COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វ៉ាក់សាំង Sinovac ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ជាផ្លូវការពី​ WHO
01, Jun 2021 , 10:44 pm        
រូបភាព
ដោយ: ថ្មីៗ
 ទីបំផុតទៅអង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់វ៉ាក់សាំងចិន Sinovac របស់ចិនជាប្រភេទ​វ៉ាក់សាំងប្រើប្រាស់បន្ទាន់ជាផ្លូវការ នៅថ្ងៃអង្គារទី ១ខែមិថុនា។ នេះបើតាមការប្រកាសរបស់អគ្គនាយកអង្គការសុខភាពពិភពលោក លោក​ Tedros Adhanom Ghebreyesus។



«ថ្ងៃនេះខ្ញុំរីករាយនឹងប្រកាសថា​​វ៉ាក់សាំង​ Coronavac របស់ក្រុមហ៊ុន Sinovac ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ជាផ្លូវការពីអង្គការ​ WHO  បន្ទាប់ពីរកឃើញថា​វ៉ាក់សាំងនេះមានប្រសិទ្ធភាព​ សុវត្ថិភាព ​និងគុណភាព បន្ទាប់ពីចាក់ហើយចំនួនពីរដូស»។​ លោក Tedros ថ្លែងបែបនេះតាមក្នុងសន្និសីទព័ត៌មាននាថ្ងៃអង្គារនេះ។   
បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នេះ Sinovac នឹងស្ថិតក្នុងចំណោមវ៉ាក់សាំងប្រាំមួយប្រភេទផ្សេងទៀតដែលគេអាចបញ្ជាទិញ និងចែកចាយបានតាមរយៈយន្តការ COVAX។ វាជាប្រភេទវ៉ាក់សាំងរបស់ចិនទីពីរហើយដែលត្រូវបានការទទួលស្គាល់ប្រសិទ្ធភាពនិងសុវត្ថិភាពដោយ​ស្ថាប័នអន្តរជាតិនេះ។

ថ្វីបើទើបទទួលបានការអនុញ្ញាតពី​ WHO ក៏ដោយចុះ វ៉ាក់សាំងរបស់ចិន Sinovac ចំនួន​ជាង ២៦០លានដូសរួចទៅហើយដែលត្រូវបានចែកចាយ និងប្រើប្រាស់នៅក្នុងប្រទេស​និងតំបន់​ចំនួន​​​ ៤៦​ ទូទាំងពិភពលោកក្នុងនោះមានទាំងកម្ពុជា​ផងដែរ។ នេះបើតាមសារព័ត៌មានរដ្ឋចិន Global Times។​

សូមបញ្ជាក់ថា បន្ថែមពីលើវ៉ាក់សាំងក្រុមហ៊ុន Sinovac វ៉ាក់សាំង​ចំនួនប្រាំមួយដែល WHO​ បានសម្រេចអនុញ្ញាតប្រើប្រាស់បន្ទាន់នោះមានដូចជា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna,  វ៉ាក់សាំងក្រុមហ៊ុន Pfizer, វ៉ាក់សាំង AstraZeneca ផលិតនៅកូរ៉េខាងត្បូង និងផលិតដោយវិទ្យាស្ថានSerum របស់ឥណ្ឌា វ៉ាក់សាំង​ក្រុមហ៊ុន Janssen និងវ៉ាក់សាំង Sinopharm របស់វិទ្យាស្ថានប៉េកាំង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com