COVID-19
ជាតិ
កូរ៉េ បន្ត​ផ្តល់ជំនួយ​ជា​បរិក្ខារ​ពេទ្យ​តម្លៃ​៣០​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩
01, Jun 2021 , 6:59 pm        
រូបភាព
លោក ផាក ហ៊ឺងខ្យង់ (Park Heung-kyeong)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា(ស្តាំ) និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោក ផាក ហ៊ឺងខ្យង់ (Park Heung-kyeong)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា(ស្តាំ) និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ភ្នំពេញ​៖ កម្ពុជា ទទួលបាន​ជំនួយ​ជា​បរិក្ខារ​វេជ្ជសាស្ត្រ ដែលមាន​តម្លៃ​សរុប​៣០​ម៉ឺន​ដុល្លារ​ទៀត ពី​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩​។ ពិធី​ប្រគល់​-​ទទួល​ជំនួយឥតសំណង​នេះ បានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក ផាក ហ៊ឺ​ង​ខ្យ​ង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១​មិថុនា​។

 
​បរិក្ខារ​វេជ្ជសាស្ត្រ​តម្លៃ​៣០​ម៉ឺន​ដុល្លារ​ដែល​កម្ពុជា​ទទួលបាន​ពី​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​នេះ គឺជា​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​។ បើតាម​ប្រសាសន៍​របស់លោក ម៉ម ប៊ុនហេង ចំណងមិត្តភាព​រវាង​កម្ពុជា​-​កូរ៉េ កាន់តែ​រឹងមាំ តាមរយៈ​ការផ្តល់​ជំនួយឥតសំណង​ជាច្រើន​ពី​រដ្ឋាភិបាល​ប្រទេស​កូរ៉េ ក្នុងការ​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វិស័យ​សុខាភិបាល​កម្ពុជា​។ លោក​បានបញ្ជាក់​ដូច្នេះ​៖«​ជំនួយ​មនុស្សធម៌​រប​ស់​ភាគី​មិត្ត​កូរ៉េ​នា​ថ្ងៃនេះ នឹង​រួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​»​។​
 
​សាធារណ​កូរ៉េ​បាន​ផ្តល់ជំនួយ​ជា​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ និង​ថវិកា​ដល់​កម្ពុជា ជា​បន្តបន្ទាប់ ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក្នុង​ពិភពលោក ដើមឆ្នាំ​២០២០​មក​ម្លេះ​។ តាមរយៈ​កម្មវិធី​ជំនួយ​ឆ្លើយតប​នឹង​កូ​វីដ​-១៩ កូរ៉េ​ធ្លាប់​ផ្តល់ជំនួយ​ឱ្យ​កម្ពុជា​ក្នុង​ចំនួន​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​។ ក្នុងនោះ​មាន តង់​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ចំនួន​២០ និង​បន្ទប់​ចល័ត​សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ​-១៩ (Negative Pressure Carriers) ចំនួន​៦០​។​
 
​ក្រៅពីនេះ រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ក៏មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​លើ​ការពង្រឹង​ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​បញ្ជូន​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា​នៅ​ចំណុច​ច្រក​-​ចូល និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ផ្តោតលើ​ខេត្ត​ចំនួន ៥ គឺ​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តសៀមរាប និង​ខេត្តព្រៃវែង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com