COVID-19
ជាតិ
របាយការណ៍​កូវីដ-១៩ ពីតាមបណ្តាខេត្តក្នុងចំណោមករណីឆ្លងថ្មី៨៨៦នាក់
04, Jun 2021 , 5:48 pm        
រូបភាព
នៅថ្ងៃទី៣មិថុនា ខេត្តតាកែវ នៅតែបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ខ្ពស់ដោយចំនួនអ្នកឆ្លងមានដល់ទៅ ៧២នាក់ ភាគច្រើនជាកម្មកររោចក្រ។ ចំណែកខេត្តព្រៃវែង បានរកឃើញ ៣៨នាក់ទៀត ក៏ច្រើនតែជាកម្មកររោងចក្រដែរ។ ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ១៣នាក់ ស្ថិតក្នុងចំណោមអ្នកឆ្លងថ្មី ២៣នាក់ ដែលរកឃើញនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី៣ មិថុនា។

 
តាកែវ៖ រកឃើញ៧២នាក់ទៀត ភាគច្រើនជាកម្មកររោងចក្រ
 
រដ្ឋបាលខេត្តតាកែវ បន្តរកឃើញមនុស្ស ៧២នាក់បន្ថែមទៀត ឆ្លងកូវីដ-១៩ ដែលភាគច្រើនគឺជាកម្មកររោងចក្រ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៧២នាក់នេះ មានកុមារ ៥នាក់ ផងដែរ។ នេះបើយោងតាមលិខិតដែលស្នងការខេត្ត ជម្រាបទៅអភិបាលខេត្តតាកែវ។ តាមលិខិតដដែល មានអ្នកជំងឺ ៣៩នាក់ជាពលរដ្ឋរស់នៅស្រុកសំរោង,១០នាក់នៅស្រុកត្រាំកក់, ៨នាក់នៅស្រុកព្រៃកប្បាស, ៦នាក់នៅស្រុកដូនកែវ, ៣នាក់នៅស្រុកគិរីវង់, ៣នាក់នៅស្រុកបាទី, ២នាក់ នៅស្រុកអង្គរបូរី និង១នាក់នៅស្រុកទ្រាំង។
 
ព្រៃវែង៖ មាន៣៨នាក់ ភាគច្រើនជាកម្មកររោងចក្រ
 
រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញមនុស្ស ៣៨នាក់ មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣មិថុនា ដែលអ្នកឆ្លងភាគច្រើនជាកម្មកររោងចក្រ និងជាអ្នកដែលធ្លាប់ប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ-១៩កន្លងមក។  តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងចំណោម អ្នកវិជ្ជមានសរុប មាន ១៦នាក់នៅស្រុកព្រះស្តេច, ១៣នាក់ជាពលរដ្ឋស្រុកបាភ្នំ, ៧នាក់ នៅស្រុកមេសាង, ១នាក់នៅស្រុកកំពង់ត្របែក និង១នាក់ទៀតនៅក្រុងព្រៃវែង។ នៅខេត្តព្រៃវែង មានអ្នកកើតកូវីដ-១៩ សរុប ៥៦៨នាក់ ក្នុងនោះសះស្បើយ ២៣២នាក់ ស្លាប់៦នាក់ និងអ្នកជំងឺ ៣២០នាក់ កំពុងបន្តព្យាបាល។ 
 
បាត់ដំបង៖ មាន២៣នាក់ ក្នុងនោះ១៣នាក់ ទើបត្រឡប់មកពីប្រទេសថៃ
 
 មនុស្ស២៣ នាក់ទៀត វិជ្ជមានកូវីដ-១៩ ដោយក្នុងនោះមាន១៣នាក់ ជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ និង១០នាក់ទៀតជាអ្នកធ្លាប់ចូលកាស៊ីណូ, អ្នកម៉ាស្សា និងស្ត្រីមេផ្ទះ។ ក្រៅពីរកឃើញអ្នកឆ្លងថ្មី ក៏មានអ្នកជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង ១១នាក់បានជាសះស្បើយផងដែរ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង២៣នាក់ មាន១១នាក់ ជាពលរដ្ឋរស់នៅឃុំបឹងរាំង និងឃុំត្រាង ស្រុកកំរៀង។ ៧នាក់ទៀតជាពលរដ្ឋរស់នៅឃុំគារ ឃុំជ្រៃ និងឃុំរបស់មង្គល ស្រុកមោងឫស្សី , ៣នាក់នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក និង២នាក់ទៀត ជាពលរដ្ឋនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បច្ចុប្បន្នខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ-១៩សរុប ៣២៦នាក់ ក្នុងនោះ ១១៦នាក់សះស្បើយ និង២នាក់ស្លាប់ និង២០៨នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។
 
ពោធិ៍សាត់៖  មាន៤នាក់ទៀត ដោយ១នាក់មកពីភ្នំពេញ និង២នាក់មកពីព្រះសីហនុ
 
មនុស្ស៤នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣ មិថុនា ដោយ២នាក់ជាអ្នកមកពីខេត្តព្រះសីហនុ ,១នាក់ពីរាជធានីភ្នំពេញ និង១នាក់ទៀត ធ្លាប់ប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩ កន្លងមក។ ត្រឹមថ្ងៃទី៣ ខែមិថុនា ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន១៣០នាក់ ក្នុងនោះ៦៣នាក់ជាសះស្បើយ ១នាក់ស្លាប់ និង៦៦នាក់កំពុងបន្តព្យាបាល។
 
កំពង់ធំ៖ មាន៩នាក់ ដែល២នាក់មកពីថៃ 
 
រដ្ឋបាលខេត្តកំពង់ធំ បន្តរកឃើញ មនុស្ស៩នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣ ខែមិថុនា ក្នុងនោះមាន ២នាក់ជាអ្នកទើបត្រឡប់ពីរាជធានីភ្នំពេញ, ២នាក់ជាអ្នកត្រឡប់ពីប្រទេសថៃ ,៦នាក់ជាករណីឆ្លងក្នុងមូលដ្ឋាន និងម្នាក់ទៀតជាកម្មររោងចក្រនៅខេត្តកំពង់ចាម។  អ្នកវិជ្ជមាន ៤នាក់ ជាពលរដ្ឋរស់នៅស្រុកសន្ទុក, ៣នាក់នៅស្រុកស្ទោង ខណៈស្រុកបារាយណ៍ និងស្រុកតាំងគោក មាន១នាក់រៀងខ្លួន។ បច្ចុប្បន្ន ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ២៨២នាក់ ក្នុងនោះ១១៦នាក់ បានជាសះស្បើយ ខណៈ១៦៦នាក់ទៀត កំពុងសម្រាកព្យាបាល។


របាយការណ៍បន្ថែមពី​កំពង់ចាម កំពត​ និងបន្ទាយមានជ័យ

ករណីកូវីដ-១៩ នៅខេត្តកំពង់ចាម កំពត និងបន្ទាយមានជ័យ នៅតែមិនទាន់ថមថយចុះនៅឡើយ។ នៅថ្ងៃទី ៣ មិថុនា ខេត្តកំពង់ចាម បន្តរកឃើញអ្នកឆ្លងថ្មី ៤៨នាក់ ខណៈខេត្តកំពត រកឃើញ ៤៦នាក់បន្ថែមដែរ។ ចំណែកខេត្តបន្ទាយមានជ័យ ក៏មិនស្រាកស្រាន្តដោយតួលេខឆ្លងថ្មី នៅថ្ងៃទី៣មិថុនា មាន ៣៩នាក់។ ទោះយ៉ាងណា អ្នកជំងឺ ២១៦នាក់នៅក្នុងខេត្តនេះ បានជាសះស្បើយ។

កំពង់ចាម៖ មាន៤៨នាក់បន្ថែម ខណៈអ្នកជាសះស្បើយមាន ៨១នាក់
 
ខេត្តកំពង់ចាម បន្តរកឃើញមនុស្សចំនួន៤៨នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣ មិថុនា ខណៈអ្នកជំងឺចំនួន ៨១នាក់ បានជាសះស្បើយ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត អ្នកឆ្លងថ្មី គឺបានប៉ះពាល់នឹងអ្នកវិជ្ជមានកន្លងមក ដែលក្នុងនោះមាន ២២នាក់ រស់នៅស្រុកព្រៃឈរ, ២៣នាក់ស្រុកជើងព្រៃ, ២នាក់នៅស្រុកចំការលើ និង១នាក់នៅស្រុកបាធាយ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺក៏កាចសាហាវនៅក្នុងសហគមន៍ នៅថ្ងៃទី៤ មិថុនានេះ រដ្ឋបាលខេត្ត បានសម្រេចបិទខ្ទប់មន្ទីរសម្ពព អ៊ុក វ៉ារ៉ង់ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមានពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៦មិថុនា។

កំពត៖ មាន៤៦នាក់ទៀត ភាគច្រើនជាកសិករ

ខេត្ដកំពត រកឃើញមនុស្ស ៤៦ នាក់ទៀត វិជ្ជមានកូវីដ-១៩ ដែលភាគច្រើនជាកសិករ។  តាមរដ្ឋបាលខេត្តកំពត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះ មាន៣១នាក់ ជាពលរដ្ឋនៅស្រុកកំពង់ត្រាច, ២នាក់នៅស្រុកអង្គរជ័យ, ១នាក់នៅស្រុកបន្ទាយមាស, ៣នាក់នៅស្រុកទឹកឈូ, ១នាក់នៅស្រុកដងទង់ នៃខេត្តតាកែវ។

ពលរដ្ឋមួយចំនួនដែលមានអាយដ្ឋានៅខេត្តផ្សេង ក៏ត្រូវបានរកឃើញថាបានឆ្លងកូវីដ-១៩ នៅក្នុងខេត្តកំពតដែរ ដែលមាន ២នាក់ជាពលរដ្ឋនៅ ស្រុកគិរីវង់ ខេត្តតាកែវ, ២នាក់នៅស្រុកថ្មគោល ខេត្តបាត់ដំបង, ១នាក់នៅខេត្តត្បូងឃ្មុំ, ១នាក់នៅខេត្តកំពង់ចាម,១នាក់នៅខេត្តក្រចេះ និង១នាក់ទៀត នៅរាជធានីភ្នំពេញ។ ផ្តើមចេញការឆ្លងនៅកាស៊ីណូមួយកន្លែងនៅច្រកទេ្វភាគីតន់ហន់ ដែលស្ថិតក្នុងស្រុកកំពង់ត្រាច  ខេត្តកំពតបានរកឃើញអ្នកឆ្លងសរុប ៣១២នាក់ នៅចន្លោះថ្ងៃទី២៩ ឧសភា ដល់ថ្ងៃទី៣មិថុនានេះ។

បន្ទាយមានជ័យ៖ ជាសះស្បើយ ២១៦នាក់ ខណៈអ្នកឆ្លងថ្មីមាន ៣៩នាក់

អ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តបន្ទាយមានជ័យ ដល់ទៅ២១៦នាក់ បានជាសះស្បើយ
កាលពីថ្ងៃទី៣ ខែមិថុនា ខណៈអ្នកវិជ្ជមានថ្មីមានចំនួន ៣៩នាក់។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣៩នាក់នេះ មានកម្មកររោងចក្រ សហគ្រា បុគ្គលិកកាស៊ីណូ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

ពលរដ្ឋ ២២នាក់ មានទីលំនៅ ក្នុងក្រុងប៉ោយប៉ែត, ៥នាក់ នៅស្រុកសិរីសោភ័ណ, ២នាក់នៅស្រុកថ្មពួក, ៤នាក់នៅស្រុកមង្គលបូរី, ២នាក់នៅស្រុកម៉ាឡៃ, ២នាក់នៅស្រុកព្រះនេត្រព្រះ និង១នាក់នៅស្រុកស្វាយចេក និង១នាក់នៅស្រុកភ្នំស្រុក។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៣៣ ០៧៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ២៥ ៥៤៤ នាក់ ខណៈអ្នកស្លាប់ កើនដល់ ២៤២នាក់៕

Tag:
 តាកែវ
 បាត់ដំបង
  ព្រៃវែង
 កំពង់ធំ
 ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com