COVID-19
អន្តរជាតិ
COVID-19៖ លើកដំបូងដែលអង់គ្លេសគ្មានករណីស្លាប់ បើគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០
02, Jun 2021 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារកន្លងមក បានប្រកាសថាគ្មានករណីស្លាប់លើកដំបូងបំផុតក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន ដោយគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក ខណៈករណីឆ្លងមាន៣១៦៥នាក់ បន្ថែមទៀត។

 
របាយការណ៍ស្តីពីកូវីដ-១៩ ប្រចាំថ្ងៃនៅអង់គ្លេស ចាប់ផ្តើមធ្លាក់ចុះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយករណីឆ្លងស្ថិតក្នុងរង្វង់ជាង៣០០០នាក់ដដែលជារៀងរាល់ថ្ងៃ។ បើតាម BBC លោក Matt Hancock រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស បានលើកឡើងថា៖ «វ៉ាក់សាំងពិតជាចំណែកដ៏ធំ ដែលបានការពារអ្នក មនុស្សជុំវិញខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក»។
 
ទោះបីយ៉ាងណាក៏ដោយ លោកបានអំពាវនាវឲ្យពលរដ្ឋមន្ត្រីការពារខ្លួន ពីព្រោះមេរោគមិនត្រូវបានកម្ចាត់ចេញឡើយ ហើយករណីបំប្លែងថ្មី បន្តរាលដាលជាបន្តបន្ទាប់។
 
គិតមកដល់ពេលនេះ ចក្រភពអង់គ្លេសមានករណីឆ្លងជិត៤,៥លាន ក្នុងនោះស្លាប់ជាង១២,៧ម៉ឺននាក់ និងសះស្បើយជិត៤,៤លាននាក់។ តួលេខអ្នកចាក់វ៉ាក់សាំងគ្រប់ដូស មានជាង២៥,៧លាន ហើយយុវជនវ័យក្មេង៧៤,៩ភាគរយទទួលបានដូសដំបូងផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com