COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមកីឡា softball អូស្ត្រាលីទៅដល់ជប៉ុនមុនគេ
02, Jun 2021 , 8:29 am        
រូបភាព
ក្រុមកីឡាការិនី Softball របស់អូស្រ្តាលី បានក្លាយជាអត្តពលិកដំបូងគេដែលធ្វើដំណើរទៅដល់ប្រទេសជប៉ុន ដើម្បីត្រៀមប្រជែងមេដាយក្នុងកីឡាអូឡាំពិកក្រុងតូក្យូ។ ការទៅដល់របស់អត្តពលិកអូស្រ្តាលីនៅថ្ងៃទី១ ខែមិថុនា ជំរុញឱ្យមានការចូលរួមពីប្រទេសដទៃ ស្របពេលព្រឹត្តិការណ៍នេះ ប្រឈមភាពចម្រូងចម្រាសជុំវិញបញ្ហាកូវីដ-១៩។




បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រុម Softball ដែលគេស្គាល់ថា Aussie Spirit បានចុះចតនៅអាកាសយានដ្ឋាន Narita ក្បែរទីក្រុងតូក្យូ។ ទាំងអត្តពលិក បុគ្គលិក និងមន្ត្រី សុទ្ធតែត្រូវទទួលការធ្វើតេស្តរកជំងឺកូវីដ-១៩ ដើម្បីធានាពីសុវត្ថិភាពអំឡុងពេលប្រកួត បើទោះពួកគេទទួលការចាក់វ៉ាក់សាំងរួចហើយក៏ដោយ។ 
 
ការទៅដល់របស់អត្តពលិកអូស្ត្រាលីនេះ នឹងក្លាយជាការជំរុញជាវិជ្ជមានមួយសម្រាប់អ្នករៀបចំកម្មវិធី ដែលកំពុងជួបការតវ៉ាជាសាធារណៈ ដែលចង់ឱ្យពន្យារពេលជាថ្មី ឬផ្អាកព្រឹត្តិការណ៍កីឡារដូវក្តៅនេះតែម្តង។
 
ព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវពន្យារមួយឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ ប៉ុន្តែទីក្រុងជាច្រើន រួមទាំងតូក្យូដែលម្ចាស់ផ្ទះផង ស្ថិតក្នុងស្ថានភាពអាសន្ននៃការកើនឡើងនៃជំងឺកូវីដ-១៩។ ការស្ទង់មតិក្នុងស្រុក បង្ហាញថា ប្រជាជនជប៉ុនភាគច្រើនចង់លុបចោលព្រឹត្តិការណ៍នេះតែម្តង។
 
យ៉ាងណាក៏ដោយ អ្នករៀបចំហ៊ានអះអាងថា កីឡារដូវក្តៅ នឹងដំណើរការដោយសុវត្ថិភាព ទាំងអត្តពលិក មន្ត្រី និងសាធារណជនដែលចូលរួម។ ការធានានេះ ដោយសារអ្នករៀបចំបានដឹងថា អ្នកចូលរួមប្រកួតប្រជែងប្រហែលជា ៨០ ភាគរយ ដែលត្រូវមានវត្តមាននៅក្នុងភូមិអូឡាំពិក បានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ រួចហើយ។
 
ទៅដល់ជប៉ុន ក្រុម Softball របស់អូស្រ្តាលី បានបង្ហាញអារម្មណ៍រីករាយ ក្នុងការត្រៀមលក្ខណ ដើម្បីប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com