អន្តរជាតិ
អនុប្រធានាធិបតីអាមេរិក ទៅក្វាតេម៉ាឡានិងម៉ិកស៊ិកដើម្បីដោះស្រាយបញ្ហាចំណាកស្រុក
07, Jun 2021 , 4:12 pm        
រូបភាព
ដោយ៖ ជា ពេជ្រដាឡែន
 
 
អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស បានទៅដល់ទឹកដីក្វាតេម៉ាឡានៅថ្ងៃទី៦ ខែមិថុនា ក្នុងដំណើរទស្សនកិច្ចពីរប្រទេសនៅអាមេរិកកណ្ដាលដើម្បីរឹតចំណងទំនាក់ទំនងការទូត និងស្វែងរកច្រកចេញលើបញ្ហាចំណាកស្រុក និងអំពើពុករលួយដែលជាកត្តាជំរុញឱ្យប្រជាជនក្នុងតំបន់ធ្វើដំណើរទៅអាមេរិក។ ម៉ិកស៊ិក ជាគោលដៅបន្ទាប់របស់លោកស្រី ហារីស ។

 
អាមេរិកកណ្ដាល ជាគោលដៅទីមួយរបស់លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេស។ ជ្រើសរើសក្វាតេម៉ាឡា និងម៉ិកស៊ិក ជាគោលដៅ ត្រូវមើលឃើញថា ជាផ្នែកមួយក្រោមកិច្ចប្រឹងប្រែងរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន ក្នុងការដោះស្រាយបញ្ហា ចំណាកស្រុកនៅតាមព្រំដែនអាមេរិក។ 
 
ក្វាតេម៉ាឡា ជាប្រភពជនចំណាកស្រុកធំជាងគេទៅអាមេរិក ដោយឆ្លងកាត់ម៉ិកស៊ិកដែលជាប់ព្រំដែនភាគខាងត្បូងរបស់អាមេរិកតែម្ដង។ កត្តាចម្បងដែលបង្ខំឱ្យប្រជាជនក្វាតេម៉ាឡារត់ចោលស្រុក គឺអំពើពុករលួយដែលចាក់ស្រែះ។ អំពើពុករលួយ នាំដល់បញ្ហាផ្សេងទៀតដូចជាភាពអត់ការងារធ្វើ ការដកខ្លួនថយរបស់អ្នកវិនិយោគ និងវិបត្តិសង្គមរ៉ាំរ៉ៃ។ 
 
ជាអ្នកទទួលខុសត្រូវលើកិច្ចការចំណាកស្រុកនេះ លោកស្រី ហារីស បានដាក់ចេញផែនការផ្តោតលើ ការបង្កើតឱកាសការងារ និងស្ដារស្ថានភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ឲ្យបានល្អប្រសើរតាមរយៈ ជំនួយមនុស្សធម៌ និងជំនួយផ្នែកសេដ្ឋកិច្ចជាដើម។ អាមេរិក ក៏ទទួលបានការក៏ប្ដេជ្ញាចិត្តពី ក្រុមហ៊ុន និងអង្គការដើម្បីវិនិយោគទៅកាន់ប្រទេសនៅតំបន់ត្រីកោណខាងជើងមានក្វាតេម៉ាឡា ហុងឌូរ៉ាស និងអែលសាល់វ៉ាឌ័រ ដើម្បីលើកកម្ពស់ឱកាសសេដ្ឋ កិច្ចនិងការបណ្តុះបណ្តាលការងារផ្សេងៗ។
 
លោកស្រី ហារីស ក៏បានប្រកាសគម្រោងជំនួយក្នុងចំនួនទឹកប្រាក់៣១០លានដុល្លារ ដើម្បីជួយ ជនភៀសខ្លួន និងដោះស្រាយកង្វះខាតស្បៀងអាហារ។ លើសពីនោះ លោកស្រី ហារីស នឹងផ្ដល់ វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យក្វាតេម៉ាឡាចំនួន៥០០,០០០ដូស និងម៉ិកស៊ិកចំនួន១លានដូស។
 
 
នៅម៉ិកស៊ិកវិញ លោកស្រី ហារីស ក៏ទំនងជួបបញ្ហាឈឺក្បាលដែរ។ បញ្ហាសន្តិសុខទាក់ទងនឹងការសម្លាប់បេក្ខជនឈរឈ្មោះបោះឆ្នោត និង ការជួញដូរគ្រឿងញៀន និងបញ្ហាសេដ្ជកិច្ចចុះទន់ខ្សោយអំឡុង វិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឱ្យប្រជាជនម៉ិកស៊ិកជាច្រើនចំណាកស្រុកទៅកាន់ព្រំដែនអាមេរិក។ 
 
លោក Eric Olson នាយកគោលនយោបាយនៅមូលនិធិ Seattle អន្តរជាតិ និយាយថា ការដោះស្រាយបញ្ហាពុករលួយ ត្រូវការជំនាញការទូតពិសេសដែលទាមទារឱ្យលោកស្រី ហារីស ត្រូវខំប្រឹងប្រែងខ្ពស់ក្នុងការជំរុញមេដឹកនាំប្រទេសទាំងពីរ៕
 
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com