COVID-19
ជាតិ
កូវីដ-១៩៖ ៦០ករណីទៀតនៅកំពត រីឯតាកែវមានស្លាប់១នាក់ក្នុងចំណោម​៤៧នាក់
02, Jun 2021 , 5:39 pm        
រូបភាព
ករណីវិជ្ជមានកូវីដ-១៩ នៅខេត្តប៉ៃលិន បានហក់ឡើងដល់ ៤២នាក់ នាថ្ងៃទី១ មិថុនា ដែលចំនួនឆ្លងដ៏ច្រើនបំផុតសម្រាប់ខេត្តនេះ។ ដោយឡែកករណីឆ្លងថ្មីនៅខេត្តព្រៃវែង បានថយមកនៅត្រឹម ១៦នាក់វិញ បន្ទាប់ពីរកឃើញ ៥៦ករណី ដែលជាចំនួនឆ្លងខ្ពស់បំផុតប្រចាំថ្ងៃនៅក្នុងខេត្ត កាលពីថ្ងៃទី ៣១ឧសភា។ កំពង់ចាម កែប តាកែវ និង​កំពត បានចេញរបាយការណ៍ជាបន្តបន្ទាប់។



តាកែវ៖ ឆ្លងថ្មី៤៧នាក់ក្នុងនោះស្លាប់ម្នាក់

ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ចំនួន៤៧នាក់ទៀត ដែលរដ្ឋបាលខេត្តតាកែវ រកឃើញប្រចាំថ្ងៃទី១មិថុនា គឺ៥នាក់ ជាកុមារ និងទាករ។ រដ្ឋបាលខេត្តតាកែវ បានរៀបរាប់ថា ចំពោះអ្នកជំងឺកូវីដ-១៩ ទាំងនោះ មាន នៅស្រុកត្រាំកក់ចំនួន១១នាក់, ស្រុកព្រៃកប្បាស១៣នាក់, ស្រុកបាទី៨នាក់,  ស្រុកសំរោង៤នាក់, ស្រុកដូនកែវ៣នាក់, ស្រុកអង្គរបូរី២នាក់, ស្រុកគិរីវង់២នាក់, ស្រុកទ្រាំង២នាក់ និងគងពិសីមានអ្នកជំងឺកូវីដ-១៩។

ក្នុងថ្ងៃជាមួយគ្នានេះ រដ្ឋបាលខេត្តតាកែវ ក៏បានប្រកាសថាមានស្ត្រីវ័យ៦៣មា្នក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ផងដែរ។ ស្ត្រីដែលបានស្លាប់ដោយសារកូវីដ-១៩នោះ មានអាសយដ្ឋានភូមិអង្គតាង៉ិល ឃុំគុស  ស្រុកត្រាំកក់។

កំពត៖ ឆ្លងថ្មី៦០នាក់ ដោយភាគច្រើនជាអ្នកស្រុកកំពង់ត្រាច
រដ្ឋបាលខេត្តកំពត បន្តរកឃើញមនុស្ស៦០នាក់ទៀត ឆ្លងកូវីដ-១៩ ដោយក្នុងនោះ មាន៣៨នាក់ ជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់ត្រាច។ ក្រៅនេះ មាននៅស្រុកដងទង់៩នាក់, ក្រុងកំពត៥នាក់ និងស្រុកកំពង់បាយម្នាក់។ ដោយឡែក អ្នកជំងឺកូវីដ-១៩ ចំនួន៧នាក់ទៀត ដែលរដ្ឋបាលខេត្តកំពតរកឃើញប្រចាំថ្ងៃទី១មិថុនានោះ គឺជាពលរដ្ឋធ្វើដំណើរមកពីខេត្តផ្សេងៗ។ ក្នុងនោះខេត្តតាកែវ មាន៣នាក់, បាត់ដំបងម្នាក់, ត្បូងឃ្មុំម្នាក់, កំពង់ចាមម្នាក់ និងខេត្តក្រចេះម្នាក់។   បច្ចុប្បន្នអ្នកជំងឺទាំងនេះ កំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលព្យាបាលវិទ្យាល័យព្រះបិតាជាតិ  និងមណ្ឌលព្យាបាល សុខ គីមម៉េង។


កំពង់ចាម៖ ករណីថ្មី៣៣នាក់ និងសះស្បើយ៣៧នាក់
ករណីថ្មីចំនួន៣៣ មាន១៩នាក់នៅស្រុកជើងព្រៃ ៩នាក់នៅស្រុកបាធាយ ៤នាក់នៅស្រុកកំពង់សៀម និង១នាក់នៅស្រុកព្រៃឈរ។ អ្នកទាំងនោះបានតេស្តឃើញវិជ្ជមានក្នុងចំណោមកម្មករ-កម្មការិនី និងអ្នកសង្ស័យជាង៣០០០នាក់។ ជាមួយគ្នានេះ អ្នកជំងឺ៣៧នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងពីកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ។

កែប៖ ៧ករណី ដោយ៦ករណីស្ថិតក្នុងស្រុកដំណាក់ចង្អើរ
តាមលទ្ធផលនៃការធ្វើតេស្តរហ័ស កែបរកឃើញ៧ករណីទៀត ដោយ៦ករណីស្ថិតនៅភូមិភ្នំលាវ ស្រុកដំណាក់ចង្អើរ និង១ករណីនៅភូមិកែវក្រសាំង ក្រុងកែប។ អាជ្ញាធរ បានអំពាវនាវដល់អ្នកមានប្រវត្តិធ្វើដំណើរពីតំបន់កាស៊ីណូ សុខ គឹមម៉េង ច្រកទ្វារទ្វេរភាគីតន់ហន់ ក្នុងភូមិសាស្ត្រព្រៃកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ស្ម័គ្រចិត្តទៅធ្វើតេស្ត។

ប៉ៃលិន៖ មាន៤២នាក់ ខណៈអាជ្ញាធរបិទខ្ទប់ផ្ទះមួយចំនួនក្នុងភូមិចំនួន៣ នៃឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ
 
រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញមនុស្ស៤២នាក់ វិជ្ជមានកូវីដ-១៩ ដែលជាករណីឆ្លងបន្តគ្នាបន្ទាប់ពីប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩កន្លងមក។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំងអស់នេះ មានកុមារចំនួន៤នាក់។ តាមរដ្ឋបាលខេត្ត មនុស្សចំនួន២៩នាក់ មានអាសយដ្ឋាននៅស្រុកសាលាក្រៅ , ១១នាក់រស់នៅក្រុងប៉ៃលិន, ១នាក់នៅស្រុកកំរៀង ខេត្តបាត់ដំបង និង១នាក់ទៀតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ 
 
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១ មិថុនា បានសម្រេចបិទខ្ទប់ផ្ទះមួយចំនួន ដែលស្ថិតក្នុងភូមិចំនួន៣បន្ថែមទៀត នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
 
ព្រៃវែង៖ រកឃើញ១៦នាក់ ភាគច្រើនជាកម្មកររោងចក្រ
 
រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញមនុស្ស ១៦នាក់ មានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស នៅថ្ងៃទី១ មិថុនា។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត អ្នកឆ្លងភាគច្រើនជាកម្មកររោងចក្រ និងជាអ្នកដែលធ្លាប់ប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ-១៩កន្លងមក។ ក្រៅពីនេះមានអ្នកដំណើរមកពីភ្នំពេញ និងប្រទេសថៃផងដែរ។ 
 
របាយការណ៍របស់រដ្ឋបាលខេត្ត បញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានសរុប មាន៦នាក់មានអាសយដ្ឋាននៅស្រុកពាមរក៍, ៣នាក់នៅស្រុកពាមជរ, ២នាក់ នៅស្រុកមេសាង, ខណៈស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀចមាន១នាក់រៀងខ្លួន។ អ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ទៀតជាពលរដ្ឋនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខេត្តព្រៃវែង មានអ្នកកើតកូវីដ-១៩ សុរប ៤៧៥នាក់ ក្នុងនោះសះស្បើយ ២០៥នាក់ ស្លាប់៥នាក់ និងអ្នកជំងឺ ២៦៥នាក់កំពុងបន្តព្យាបាល។ 
 
ករណីទូទាំងប្រទេស
កម្ពុជា​រកឃើញ​មនុស្ស ៧៥០នាក់​ទៀត វិជ្ជមាន​កូ​វីដ​-១៩ ខណៈ ៦៥៣នាក់​បានជា​សះស្បើយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២ មិថុនា ដែល​បាន​ឱ្យដឹងទៀតថា ក្នុងចំណោម​អ្នក​នាំចូល​ទាំង ៧៥០នាក់​នោះ មាន​៣៤​នាក់​ជា​ករណី​នាំចូល ខណៈ​អ្នក​ស្លាប់មាន ១០នាក់​ទៀត​។
 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប ៣១៤៦០​នាក់ ក្នុងនោះ​ករណី​នាំចូល​សរុប​មាន ៩៦៥នាក់​។ អ្នកជា​សះស្បើយ ២៤០៤២​នាក់ ខណៈ​អ្នកស្លាប់ កើន​ដល់ ២៣០​នាក់​៕
 

Tag:
 ប៉ៃលិន
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com