COVID-19
ជាតិ
អាជ្ញាធរស្រុកក្រឡាញ់ ឲ្យអ្នកពាក់ព័ន្ធមនុស្ស៤នាក់ នៅផ្សារក្រឡាញ់ធ្វើចត្តាឡីស័កដោយខ្លួន
31, May 2021 , 9:09 pm        
រូបភាព
ដោយ:
អាជ្ញាធរស្រុកក្រឡាញ់ ខេត្តសៀមរាប បានបង្ហាញអត្តសញ្ញាណមនុស្សចំនួន ៤នាក់ នៅផ្សារក្រឡាញ់ ដែល វិជ្ជមានកូវីដ-១៩ និងមានការពាក់ព័ន្ធជាមួយផ្ទុកកូវីដ-១៩។ អាជ្ញាធរក៏អំពាវនាវ ដល់អ្នកដែលបានប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ជាមួយមនុស្ស៤នាក់នេះ បន្តតាមដានសុខភាពខ្លួនឯង និងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
 
កាលពីថ្ងៃទី២៩ ខែឧសភា រដ្ឋបាលខេត្ត បានរកឃើញមនុស្ស ៨នាក់មានវិជ្ជមានកូវីដ-១៩។ ក្នុងចំណោមមនុស្សទាំង៨នាក់ មានម្នាក់ឈ្មោះ ចាន់ តារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលមកដល់ទីរួមស្រុកក្រឡាញ់ បុគ្គលវិជ្ជមានរូបនេះ បានចូលផ្សារ និងមានទំនាក់ទំនងជាមួយអាជីវករមួយចំនួនក្នុងផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
 
ហេតុនេះហើយទើបរដ្ឋបាលស្រុកក្រឡាញ់ សម្រេចបិទខ្ទប់បណ្ដោះអាសន្នផ្សារក្រឡាញ់ ដែលស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
 
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣០ ០៩៤នាក់ អ្នកជាសះស្បើយសរុបចំនួន ២២ ៦៣៦នាក់ ខណៈអ្នកស្លាប់កើនដល់ ២១៤នាក់៕
 

Tag:
 សង្គម
 កូវីដ-១៩
  សៀមរាប
  ផ្សារក្រឡាញ់
© រក្សាសិទ្ធិដោយ thmeythmey.com