូវតែតាមដានរោគសញ្ញាកូវដី-១៩ និងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មុនផ្តើមមានទំនាក់ទំនងជាមួយអ្នកដទៃ។


ក្នុងរយៈពេលពីរបីថ្ងៃមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបដែលធ្វើឡើងនៅរាត្រីថ្ងទី២៩ ខែឧសភា ដែល Chelsea បានយកឈ្នះ Manchester City ១-០នោះ គេឃើញមានអ្នកគាំទ្រអង់គ្លេសជាច្រើនគ្មានរបាំងមុខ ឬពាក់ម៉ាស់ការពារឡើយ។ មិនត្រឹមតែមិនមានគម្លាត ពួកគេថែមទាំងជួបជុំផឹកស្រាទៀតផង។
 
អ្នកគាំទ្រចំនួន ១៦៥០០ នាក់ត្រូវបានអនុញ្ញាតឱ្យចូលក្នុងកីឡដ្ឋាន ប៉ុន្តែក៏មានអ្នកផ្សេងក្នុងចំនួនច្រើនទៀតបានធ្វើដំណើរទៅកាន់ទៅព័រទុយហ្កាល់ដើម្បីគាំទ្រក្រុមរបស់ពួកគេពីខាងក្រៅផងដែរ។ អ្នកគាំទ្រ Chelsea ក៏បានជួបជុំគ្នាយ៉ាងច្រើនកុះករដើម្បីការឈ្នះពានលើកទី២នៅតាមដងផ្លូវក្នុងក្នុងប្រទេសព័រហ្កាល់ដែរ។
 
ដោយហេតុនេះ អាជ្ញាធរសុខាភិបាលព័រទុយហ្កាល់បង្ហាញក្តីបារម្ភ ថាព្រឹត្តិការណ៍នេះអាចនាំឱ្យកើនឡើងចំនួនឆ្លងកូវីដ-១៩ ជាលក្ខណៈសហគមន៍ ស្របពេលអង់គ្លេសអះអាងថា មានប្រជាជនខ្លួនឆ្លងមេរោគបំប្លែងថ្មីពីឥណ្ឌាទៀតផង។
 
ម្ចាស់ផ្ទះព័រទុហ្កាល់ បានស្នើឱ្យអ្នកគាំទ្រទាំងអស់ដែលត្រឡប់ទៅអង់គ្លេសវិញ ត្រូវទៅទទួលការធ្វើតេស្ត និងចត្តាឡីស័កឱ្យបាន១៤ថ្ងៃមុនទាក់ទងជាមួយអ្នកដទៃ ដើម្បីបង្ការការចម្លងរោគដ៏កាចសាហាវមួយនេះ។ សម្រាប់អ្នកគាំទ្រផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយអ្នកគាំទ្រពីអង់គ្លេស ក៏ត្រូវធ្វើដូចគ្នានេះដែរ។
 
 

Tag:
 Champions League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com