កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Arsenal ម្នាក់​នៅសិង្ហបុរី សារភាពថា បាន​ផ្ញើសារគំរាមសម្លាប់កីឡាករ Brighton
02, Jun 2021 , 8:29 pm        
រូបភាព
យុវជនសិង្ហបុរីម្នាក់ ដែលជាអ្នកគាំទ្រ Arsenal សារភាពថា បានផ្ញើសារគំរាមសម្លាប់កីឡាករ Neal Maupay របស់ក្លិប Brighton & Hove Albion រួមទាំងគ្រួសារកាលពីឆ្នាំមុន។ មូលហេតុ មកពីយុវជនរូបនេះ ខឹងនឹង Maupay ដែលបង្ករបួសទៅលើអ្នកចាំទី Bernd Leno អំឡុងការប្រកួតដែល Arsenal ចាញ់ Brighton ២-១ កាលពីឆ្នាំមុន។



យោងតាមការផ្សាយរបស់កាសែត CNA នៅថ្ងៃទី២ ខែមិថុនា ក្រោយការស៊ើបអង្កេត តុលាការសិង្ហបុរីបង្ហាញថា យុវជន Derek Ng De Ren អាយុ១៩ឆ្នាំ ពិតជាបានផ្ញើសារគំរាមសម្លាប់ទៅកាន់ Maupay ខ្សែប្រយុទ្ធក្រុម Brighton តាមរយៈបណ្តាញសង្គម Instagram មែន។
 
ការឈានដល់ការធ្វើបែបនេះ ក្រោយនិស្សិតមហាវិទ្យាល័យវ័យក្មេងរូបនេះ មើលការប្រកួតរវាងក្រុម Arsenal និងក្រុម Brighton នៅលើកញ្ចក់ទូរទស្សន៍នៅយប់ថ្ងៃទី២០ មិថុនា កាលពីឆ្នាំ ២០២០។
 
ផ្ញើសារគំរាមសម្លាប់ដល់ទៅ៤លើកទៅ Maupay ក៏ព្រោះ Ng De Ren អាក់អន់ចិត្ត ដោយសារអ្នកចាំទី Bernd Leno របស់ក្រុមកាំភ្លើងធំរងរបួសជង្គង់ធ្ងន់ធ្ងរ ដែលបង្កដោយកីឡាករអន្តរជាតិបារាំងរូបនេះ អំឡុងពេលប្រកួត Premier League។ កាលនោះ Arsenal ចាញ់ ២-១ និងជាការបរាជ័យជាបន្តបន្ទាប់ផង។
 
យុវជនសិង្ហបុរីវ័យ១៩ឆ្នាំ បានផ្ញើសារទៅ Maupay ដោយសរសេរថា៖ «អ្នកគិតថាអ្នកនឹងរត់រួចឬអត់ ក្រោយធ្វើបាប Leno? គ្មានផ្លូវគេចពីឋាននរកឡើយ…»។
 
Ng De Ren ដែលជាអ្នកគាំទ្រក្រុមអង់គ្លេស Arsenal ដ៏ងប់ងល់ម្នាក់ បានសារភាពកំហុសរបស់ខ្លួន បន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់ពីបទរំខាន និងយាយីអាយុជីវិតអ្នកដទៃ៕
 

Tag:
 Neal Maupay
  Derek Ng De Ren
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com