ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ យោធា​ដែល​ប្រើ​កាំភ្លើង​បាញ់​ពលរដ្ឋ​នៅ​ជម្លោះដីធ្លី​ខេត្តកណ្ដាល នឹងរង​ពិន័យ​តាមច្បាប់​
04, Jun 2021 , 6:15 pm        
រូបភាព
ជម្លោះរវាងកម្លាំងយោធានិងពលរដ្ឋនៅខេត្តកណ្ដាល។ (រូបពី លីកាដូ)
ជម្លោះរវាងកម្លាំងយោធានិងពលរដ្ឋនៅខេត្តកណ្ដាល។ (រូបពី លីកាដូ)
​ភ្នំពេញ​៖ លោក ថោង សូលី​ម៉ូ អ្នកនាំពាក្យ​ក្រសួងការពារជាតិ អះអាងថា យោធា​ដែល​ប្រើ​កាំភ្លើង​បាញ់​ពលរដ្ឋ​ក្នុង​ជម្លោះដីធ្លី​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល នឹង​ទ​ទូល​រង​ពិន័យ​តាមច្បាប់​។ តំណាង​ពលរដ្ឋ​នៅ​តំបន់​ជម្លោះ​នោះ​ថា ពួកគេ​រង់ចាំ​ដំណោះស្រាយ​ជា​យូរ​មកហើយ ចាប់តាំងពី​រដ្ឋាភិបាល​សម្រេចយក​ដី​របស់​ពួកគេ ប៉ុន្តែ​ពុំ​ឃើញ​មាន​ដំណោះស្រាយ​ឡើយ​។


​ជា​ពលរដ្ឋ​នៅ​ភូមិ​អង្គ​ស្រែ​ពោធិ៍ ឃុំ​ទួល​ពេជ្រ ស្រុក​អង្គស្នួល ខេត្តកណ្ដាល លោក​ផាត់ សុវណ្ណ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៤​មិថុនា​ថា ដំបូង​ឡើយ កម្លាំងយោធា​បាន​បាញ់​គ្រាប់កាំភ្លើង​ទៅលើ ហើយ​បាញ់​ខ្ទប់​ដី ប៉ុន្តែ​នៅពេល​ពលរដ្ឋ​តវ៉ា​កាន់តែខ្លាំង ហើយ​នាំគ្នា​រត់​និង​កាន់ដំបង​ដើម្បី​ការពារ​ខ្លួន ស្រាប់តែ​មានការ​បាញ់រះ បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រងរបួស​តែម្ដង​។ 
 
​តែ​យ៉ាងណា​លោក ថោង សូលី​ម៉ូ អះអាងថា ក្នុងពេល​ប៉ះទង្គិច​គ្នា​ជាមួយ​ពលរដ្ឋ​នោះ កងកម្លាំង​យោធា បាន​បាញ់​ខ្ទប់​ដី និង​ឡើងលើ ដើម្បី​គំរាម​ប៉ុណ្ណោះ ប៉ុន្តែ​ជា​អកុសល​គ្រាប់កាំភ្លើង​នោះ បាន​ផ្លាត​ទៅ​ចំ​ត្រូវ​ពលរដ្ឋ​។ «​កម្លាំង​ពលរដ្ឋ​មាន​ដំបង ដប​សាំង កាំបិត ពូថៅ​អ៊ីចឹង ហើយក៏​បាន​គប់​ដប​សាំង​ទៅ​បំផ្លាញ​គ្រឿងចក្រ​។ ហើយ​ខាង​កងទ័ព​ក៏បាន​ឡើងលើ​និង​ខ្ទប់​ដី ប៉ុន្តែ​ជា​រឿង​អកុសល សោកស្ដាយ​(​បាញ់​ត​ត្រូវ​ពលរដ្ឋ​)​។ ព្រោះ​ការបាញ់​នេះ គឺ​បាញ់​ស​ម្ងែ​ង​ពលរដ្ឋ​កុំ​ឲ្យ​ចូលទៅ​បំផ្លាញ​គ្រឿងចក្រ និង​ការពារ​ខ្លួន​ទេ មិនមែន​បញ្ជា​ថ្នាក់លើ​ណា​ឲ្យ​បាញ់​ឡើយ​...​ខាង​កងទ័ព​យើ​ញ នឹងមាន​ចំណាត់ការ​និង​ពិន័យ​តាម​កងទ័ព​(​លើ​អ្នក​ប្រើ​អាវុធ​បាញ់​លើ​ពលរដ្ឋ​)»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សូលី​ម៉ូ ដោយ​បន្ថែមថា ការដាក់ពិន័យ​កម្រិត​ណា ខាង​លោក​មិនទាន់​ដឹង​នោះទេ គឺ​រង់ចាំ​ការស្រាវជ្រាវ​បន្ថែមទៀត​លើ​ករណីនេះ​។​
 
​លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក (ADHOC) យល់ថា កម្លាំងយោធា​មិនគួរ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ រហូត​មាន​របួសស្នាម​បែបនេះ​ឡើយ​។ លោក​ថា អាជ្ញាធរ ត្រូវតែ​រក​ជនដៃដល់​ដែល​បាញ់​ពលរដ្ឋ​ជម្លោះដីធ្លី​នេះ មក​ដោះស្រាយ​តាមច្បាប់ ។ 
 
«​ករណីនេះ យើង​ខ្លាច​កើតមាន​ជា​បន្តបន្ទាប់ ប្រសិន​អាជ្ញាធរ​ដោះស្រាយ​មិនបាន​ល្អ​ឬ​មិន​ស្របតាម​ច្បាប់​។ ព្រោះ​ប្រទេស​យើង​មានច្បាប់ ហើយ​ការ​និយាយថា ការពារ​គ្រឿងចក្រ​ទើប​បាញ់​សម្ញែង​និង​បាញ់​លើ​ពលរដ្ឋ​នោះ មិន​សមស្រប​នោះទេ​។ ព្រោះ​ដី​ស្ថិតក្នុង​ជម្លោះ​នៅឡើយ ដូច្នេះ ពលរដ្ឋ​ក៏មាន​មូលហេតុ​ក្នុង​ការពារ​ដី​របស់ខ្លួន​ដែរ​។ វិវាទ​ដី​ដោះស្រាយ​មិនទាន់​ចប់ មិនអាច​កំណត់​ដី​ថា​ជា​របស់​អ្នកណា​បាន​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ឹង សែន​ករុណា ដោយ​សង្កត់ធ្ងន់ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឬ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី គួរតែ​ចុះ​ស្រាវជ្រាវ ដើម្បី​ដោះស្រាយ​ទំនាស់​នេះ​។​
 
​ជុំវិញ​ករណីនេះ​លោក ផាត់ សុវណ្ណ អះអាងថា ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​គួរតែមាន​ដំណោះស្រាយ​សមរម្យ​សម្រាប់​ពួកគេ​។ ពលរដ្ឋ​រូបនេះ បាន​អះអាងថា​៖ «​ចាប់តាំងពី​រដ្ឋាភិបាល​សម្រេច​កាត់​ដី​តំបន់​ចម្ការ​បារាំង​នេះ​យក ពលរដ្ឋ​ដែល​រងគ្រោះ​មិនទាន់​ទទួលបាន​សំណង​និង​ដំណោះស្រាយ​ទេ​។ គ្មាន​ដំណោះស្រាយ​ផង ហេតុ​ចង់បាន​ដី​ពួក​ខ្ញុំ​»​។​
 
​អ្នកនាំពាក្យ​រូបនេះ ក៏​ទទួលស្គាល​ដែរ​ថា ដីធ្លី​នៅ​តំបន់​ចម្ការ​បារាំង​ប្រមាណ​២៨០​ហិកតា គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ដី​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល​លើដី​នោះ ជាច្រើន​ឆ្នាំ​ហើយ​ផង​។ ប៉ុន្តែ​បញ្ហា​នេះ លោក ថោង សូលី​ម៉ូ ពន្យល់ថា កងកម្លាំង មិនបាន​ទៅ​បំពាន​ដី​ពលរដ្ឋ​ឡើយ ព្រោះ​ដី​នោះ ជា​ដី​ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ខាង​យោធា​។ ចំណែក​ការយក​គ្រឿងចក្រ​ទៅ​កាយ​ព្រំដី​នេះ គឺមាន​ការបញ្ជា​ពី​ថ្នាក់លើ ហើយ​ក៏បាន​ជូនដំណឹង​ទៅ​អាជ្ញាធរខេត្ត​ផងដែរ​។ 
 
​លោក​អះអាងថា​៖ «​យើង​យក​គ្រឿងចក្រ​ទៅ​កាយ​ដី ដើម្បី​ដឹង​ពី​ព្រំប្រទល់​ដី​ត្រឹម​ចំណុច​ណា​របស់​កងកម្លាំង​យើង​គ្រប់គ្រង​។ កន្លងមក យើង​ក៏បាន​ចុះ​ទាក់ទង​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ​ដែរ ប៉ុន្តែ​ពួកគាត់​មិនសូវ​ខ្វល់​និង​សហកា​ជាមួយ ហើយ​ពលរដ្ឋ​ក៏​មិនសូវ​យល់​ទៀត​។ អ៊ីចឹង​បាន​យើង​យក​គ្រឿងចក្រ​ចុះទៅ​កាយ បើ​យើង​មិន​ទៅ​កាយ​ព្រំ យើង​ក៏​មិនដឹងថា​ពលរដ្ឋ​ណាខ្លះ​ពាក់​ពន្ធ​ដែរ​»​។ 
 
​កាលពី​ថ្ងៃ​៣ មិថុនា រដ្ឋបាល​ខេត្តកណ្ដាល បានចេញ​លិខិត​មួយ​ថា ដីធ្លី​ទាំងនេះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ទោះបីជា​ប្រជាពលរដ្ឋ​មួយចំនួន បាន​អះអាងថា ពួកគាត់​បានធ្វើ​ការដាំ​ដុះ​លើដី​នោះ តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ​ក៏ដោយ​។ 
 
​សេចក្ដីជូនដំណឹង​នេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ដីចម្ការ​បារាំង​ជា​ដី​រដ្ឋ ដែល​រាជរដ្ឋាភិបាល​គ្រោង​រៀបចំ មួយផ្នែក​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​វិស័យ​ការពារជាតិ និង​មួយផ្នែក​ទៀត ប្រើប្រាស់​សម្រាប់​វិស័យ​បរិស្ថាន ជាទី​តាំង​សម្រាប់​ទុកដាក់​សំរាម និង​សំណង់​រឹង​ចុងក្រោយ​កម្រិត​តំបន់​»​។  
 
​វិវាទ​ដីធ្លី​នេះ​ពាក់ព័ន្ធ​នឹង​ទំហំ​ដី​ជាង​១៥០ ហិកតា ដែល​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ ក្នុងភូមិ​យ៉ាងតិច ៧ បានធ្វើ​ការដាំដុះ​ជាច្រើន​ឆ្នាំ​មកហើយ​។ នេះ​បើតាម​អង្គការ​លីកាដូ​៕ 

Tag:
 សង្គម​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com