COVID-19
អន្តរជាតិ
វៀតណាម អនុញ្ញាតឱ្យប្រើវ៉ាក់សាំងកូវីដ-១៩ របសក្រុមហ៊ុនចិន Sinopharm
04, Jun 2021 , 8:29 pm        
រូបភាព
វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm។ រូបភាព៖ Reuters
វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm។ រូបភាព៖ Reuters
វៀតណាម នៅថ្ងៃទី៤ ខែមិថុនា បានប្រកាសការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងស្វះស្វែងរកវ៉ាក់សាំងចាក់ឱ្យបានគ្រាប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួន។

 
ក្រសួងសុខាភិបាលវៀតណាម បានអនុម័តវ៉ាក់សាំងប្រភេទ Vero Cell ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Sinopharm ដែលផលិតនៅទីក្រុងប៉េកាំង។ នេះគឺជាវ៉ាក់សាំងទី៣ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់នៅវៀតណាម បន្ទាប់ពី វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងរុស្ស៊ី Sputnik V។ 
 
ការអនុម័តវ៉ាក់សាំងក្រុមហ៊ុន Sinopharm បែបនេះ ធ្វើឡើងស្របពេលវៀតណាម កំពុងស្វះស្វែងរកដៃគូផ្គត់ផ្គង់វ៉ាក់សាំងឱ្យខ្លួនយ៉ាងខ្លាំង ដើម្បីសម្រេចគោលដៅចាក់វ៉ាក់សាំង។ រដ្ឋមន្រ្តីសុខាភិបាល លោក Nguyen Thanh Long នៅថ្ងៃទី២ ខែមេសា កន្លងទៅ បានអះអាងថា វៀតណាមជិតសម្រេចគោលដៅរបស់ខ្លួនហើយ ក្នុងការទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យបានចំនួន ១៥០លានដូស សម្រាប់ចាក់ឱ្យប្រជាជនចំនួន ៧៥ភាគរយ នៃប្រជាជនសរុប ៩៨លាននាក់។ 
 
វ៉ាក់សាំងចំនួន ១៥០លានដូសនេះ ត្រូវបានក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា មានតម្លៃប្រមាណ ១ពាន់លានដុល្លារ។ 
 
មកទល់ពេលនេះ វៀតណាមបានទទួលវ៉ាក់សាំងចំនួន ២,៩លានដូសរួចហើយ ដែលភាគច្រើនជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca។ ប្រជាជនវៀតណាមច្រើនជាង ១,១លាននាក់ បានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
សូមបញ្ជាក់ថា វៀតណាម មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៨១៤៣ករណី និងអ្នកស្លាប់មានចំនួន ៤៩នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ជាង ៣ពាន់នាក់៕ 
 

Tag:
 វៀតណាម
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com