ជាតិ
សង្គមជាតិ
៥ខែ សមត្ថកិច្ចរឹបអូសគ្រឿងញៀនជាង៨០០គីឡូក្រាម និងឃាត់ខ្លួនមនុស្សជាង៦០០០នាក់
03, Jun 2021 , 12:10 pm        
រូបភាព
រូបពីនគរបាលជាតិ
រូបពីនគរបាលជាតិ
ភ្នំពេញ៖ ៥ខែឆ្នាំ២០២១នេះ សមត្ថកិច្ច បានរឹបអូសសាធាតុញៀនគ្រប់ប្រភេទជាង៨០០គីឡូក្រាម។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀបានកត់សម្គាល់ឃើញថា បទល្មើសគឿងញៀន គឺមានមេខ្លោងនៅក្រៅប្រទេសនិងក្នុងប្រទេស ដោយពួកគេមានគោលដៅវេចខ្ចប់ ដឹកជញ្ជូន និងជួញដូរឆ្លងដែនទៅវៀតណាម។

 

 
របាយការណ៍ដែលសារព័ត៌មានថ្មីៗទទួលបានពីលោក ម៉ក់ ជីតូ បានបញ្ជាក់ថា សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង២៨០០ករណី និងឃាត់ខ្លួនមនុស្សជាង៦៣០០នាក់ ក្នុងនោះមានជនបរទេសជាង៣៦០នាក់។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានរឹបអូសសារធាតុគ្រឿងញៀនជាង៨០០គីឡូក្រាម។ 
 
ជុំវិញការបង្រ្កាបគ្រឿងនេះ លោក ម៉ក់ ជីតូ បានប្រាប់សារព័ត៌មានថ្មីៗតាម WhatsApp នៅថ្ងៃទី២មិថុនានេះថា កម្ពុជាមានគោលនយោបាយបើកចំហរ សម្រាប់ភ្ញៀវទេសចរនិងអ្នកវិនិយោគបរទេសចេញចូលច្រើន ដែលនាំឲ្យឧក្រិដ្ឋជនឆ្លៀតឱកាសបន្លំខ្លួនចូលមក។ បើតាមលោក ជីតូ ពួកឧក្រិដ្ឋជនទាំងនោះ មានបក្ខពួកនៅតំបន់ត្រីកោណមាស និងមេខ្លោងនៅកម្ពុជា រួមទាំងបណ្ដាញនៅវៀតណាម ថៃ ចិនតៃវ៉ាន់ ជប៉ុន និងអូស្ត្រាលីផងដែរ។ 
 
«ឧក្រិដ្ឋជនបរទេស ភាគច្រើនជាចិន(ដីគោក-តៃវ៉ាន់) វៀតណាម បានធ្វើសកម្មភាពកែច្នៃគ្រឿងញៀនបង្កើនបរិមាណដោយករណីថ្មីៗនេះ វាយកម៉េតំហ្វេតាមីនICE លាយជាមួយសារធាតុគីមីផ្សំ បង្កើតជា MDMA អិចស្តស៊ី»។ នេះបើតាមបញ្ជាក់របស់លោក ម៉ក់ ជីតូ ដោយបន្ថែមថា ទិសដៅរបស់ឧក្រឹដ្ឋជន គឺវេចខ្ចប់ ដឹកជញ្ជូនឆ្លងកាត់កម្ពុជា រួមទាំងជួញដូរឆ្លងដែនទៅវៀតណាមជាដើម។
 
រយៈពេលពេញមួយឆ្នាំ២០២០កន្លងទៅ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនជាង១ម៉ឺនករណី ឃាត់ខ្លួនជនសង្ស័យជាង២ម៉ឺននាក់ រួមទាំងរឹបអូសគ្រឿងញៀនបានជាង៣តោន៕
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com