អន្តរជាតិ
សមាជិកព្រឹទ្ធសភាអាមេរិកបីនាក់ទៅតៃវ៉ាន់ និងប្រកាសផ្ដល់វ៉ាក់សាំង៧៥ម៉ឺនដូស
06, Jun 2021 , 3:59 pm        
រូបភាព
សមាជិកព្រឹទ្ធសភាអាមេរិកបីនាក់ បានទៅដល់កោះតៃវ៉ាន់នៅថ្ងៃទី៦ ខែមិថុនាក្នុងដំណើរទស្សនកិច្ចមួយដែលនឹងធ្វើឱ្យចិនខឹងសម្បារ។ សមាជិកព្រឹទ្ធសភាអាមេរិក ក៏ប្រកាសពីការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៧៥ម៉ឺនដូសឱ្យតៃវ៉ាន់ផងដែរ ខណៈដែនកោះមួយកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់។

 
លោកស្រី Tammy Duckworth និងលោក Dan Sullivan សមាជិកគណៈកម្មាធិការយោធាព្រឹទ្ធសភា និងលោក Christopher Coons សមាជិកគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាអាមេរិក ទៅដល់ព្រលានយន្តហោះយោធា Songshan ក្នុងទីក្រុងតៃប៉ិតាមយន្តហោះដឹកជញ្ជូន C-17 Globemaster III របស់កងទ័ពអាកាសអាមេរិក។ នេះជារឿងកម្រដែលមន្ត្រីអាមេរិកជិះយន្តហោះយោធាទៅទស្សនកិច្ចនៅតៃវ៉ាន់។
 
មិនទៅដោយដៃទទេរឡើយ លោកស្រី Duckworth ក៏ប្រកាសពីការផ្ដល់វ៉ាក់សាំងបង្ការជំងឺ-១៩ ចំនួន៧៥ម៉ឺនដូសឱ្យតៃវ៉ាន់ផងដែរ។ អំណោយនេះ ជាផ្នែកមួយនៃគម្រោងរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ដែលនឹងបញ្ចេញវ៉ាក់សាំង៨០លានដូសទៅឱ្យប្រទេសនានាលើពិភពលោក។ លោកស្រីមិនបញ្ជាក់ពេលវេលាជាក់លាក់ដែលវ៉ាក់សាំងទៅដល់តៃវ៉ាន់ឡើយ។
 
«យើងមកទៅនេះក្នុងនាមជាមិត្ត ព្រោះយើងដឹងថា តៃវ៉ាន់កំពុងប្រឈមមុខពេលវេលាដ៏លំបាក ដែលជាហេតុផលយើងមកទីនេះជាប្រតិភូបក្សទាំងពីរ។» លោកស្រី Duckworth មកពីបក្សប្រជាធិបតេយ្យនិយាយបែបនេះក្រោយចុះចត។ លោក Sullivan ក៏មកពីបក្សប្រជាធិបតេយ្យដែរ ឯលោក Coons មកពីបក្សសាធារណរដ្ឋ។ ប្រមុខការទូតតៃវ៉ាន់ Joseph Wu ទៅស្វាគមន៍សមាជិកព្រឹទ្ធសភាអាមេរិកដោយផ្ទាល់។ 
 
តៃវ៉ាន់ដែលកន្លងមកទទួលបានការសរសើរចំពោះការគ្រប់គ្រងជំងឺផ្លូវដង្ហើមមួយនេះបានល្អ កំពុងប្រឈមមុខរលកឆ្លងដ៏ខ្លាំង ដែលធ្វើឱ្យករណីឆ្លងហក់ឡើងដល់លើសមួយម៉ឺននាក់។ ដែនកោះនេះ កំពុងស្វះស្វែងរកវ៉ាក់សាំងសម្រាប់ប្រជាជន២៣លាននាក់របស់ខ្លួន។ មកទល់ពេលនេះ ប្រជាជនតៃវ៉ាន់ដែលទទួលបានវ៉ាក់សាំងមានដល់មិនដល់៤ភាគរយផង។ 
 
ទោះស្ថានភាពក្នុងស្រុកមិនល្អមែន តៃវ៉ាន់ ក៏សម្រេចចិត្តមិនទទួលវ៉ាក់សាំងរបស់ចិនដែរ ខណៈដែលរដ្ឋាភិបាលប៉េកាំងប្រកាសជួយម្ដងជាពីរដងក្ដី។ ប៉ុន្តែតៃវ៉ាន់ ទើបទទួលបានវ៉ាក់សាំងពីជប៉ុនជាងមួយលានដូសនៅពេលថ្មីៗនេះ និងកំពុងចរចាជាមួយក្រុមហ៊ុនអាមេរិកដើម្បីផលិតវ៉ាក់សាំងដោយខ្លួនឯងផងដែរ៕

Tag:
 តៃវ៉ាន់
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com