កីឡាអន្តរជាតិ
អន្តរជាតិ
AFC សម្រេចប្តូរកន្លែងប្រកួតជម្រុះ World Cup ពីចិនទៅអេមីរ៉ាតអារ៉ាប់រួម
02, Jun 2021 , 5:59 pm        
រូបភាព
ដោយ៖ជា យូគៀង

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រេចប្តូរទីតាំងការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ World Cup ២០២២ ពូល A ពីចិនទៅកាន់អេមីរ៉ាត់អារ៉ាប់រួមវិញដោយសារបញ្ហាកូវីដ-១៩។ 
ការប្រកួតវគ្គជម្រុះ World Cup ២០២២ ជើងទីពីរ សម្រាប់ការប្រកួតក្នុងពូល A ទើបចាប់ផ្តើមបានត្រឹមមួយប្រកួតប៉ុណ្ណោះរវាងចិន និងកោះហ្គាម។ ចំណែកការប្រកួតដែលនៅសល់ទាំងអស់សម្រាប់ពូល A ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងស៊ូចូវនោះ ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារតែរកឃើញជំងឺកូវីដ-១៩ លើកីឡាករស៊ីរី និងម៉ាល់ឌីវ ដែល ធ្វើឱ្យប្រទេសទាំងពីរមិនទាន់អាចហោះហើរទៅប្រកួតនៅចិនទាន់ពេលវេលា។


 
សហព័ន្ធបាល់ទាត់អាស៊ី AFC បញ្ជាក់ថា កាលវិភាគនៃការប្រកួតសម្រាប់ពូល A ត្រូវបានរៀបចំថ្មីរួចជាស្រេច ហើយការប្រកួតដែលនៅសល់ទាំងអស់នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Sharjah របស់អេមីរ៉ាត់អារ៉ាប់រួម។
 
«ទាំងនេះសុទ្ធសឹងតែជាពេលវេលាដែលមិនធ្លាប់មានពីមុនមកសម្រាប់មនុស្សគ្រប់គ្នាព្រមទាំងសហព័ន្ធ AFC។ ពិតជាអរគុណយ៉ាងខ្លាំងណាស់ដល់អេមីរ៉ាត់អារ៉ាប់រួមសម្រាប់ផ្តល់ទីតាំងក្នុងការប្រកួតសម្រាប់ពូល A ក្នុងតំបន់អាស៊ីមួយនោះ។ អគ្គលេខាធិការ AFC លោក Windsor John និយាយបែបនេះ មុនបញ្ជាក់ពីការទទួលខុសត្រូវ និងបំណងរបស់ AFC ក្នុងការធានាឲ្យបានសុវត្ថិភាព និង ជោគជ័យសម្រាប់ការប្រកួតជម្រុះនៅអាស៊ី។ លើសពីនោះ AFC ក៏ប្តេជ្ញាផ្ដល់ការការពារសុខភាពរបស់កីឡាករ និងអ្នកគាំទ្រទាំងអស់ផងដែរ។
 
ជាមួយការផ្លាសប្ដូរនេះ មិនត្រឹមតែពូល A ប៉ុណ្ណោះទេដែលត្រូវប្រកួតនៅអេមីរ៉ាត់អារ៉ាប់រួម។ អេមីរ៉ាត់អារ៉ាប់រួម ក៏ត្រូវទទួលបន្ទុកធ្វើម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះ World Cup ២០២២ ជើងទីពីរ ពូល G ដែលរួមមានវៀតណាម ម៉ាឡេស៊ី ថៃ និងឥណ្ឌូណេស៊ី៕
 

Tag:
 AFC
  World Cup Qualifier 2022
© រក្សាសិទ្ធិដោយ thmeythmey.com