ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្មរៀបចំបែបផែនទប់ស្កាត់ការលួចនាំចូលត្រី និងផលិតផលជលផលតាមច្រករបៀង
04, Jun 2021 , 7:59 pm        
រូបភាព
មន្ត្រីជំនាញ របស់ក្រសួងកសិកម្ម ប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពី វិធាននៃការដឹកជញ្ជូនផល ផលិតផលជលផល កាលពីថ្ងៃទី២មិថុនា ឆ្នាំ២០២១។ រូបថត៖ ហ្វេសប៊ុក លោក ហាស់ សារ៉េត
មន្ត្រីជំនាញ របស់ក្រសួងកសិកម្ម ប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពី វិធាននៃការដឹកជញ្ជូនផល ផលិតផលជលផល កាលពីថ្ងៃទី២មិថុនា ឆ្នាំ២០២១។ រូបថត៖ ហ្វេសប៊ុក លោក ហាស់ សារ៉េត
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងរៀបចំសេចក្តីប្រកាសស្តីពី«វិធាននៃការដឹកជញ្ជូនផល ផលិតផលជលផល» ដើម្បីរឹតបន្តឹងការនាំចូលត្រីពីប្រទេសវៀតណាម។ លោក ពុំ សុថា ប្រធានរដ្ឋបាលជលផលបានបញ្ជាក់ថា សេចក្តីប្រកាសនេះ គឺធ្វើឡើងសម្រាប់ដាក់បន្ទុកបន្ថែមដល់ឈ្មួញដែលនាំចូលផលិតផលជលផល ជាពិសេសនាំចូលត្រីពីបរទេស តាមរយៈយុទ្ធនាការច្បាប់ និងលក្ខខណ្ឌបច្ចេកទេស។

 
វិធានការបន្តឹងផ្នែកច្បាប់ និងបច្ចេកទេសដែលមាននៅក្នុងសេចក្តីប្រកាសស្តីពីវិធាននៃការដឹកជញ្ជូនផល ផលិតផលជលផល គឺអនុវត្តទន្ទឹមគ្នា ដោយឆ្លុះបញ្ចាំងអំពីគុណភាព, ពីបរិមាណត្រី ឬផលិតផលជលផលនានាដែលឈ្មួញនាំចូល ដោយធ្វើយ៉ាងណាឱ្យស្របទៅតាមលិខិតអនុញ្ញាតរបស់អាជ្ញាធរ។ បើតាមលោក ពុំ សុថា យុទ្ធនាការរបស់ប្រកាសនេះ  ក៏ឆ្លុះបញ្ចាំងអំពីការបង់ពន្ធនាំចូលត្រីរបស់ឈ្មួញឱ្យបាន១០០ភាគរយ ដោយធានាមិនឱ្យមានករណីលួចនាំចូលត្រី ឬផលិតផលជលផលមកកម្ពុជា នៅតាមច្រករបៀងណាមួយឡើយ។
 
 
«ប្រកាសនេះយើងរៀបចំឡើង គ្រាន់ដើម្បីឱ្យអាជ្ញាធរមូលដ្ឋាននៅតាមច្រកព្រំដែននីមួយៗ កាន់តែងាយស្រួលអនុវត្តប៉ុណ្ណោះ។ បើតាមជាក់ស្តែង គ្រប់ភាគីពាកព័ន្ធទាំងអស់ [ទាំងគយ ទាំងកាន់កុងត្រូល]  គឺបានអនុវត្តផ្នែកច្បាប់ និងបច្ចេកទេស នៃការនាំចូលត្រីហ្នឹងតាំងពីអំឡុងខែមីនា មកម្លេះ»។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey នារសៀលថ្ងៃទី៣មិថុនា លោក ពុំ សុថា បាននិយាយយ៉ាងដូច្នេះ។
 
ប្រធានរដ្ឋបាលជលផលរូបនេះ បានអះអាងថា  បន្ទាប់ពីមានកិច្ចប្រជុំអន្តរក្រសួង រវាងក្រសួងកសិកម្ម, ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះបញ្ហាប្រឈមទីផ្សារត្រីក្នុងវិស័យវារីវប្បកម្មនៅកម្ពុជាកាលពីថ្ងៃទី២២មីនា ឆ្នាំ២០២១មក ក្រសួងកសិកម្ម បានបិទទាំងស្រុងនូវការនាំចូលត្រីប្រា ត្រីពោ និងឆ្តោ ពីប្រទេសវៀតណាម។ ដោយឡែក ឈ្មួញដែលនាំត្រីប្រភេទផ្សេងៗដូចជា៖ ត្រីក្រាញ់ ត្រីរស់ ត្រីទីឡាបយ៉ា ឬផលិតផលផ្សេងៗ គឺត្រូវបង់ពន្ធគយ១០០ភាគរយជាកំហិត។
 
ការបិទនាំចូលត្រីប្រា ត្រីឆ្តោ និងត្រីពោ ពីវៀតណាម ព្រមទាំងបន្តឹងផ្នែកច្បាប់និងបច្ចេកទេស ចំពោះការនាំចូលនូវប្រភេទដទៃទៀតនោះ បានធ្វើឱ្យឈ្មួញមួយចំនួនធំពិសេសឈ្មួញតូចៗ នាំគ្នាទិញឬចាប់ត្រីពីស្រះរបស់កសិករក្នុងស្រុកនៅតាមតំបន់នានា ជាមធ្យម១០០តោនក្នុងមួយថ្ងៃ។ នេះជាការលើកឡើងរបស់លោក ពុំ សុថា ដោយបានបន្ថែមដូច្នេះ៖« ក្រៅពីត្រីប្រា ត្រីឆ្តោ និងត្រីពោ! បច្ចុប្បន្នយើងចូលនាំត្រីផ្សេងៗពីវៀតណាមជាមធ្យម១០០តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការក្នុងស្រុករបស់ពលរដ្ឋ»។ 
 


លោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃ ក្រសួងកសិកម្ម។ 

ពាក់ព័ន្ធនឹងត្រីប្រា ត្រីឆ្តោ និងត្រីពោ របស់វារីវប្បករក្នុងស្រុកប្រមាណ១ម៉ឺនតោនដែលកំពុងកកស្ទះពេញនោះ ក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធផ្សេងៗទៀតកំពុងរួមគ្នា ដោះស្រោយជំហានៗ ដោយមិនអាចចាប់បង្ខំឱ្យឈ្មួញនីមួយៗសម្រុងទិញត្រីទាំងនោះឱ្យអស់ក្នុងរយៈពេលខ្លីណាមួយ។ ក្រសួង និងខាងវារីវប្បករកម្ពុជា បានលើកឡើងនូវហេតុផលដូចគ្នាថា បញ្ហានៃវិបត្តិកូវីដ-១៩ ពិសេសការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ ធ្វើឱ្យតម្រូវការសាច់ត្រីប្រា ត្រីឆ្តោ និងត្រីពោ នៅលើទីផ្សារធ្លាក់ចុះខ្លាំង ព្រោះតែពិធីមង្គលការ បុណ្យទាននានា អាហារដ្ឋាន និងភោជនីយដ្ឋាននៅតាមកន្លែងកម្សាន្ត ត្រូវបានបិទ។ 
 
សេចក្តីព្រាងប្រកាសស្តីពី«វិធាននៃការដឹកជញ្ជូនផល ផលិតផលជលផល» នឹងដាក់ឆ្លងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី៧មិថុនា ឆ្នាំ២០២១។ នេះបើតាមលោក ពុំ សុថា ដោយបានបន្តថា នៅពេលប្រកាសនេះដាក់អនុវត្តជាផ្លូវការនឹងជួយសម្រួលដល់ការកកស្ទះត្រីរបស់វារីវប្បករបានមួយកម្រិតទៀត ខណៈមន្ត្រីជំនាញពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច កំពុងស្វែងរកដៃគូកែច្នៃផលិតផលជលផល និងដៃគូវិនិយោគផ្សេងៗឱ្យវារីវប្បករ៕
 

Tag:
 កសិកម្ម
  ត្រី
  វារីវប្បករ
© រក្សាសិទ្ធិដោយ thmeythmey.com