ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
សាស្រ្តាចារ្យជនជាតិអាមេរិក Robert ទៅកាន់និស្សិតខ្មែរ៖«ពូកែទំនាក់ទំនង និងសរសេរនាំឲ្យជោគជ័យ»
06, Jun 2021 , 2:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ភ្នំពេញ៖ ការសិក្សា គឺជាសកម្មភាពមួយដែលគួរតែធ្វើឡើងអស់មួយជីវិត។ វាគឺជាសកម្មភាពមួយដែលទាមទារឲ្យមនុស្សនានាចេះសម្របជាមួយនឹងការផ្លាស់ប្តូរដែលកើតមានឡើងនៅក្នុងសង្គម និងធម្មជាតិ។ ដោយមិនគិតអំពីអាយុ ការសិក្សាមិនមែនគ្រាន់តែមានផលប្រយោជន៍បង្កើនសមត្ថភាពខួរក្បាលប៉ុណ្ណោះទេ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយឲ្យខ្លួនប្រាណរបស់យើងមានសុខភាពល្អផងដែរ។ លោក រ៉ូបឺត (Robert) ដែលជាសាស្រ្តាចារ្យនៃសកលវិទ្យាល័យផារ៉ាហ្គនអន្តរជាតិតាំងពីឆ្នាំ២០១២ បានចែករំលែកទិដ្ឋភាពមួយចំនួននៅក្នុងប្រធានបទមួយដែលបរិយាយអំពីសារប្រយោជន៍ក្នុងការសិក្សាពេញមួយជីវិត។ សាស្រ្តចារ្យជនជាតិអាមេរិកមួយរូបនេះបានបញ្ចប់អនុបណ្ឌិតរបស់លោកផ្នែកវិចិត្រសិល្បៈពីសកលវិទ្យាល័យវីឈីតា នៃរដ្ឋកាន់សាស់ សហរដ្ឋអាមេរិក។



ដើម្បីជ្រាបព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញអានបទសម្ភាសរវាងលោក គី ចំណា អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) និងលោក រ៉ូបឺត ដូចតទៅ៖ 

លោក គី ចំណា៖ បើតាមតែខ្ញុំដឹង លោកសាស្រ្តាចារ្យបានបង្រៀនសិស្សប្រមាណជា១ម៉ឺន៤ពាន់នាក់មកហើយ។ តើលោកអាចរៀបរាប់បន្តិចបានទេ ថាតើហេតុអ្វីបានជាតួរលេខនេះអាចកើនឡើងបានយ៉ាងធំដូច្នេះ? ជាមួយនឹងគ្នានេះដែរ តើលោកសាស្រ្តាចារ្យបានបង្រៀនសិស្សមកពីប្រទេសណាខ្លះ?
 
លោក រ៉ូបឺត៖ និយាយជារួម ខ្ញុំសរុបតួរលេខនេះឡើងក្នុងរយៈពេលប្រមាណជាជាង២០ឆ្នាំនៃការបង្រៀនរបស់ខ្ញុំ។ ដើម្បីឲ្យកាន់តែច្បាស់ ខ្ញុំនឹងធ្វើការទុះទាយឲ្យស្តាប់។ នៅពេលដែលខ្ញុំកំពុងតែរៀននៅឯសកលវិទ្យាល័យ ខ្ញុំធ្លាប់មានតួរនាទីជាគ្រូបង្រៀនអង់គ្លេសទៅកាន់សិស្សឆ្នាំទី១។ ខ្ញុំបានបង្រៀនទាំងក្នុងឆមាស និងពេលសម្រាកពីការសិក្សានារដូវក្តៅ។ យើងអាចកំណត់ឲ្យងាយចុះថាមានសិស្សប្រមាណជា៣០នាក់ក្នុងថ្នាក់នីមួយៗ។ មុននឹងខ្ញុំបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ ខ្ញុំបានបង្រៀនសិស្សប្រមាណជាជាង៥០០នាក់រួចទៅហើយ។ បន្ទាប់មក ខ្ញុំបានទៅបង្រៀនពេញម៉ោងនៅឯសកលវិទ្យាល័យប្រចាំឯរដ្ឋអស់រយៈពេលប្រមាណជា១៨ឆ្នាំទៀត។ ក្នុងពេលនោះ ខ្ញុំបានបង្រៀនសិស្សប្រមាណជា១ម៉ឺននាក់បន្ថែម។ លើសពីនេះទៅទៀត ខ្ញុំក៏បានបង្រៀនភាសាអង់គ្លេសនៅតាមវិទ្យាល័យផ្សេងៗផងដែរ។ ហេតុដូចនេះ អ្នកបានយល់បានហើយថាមូលហេតុអ្វីបានជាតួរលេខនេះមានទំហំធំ។ មែនទែនទៅ ខ្ញុំមិនអាចចាំឲ្យច្បាស់ថាខ្ញុំបានបង្រៀនសិស្សប៉ុន្មានសញ្ជាតិនោះទេ។ តែខ្ញុំអាចនៅចាំបានថា ខ្ញុំបានបង្រៀនសិស្សមកពីទ្វីបអាហ្រ្វិក ប្រទេសកាណាដា ទ្វីបអឺរ៉ុប និងសិស្សផ្សេងៗទៀតដែលមកពីពាសពេញទ្វីបអាស៊ី។ 
 
លោក គី ចំណា៖ ចំពោះសិស្សដែលលោកធ្លាប់បានបង្រៀន តើលោកគិតថាជនជាតិអ្វីដែលមានការតាំងចិត្តខ្ពស់ និងមានភាពវ័យឆ្លាតខ្លាំងជាងគេ ជាពិសេសនៅក្នុងការសិក្សា?
 
លោក រ៉ូបឺត៖ យើងអាចចាប់ផ្តើមនិយាយអំពីសហរដ្ឋអាមេរិកតែម្តងទៅ។ បើទោះបីជាខ្ញុំខកខានត្រឡប់ទៅវិញប្រមាណជា១០ឆ្នាំមកហើយក្តី ខ្ញុំក៏នៅតែគិតថាវាដូចជាមិនសូវមានអ្វីផ្លាស់ប្តូរខ្លាំងពេកនោះទេ។ នៅសហរដ្ឋអាមេរិក ជាទូទៅ សិស្សជនជាតិចិន គឺជាសិស្សដែលឆ្នើមនៅទីនោះ។ វាមានហេតុផលរបស់វា។ ឪពុកម្តាយ ឬយាយតារបស់ពួកគេបានធ្វើចំណាកស្រុកពីប្រទេសកំណើតមករស់នៅ និងបង្កើតជីវភាពថ្មីនៅក្នុងសហរដ្ឋអាមេរិក។ កូនជនជាតិចិនទាំងនោះត្រូវបានឪពុកម្តាយរបស់ពួកគេប្រាប់ថា៖«ឯងមកទីនេះគឺដើម្បីរៀន និងជួយលើកតម្កើងជីវភាពរបស់គ្រួសារ។ យើងធ្វើដំណើរមកទីនេះ គឺដើម្បីបង្កើតជីវិតថ្មី ហេតុដូច្នេះពួកឯងមិនត្រូវលេងសើចទេ»។ កូនជនជាតិចិនទាំងនោះពិតជាធ្វើតាមហ្នឹងមែន។ នៅពេលដែលក្មេងជនជាតិដទៃៗកំពុងតែដើរលេងកម្សាន្តនាពេលចុងសប្តាហ៍ ក្មេងៗចិនកំពុងតែនៅក្នុងផ្ទះរៀនរហូតទៅដល់លើសម៉ោងកណ្តាលអាធ្រាត។ 
 
លោក គី ចំណា៖ នៅកម្ពុជា មនុស្សភាគច្រើនអាចស្គាល់ច្បាស់នូវមុខវិជ្ជាសិក្សាមួយចំនួនដូចជាមុខវិជ្ជាផ្នែកអាជីវកម្ម វិស្វកម្ម គណនេយ្យ ឬ ស្ថាបត្យកម្ម។ ដោយហេតុនេះ តើលោកអាចនិយាយបកស្រាយពីការសិក្សារបស់លោកអំពី«សំណេរបែបច្នៃប្រឌិត (Creative Writing)»បន្តិចបានទេ? ហើយវាមានសារៈប្រយោជន៍អ្វីខ្លះទៅលើការប្រើប្រាស់ទូទៅនៅក្នុងសង្គម? 
 
លោក រ៉ូបឺត៖ គុណវិបត្តិមួយដែលខ្ញុំបានឃើញនៅក្នុងប្រទេសកម្ពុជា គឺថាការសិក្សាទៅលើមុខវិជ្ជាសិល្បៈសេរី (Liberal Arts) នៅតែមានកម្រិតនៅឡើយ។ នៅក្នុងសហរដ្ឋអាមេរិក តាំងពីថ្នាក់មធ្យមសិក្សាមក សិស្សត្រូវបានគេបំប៉នជាមួយនឹងការសិក្សាទៅលើអក្សរសិល្ប៍ សិល្បៈ ភ្លេង និងកវីភ្លេងល្បីនានាជាច្រើនទៀត។ ប្រសិនបើអ្នកជានិសិ្សតដែលសិក្សាខាងផ្នែកទំនាក់ទំនងអន្តរជាតិ ហើយអ្នកមិនមានចំណេះខាងផ្នែកសិល្បៈសេរីនេះបានគ្រប់គ្រាន់នោះទេ អ្នកនឹងអាចជួបប្រទះភាពលំបាកមួយចំនួន។ អ្នកអាចមិនសូវជាមានចំណេះដឹងខាងផ្នែកនេះពីការសិក្សានៅឯវិទ្យាល័យដើម្បីយកមកប្រើប្រាស់ក្នុងសកលវិទ្យាល័យប៉ុន្មាននោះទេ។ ខ្ញុំគិតថា នៅក្នុងប្រទេសកម្ពុជា ការផ្តោតខ្លាំងទៅលើមុខវិជ្ជាផ្នែកសិល្បៈសេរីហាក់បីដូចជាមិនមានច្រើននោះទេ។ ប៉ុន្តែខ្ញុំក៏អាចយល់បានថា សិស្សទាំងនោះកំពុងតែរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ហេតុដូចនេះហើយ ការជ្រើសរើសមុខវិជ្ជាសិក្សាត្រូវតែមានលក្ខណៈត្រូវគ្នាជាមួយនឹងរបត់របស់សង្គម។ គេអាចរៀនខាងផ្នែកអាជីវកម្មដើម្បីមានចំណេះសមរម្យក្នុងការបើកមុខរបររកស៊ី។ គេអាចសិក្សាអំពីវិស្វកម្មដោយសារតែតម្រូវការនៃការសាងសង់កំពុងតែកើនឡើង។ សិស្សនៅឯសហរដ្ឋអាមេរិកមិនសូវគិតដូច្នេះពេកនោះទេ បើប្រៀបធៀបទៅនឹងសិស្សដែលមកពីប្រទេសកំពុងអភិវឌ្ឍ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំតែងតែគយគន់ក្នុងការរៀនអំពីអក្សរសិល្ប៍ ការអានអត្ថបទកំណាព្យ រឿងព្រេងនិទាន និងរឿងផ្សេងៗដទៃទៀត។ តាំងពីវ័យកុមារមកដែលកាលពីពេលនោះខ្ញុំបានរស់នៅជាមួយជីដូនជីតារបស់ខ្ញុំនៅឯរដ្ឋ ខេនថាឃី ខ្ញុំតែងតែមានគោលដៅដើម្បីក្លាយទៅជាអ្នកនិពន្ធម្នាក់។ រឿងនិទានផ្សេងៗដែលជីដូនខ្ញុំបាននិទានប្រាប់ខ្ញុំពិតជាបានផ្តល់ចំណាប់អារម្មណ៍ឲ្យខ្ញុំច្រើនខ្លាំងណាស់។ ជាមួយនឹងសញ្ញាប័ត្រកម្រិតខ្ពស់ (Terminal Degree) របស់ខ្ញុំ ខ្ញុំក៏អាចបង្រៀនបេក្ខជនត្រៀមសម្រាប់ការសិក្សាផ្នែកបណ្ឌិតបានដែរ។ ខ្ញុំក៏បានចងក្រងសំណេរមួយចំនួន បើទោះបីជាពេលខ្លះវាមានភាពលំបាកសម្រាប់ជីវភាពក៏ដោយមែន។ ប៉ុន្តែខ្ញុំដឹងថា ជាមួយនឹងសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកសិល្បៈ ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្រៀនតាមសកលវិទ្យាល័យ។ ខ្ញុំគិតថា អ្នកនឹងមិនទាន់ឃើញវត្តមាននៃមុខវិជ្ជាសំណេរបែបច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗនេះនោះទេ។ អាចថាប្រមាណជា១០ ឬ១៥ឆ្នាំទៅមុខទៀត មុខវិជ្ជានេះនិងអាចមានវត្តមាននៅក្នុងសង្គមកម្ពុជា។ បច្ចុប្បន្ន សកលវិទ្យាល័យនានាកំពុងតែសង្កត់ធ្ងន់ទៅលើមុខវិជ្ជាដែលនាំមកនូវការងារបានរហ័ស និងឱកាសផ្សេងៗដល់សិស្សានុសិស្ស។ 
 
លោក គី ចំណា៖ តាមការវិភាគរបស់លោក តាំងពីឆ្នាំ២០១២មកទល់ពេលសព្វថ្ងៃនេះ តើលោកបានសង្កេតឃើញការផ្លាស់ប្តូរចម្បងអ្វីខ្លះនៅសកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា?
 
លោក រ៉ូបឺត៖ ខ្ញុំបានសង្កេតឃើញថា មានមុខវិជ្ជាជាច្រើនត្រូវបានគេដាក់បញ្ចូលទៅក្នុងប្រព័ន្ធសិក្សា។ ខ្ញុំអាចនិយាយបានថា វាមានលក្ខណៈល្អជាងមុនច្រើនណាស់បើប្រៀបធៀបជាមួយនឹងទសវត្សរ៍កន្លងទៅ។ សិស្សពិតជាមានឱកាសច្រើនជាងមុនពិតមែន។ សិស្សមានសកម្មភាពច្រើនជាមុនជាមួយនឹងការសិក្សារបស់ពួកគេ។ ជារួមតែម្តង ប្រព័ន្ធសិក្សាទាំងមូលពិតជាមានការផ្លាស់ប្តូរល្អ ហើយខ្ញុំពិតជាពេញចិត្តជាមួយនឹងសកម្មភាពមួយចំនួនរបស់ក្រសួងអប់រំ។ ប៉ុន្តែវាមានភាពលំបាកក្នុងការនិយាយបន្តិចជាពិសេសជាមួយនឹងវិបត្តិនៃជំងឺកូវីដ-១៩ដែលកំពុងតែកើតឡើងតាំងពីឆ្នាំមុននេះ។ 
 
លោក គី ចំណា៖ ជាមួយនឹងការបង្រៀនសិស្សរហូតទៅដល់ប្រមាណជា១ម៉ឺន៤ពាន់នាក់ នៅតាមប្រទេសជាច្រើន តើលោកធ្លាប់មានអារម្មណ៍ធុញទ្រាន់ ចង់ឈប់បង្រៀនដែរឬទេ?
 
លោក រ៉ូបឺត៖ ខ្ញុំមិនដែលមានអារម្មណ៍ថាធុញទ្រាន់នោះទេ ហើយខ្ញុំនឹងប្រាប់អំពីមូលហេតុរបស់ខ្ញុំ។ ខ្ញុំជាបុគ្គលម្នាក់ដែលចូលចិត្តរៀនអស់មួយជីវិត។ នៅពេលដែលខ្ញុំបង្រៀន ខ្ញុំក៏កំពុងតែរៀនក្នុងពេលជាមួយគ្នានោះដែរ។ វាគឺជាអ្វីមួយដែលខ្ញុំចូលចិត្តធ្វើ។ ប៉ុន្តែខ្ញុំមិនចង់គ្រាន់តែធ្វើវាម្នាក់ឯងនោះទេ។ ខ្ញុំចង់ឲ្យថ្នាក់រៀនរបស់ខ្ញុំមានសកម្មភាព ហើយខ្ញុំចង់ផ្តល់សារទៅកាន់សិស្សខ្ញុំថា ខ្ញុំមិនមែនជាបុគ្គលដែលពូកែជាងគេនៅក្នុងថ្នាក់រៀននោះឡើយ។ ខ្ញុំដឹងថាសិស្សរបស់ខ្ញុំដឹងរឿងជាច្រើនដែលខ្ញុំផ្ទាល់មិនដែលបានដឹង។ បើសិស្សទាំងនោះមិនចូលរួមធ្វើសកម្មភាពនៅក្នុងថ្នាក់រៀនទេ ខ្ញុំក៏មិនមានឱកាសក្នុងការរៀនរឿងមួយចំនួនពីពួកគាត់នោះដែរ។ ពេលខ្លះ មនុស្សចាស់មួយចំនួនគិតថា ពួកគាត់តែងតែដឹងច្រើនជាងមនុស្សវ័យក្មេង ហើយមនុស្សវ័យក្មេងមិនត្រូវចោទសួរទៅលើការគិតរបស់មនុស្សចាស់នោះទេ។ និយាយមែនទែនទៅ វាមិនមានភាពពិតប្រាដកនៅក្នុងរឿងនេះឡើយ។ អ្នកត្រូវរៀនបើទោះបីជាអ្នកមានអាយុប៉ុន្មានក៏ដោយ។ នៅពេលដែលអ្នកឈប់រៀន នោះអ្នកនឹងឈប់លូតលាស់។ ពិភពលោកមានការផ្លាស់ប្តូរ។ ក្មេងៗទាំងនោះមានបទពិសោធន៍ជីវិតរបស់ពួកគេមួយចំនួនដែលខ្ញុំផ្ទាល់មិនដែលមានពីមុនមក។ 
 
លោក គី ចំណា៖ តើលោកសាស្រ្តាចារ្យនឹងបន្តការបង្រៀនរបស់លោកតទៅមុខទៀតដែរឬទេ?
 
លោក រ៉ូបឺត៖ ខ្ញុំនឹងនៅតែបន្តបង្រៀន បើខ្ញុំនៅមានសុខភាពរាង្គកាយល្អក្នុងការធ្វើកិច្ចការរបស់ខ្ញុំបានសមរម្យ។ តើមានអ្វីសំខាន់ទៀតដែលខ្ញុំគួរធ្វើមែនឬទេ? តើខ្ញុំគួរអង្គុយនៅឯកន្លែងកម្សាន្ត ហើយពិសារបៀរមែនឬទេ? តើខ្ញុំគួរនៅក្នុងផ្ទះ គេងលើគ្រែ ចាប់ផ្តើមឡើងទម្ងន់ហើយមើលទូរទស្សន៍មែនឬទេ? ពីមុនឡើយ ខ្ញុំបានធ្វើដំណើរទៅប្រទេសថៃឡង់ដ៍ ហើយខ្ញុំគិតថាខ្ញុំនឹងចូលនិវត្តន៍នៅឯទីក្រុងឈៀងម៉ៃ។ ខ្ញុំបានជួលខុនដូមួយ ហើយក្នុងរយៈពេល១ខែ ខ្ញុំមានអារម្មណ៍ថាធុញរហូតដល់ចង់ស្លាប់។ ខ្ញុំចង់ធ្វើអ្វីមួយឲ្យមានសកម្មភាព។ ហេតុដូចនេះ ខ្ញុំបានចូលទៅក្នុងអិនធើណេត ហើយក៏បានឃើញដំណឹងការងារមួយមកពីសកលវិទ្យាល័យហ្សាមេន (បច្ចុប្បន្នសកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន) នៅឯប្រទេសកម្ពុជា។ បន្ទាប់ពីខ្ញុំបានដាក់ពាក្យចុះឈ្មោះ ខ្ញុំបានធ្វើដំណើរមកប្រទេសកម្ពុជា ហើយខ្ញុំរស់នៅទីនេះតាំងពីពេលនោះមក។ ដោយសារតែអារម្មណ៍ធុញទ្រាន់ ទើបខ្ញុំចង់មកធ្វើការងារវិញ។ នៅក្នុងករណីមួយចំនួន នៅពេលដែលមនុស្សណាម្នាក់ចូលនិវត្តន៍ហើយមិនសូវជាមានសកម្មភាពច្រើន ពួកគេមិនសូវជារស់បានយូរនោះទេ។ អ្នកត្រូវធ្វើសកម្មភាពរាង្គកាយ និងសកម្មភាពខួរក្បាលឲ្យបានជាប់លាប់។ 
 
លោក គី ចំណា៖ ក្នុងនាមលោកជាសាស្រ្តាចារ្យដែលមានបទពិសោធន៍ក្នុងការបង្រៀនអស់រយៈពេលជាច្រើនឆ្នាំ តើលោកចង់ឃើញសមត្ថភាពអ្វីខ្លះដែលសិស្សសកលវិទ្យាល័យគួរតែមានមុនពេលដែលពួកគេបញ្ចប់ការសិក្សារបស់ខ្លួនដើម្បីចេញទៅប្រឡូកនៅក្នុងវិស័យការងារ?
 
លោក រ៉ូបឺត៖ មេរៀនមួយដែលខ្ញុំមានបង្រៀននៅក្នុងការសិក្សាកម្រិតខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មនោះគឺ«ការទំនាក់ទំនងបែបអាជីព»។ នៅក្នុងមេរៀននេះ គេមានបង្រៀនអំពីការដាក់ពាក្យការងារ។ សិស្សរបស់ខ្ញុំនឹងទៅរុករកពាក្យការងារទាំងនោះមិនថា នៅតាមកន្លែងបិតលិខិតផ្សព្វផ្សាយ ឬនៅតាមអ៊ីនធឺណិតទេ។ នៅក្នុងពាក្យការងារទាំងនោះ គេនឹងបង្ហាញអំពីលក្ខណៈសម្បត្តិមួយចំនួនដែលគេត្រូវការពីអ្នកដាក់ពាក្យ។ តើអ្នកដឹងលក្ខណៈសម្បត្តិសំខាន់ៗទាំងពីរដំបូងនោះគឺអ្វីដែរឬទេ? លក្ខណៈសម្បត្តិនោះគឺការទំនាក់ទំនង។ គេទាមទារការប្រាស្រ័យទាក់ទងល្អ ទីមួយទៅលើការនិយាយ និងទីពីរទៅលើការសរសេរ។ ខ្ញុំសុំសួរអ្នកមួយ បើអ្នកប្រើប្រាស់ពេលអស់៤ឆ្នាំក្នុងការមករៀននៅសកលវិទ្យាល័យ ហើយអ្នកមិនបាននិយាយអ្វីសោះនៅក្នុងថ្នាក់ តើអ្នកគិតថាអ្នកបានជួយបង្រៀនខ្លួនឯងដើម្បីស្តារសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងឲ្យបានប្រសើរដែរឬទេ? ហើយចុះកិច្ចការសរសេរមួយចំនួនដែលគ្រូបង្រៀនបានដាក់ឲ្យ ហើយអ្នកមិនបានយកចិត្តទុកដាក់ក្នុងការសរសេរវា? តើអ្នកចង់ប្រសើរជាមុនមែនឬទេ? ចាប់ផ្តើមប្រាស្រ័យទាក់ទងទៅ។ ចង់មានទំនាក់ទំនងល្អជាងមុនមែនឬទេ? អ្នកត្រូវរៀនសរសេរឲ្យបានច្បាស់លាស់។ អ្នកគិតថាគ្រាន់តែបញ្ចប់ការសិក្សាទៅលើមុខវិជ្ជាទាំងនោះនឹងអាចនាំអ្នកទៅកាន់ការងារល្អមែនឬទេ? វាមិនមែនអ៊ីចឹងនោះទេ។ បើអ្នកមិនមានការប្រាស្រ័យទាក់ទងល្អនោះ អ្នកនឹងមិនទៅណាឆ្ងាយនោះទេ។ បើទោះបីជាឱកាសពិតជាមានច្រើនក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះក៏ពិតមែន តែការស្តារសមត្ថភាពទំនាក់ទំនងគឺស្ថិតនៅលើជម្រើសរបស់មនុស្សជំនាន់ក្រោយ។ នៅថ្ងៃមុខតទៅទៀត ការចូលធ្វើការងារតាមរយៈក្រុមស្គាល់គ្នាដូចជាតាមរយៈក្រុមគ្រួសារនឹងមានការកាត់បន្ថយ។ ក្រុមហ៊ុនបរទេសផ្សេងៗនឹងចូលមកពង្រីកទីតាំងរបស់ពួកគេ ហើយការចូលធ្វើការតាមរយៈក្រុមគ្រួសារនឹងមិនមានឥទ្ធិពលខ្លាំងជាមួយនឹងក្រុមហ៊ុនទាំងនោះឡើយ។ ហេតុដូចនេះ អ្នកស្វែងរកការងារនឹងត្រូវពឹងលើខ្លួនឯងកាន់តែច្រើនឡើង។ ដូចច្នេះ ពួកគេត្រូវមានចំណេះដឹង និងទទួលបានការសិក្សាល្អ។ មានន័យថា នៅពេលទៅសាលារៀន ពួកគេត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ការធ្វើការងារបន្ថែម និងការស្វែងរកជំនួយពីអ្នកដទៃ។ សិស្សទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលបានពិន្ទុល្អ។ សិស្សទាំងអស់តែងតែមានភាពឆ្លាតវ៏យក្នុងកម្រិតមួយសមរម្យជានិច្ច។ បើអ្នកប្រើប្រាស់វេលាខ្លះដើម្បីសិក្សា អ្នកនឹងទទួលបានពិន្ទុល្អ ហើយក៏អាចទទួលបានភាពជោគជ័យក្នុងជីវិត។ បើអ្នកចំណាយវេលាច្រើនជាងនេះសម្រាប់ការសិក្សា នោះអ្នកនឹងមានឱកាសក្នុងការទទួលបានភាគជោគជ័យកាន់តែធំ។ និយាយទៅ សិស្សគួរតែមានទំនួលខុសត្រូវលើខ្លួនឯងខ្លះ។ វាមិនមែនជាការងាររបស់គ្រូក្នុងការ«បញ្ចុក»ចំណេះដឹងដល់មនុស្សវ័យ ១៩ ២០ ឬ ២១ឆ្នាំគ្រប់ពេលនោះទេ។ ពេលខ្លះ ខ្ញុំឃើញនិស្សិតឆ្នាំទី៤មួយចំនួនមានសមត្ថភាពទំនាក់ទំនងខ្សោយណាស់។ រឿងនេះនឹងបង្កផលលំបាកទៅឲ្យពួកគេនៅក្នុងការស្វែករកការងារ។ សិស្សដែលមានការប្រាស្រ័យទាក់ទងល្អនឹងធ្វើកិច្ចការងាររបស់ខ្លួនបានប្រសើរ។ ពេលខ្លះ នៅពេលដែលខ្ញុំសួរសំណួរទៅលើប្រធានបទអ្វីមួយទៅកាន់សិស្សរបស់ខ្ញុំនៅក្នុងថ្នាក់ ពួកគេខ្លះមិនបញ្ចេញមតិអ្វីសោះ។ អ្នកសាកស្រមៃបន្តិចទៅមើល តើអ្នកគិតយ៉ាងដូចម្តេចវិញបើអ្នកធ្វើដូច្នេះនៅក្នុងការសម្ភាសការងារ? អ្នកនឹងពឹងអាស្រ័យខ្លាំងទៅលើភាសាអង់គ្លេស។ នៅថ្ងៃមុខ កិច្ចសម្ភាសការងារនឹងមានលក្ខណៈដូចនេះកាន់តែច្រើនឡើងៗ។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com