រថយន្ត
ក្រុមហ៊ុនអ៊ីនធ័រណិតចិនកាន់តែច្រើន ចូលប្រឡូកក្នុងឧស្សាហកម្មរថយន្តអគ្គិសនី
07, Jun 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
វិស័យយានយន្តអគ្គិសនី (EV) នៅចិន មានសន្ទុះកាន់តែខ្លាំងឡើង ជាពិសេសវត្តមានចូលរួមប្រកួតប្រជែងពីបណ្តាក្រុមហ៊ុនអ៊ីនធ័រណិតលំដាប់កំពូលៗ ក្នុងនោះមាន IoT (សហការជាមួយ Xiaomi), Baidu, Qihoo 360 និងបណ្តាក្រុមហ៊ុនជាច្រើនទៀត។

-
 
កាលពីខែមករា កន្លងមក Baidu ដែលជាក្រុមហ៊ុនម៉ាស៊ីនរុករកចិន បានប្រកាសពីគម្រោងបង្កើតក្រុមហ៊ុនយានយន្តអគ្គិសនីឆ្លាតវៃមួយ ក្រោមកិច្ចសហការជាមួយ Zhejiang Geely Holding Group ដើម្បីរួមចំណែកពង្រីកវិស័យរថយន្តអគ្គិសនីនៅចិន។
 
គម្រោងរួមគ្នា Baidu និង Geely បង្កើតជាក្រុមហ៊ុនថ្មីដែលមានឈ្មោះថា JiDU Auto។ លោក Xia Yiping អគ្គនាយក JiDu Auto បានអះអាងថា រថយន្តដំបូងនឹងបង្ហាញវត្តមាននាព្រឹត្តិការណ៍ Auto China 2022 នៅក្នុងក្រុងប៉េកាំង និងគ្រោងបញ្ចេញទៅកាន់ទីផ្សារនាឆ្នាំ២០២៣។
 
ដូចគ្នាផងដែរ កាលពីចុងខែមិនា ក្រុមហ៊ុនស្មាតហ្វូនចិន Xiaomi និងក្រុមហ៊ុនអ៊ីនធ័រណិត IoT បានអះអាងពីកិច្ចសហប្រតិបត្តិការវិនិយោគយានយន្តអគ្គិសនីក្នុងទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារអាមេរិក។ Xiaomi EV ស្ថិតក្រោមការដឹកនាំផ្ទាល់របស់លោក  Lei Jun ដែលជាប្រធាន និងជាអគ្គនាយក Xiaomi។
 
ងាកទៅក្រុមហ៊ុន Qihoo 360 ដែលផ្តល់សេវាកម្មអ៊ីនធ័រណិត និងសុវត្ថិភាពផលិតផលទូរសព្ទដៃក្នុងប្រទេសចិនឯនោះវិញ ក៏បានបញ្ជាក់ពីគម្រោងផលិតយានយន្តអគ្គិសនី ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនបង្កើតថ្មី HOZON Auto ផងដែរ។
 
លោក Zhou Hongyi ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Qihoo 360 បានអះអាងថា រថយន្តដែលសហការជាមួយ HOZON Auto នេះ នឹងមានតម្លៃប្រមាណតែ១៥ ៦៦០ដុល្លារប៉ុណ្ណោះក្នុង១គ្រោះ ដើម្បីឲ្យសាធារណជនទាំងអស់មានលទ្ធផលប្រើប្រាស់។
 
ក្រុមហ៊ុន Huawei ក៏បានចូលរួមក្នុងផលិតកម្មយានយន្តអគ្គិសនីផងដែរ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ ARCFOX លើការបំពាក់បច្ចេកវិទ្យាផ្សេងៗ ជាពិសេសសម្រាប់រថយន្តស្វយ័ត។ បច្ចេកវិទ្យាទាំងនោះមានដូចជា HI (Huawei Inside), SERES “Huawei Smart Selection” SF5 ជាដើម។
 
គិតត្រឹមចុងឆ្នាំ២០២០ ចិនជាប់ជាប្រទេសលំដាប់ខ្ពស់ជាងគេលើការផលិតយានយន្តថាមពលថ្មី (NEV)។ នារយៈពេល៤ខែដំបូងឆ្នាំ២០២១ ការបញ្ចេញលក់រថយន្តអគ្គិសនីនៅចិន មានការកើនឡើងលើស១០០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
 
ក្រៅពីក្រុមហ៊ុនទាំងនេះ វិស័យយានយន្តអគ្គិសនីចិន មានការចូលរួមយ៉ាងផុសផុលពីបណ្តាក្រុមហ៊ុនជាច្រើនទៀតដូចជា NIO, XPeng និង Li Auto ជាដើម រីឯក្រុមហ៊ុនធំៗ មាន BYD. SAIC Motor, Geely, BME និង Mercedes-Benz៕
 

© រក្សាសិទ្ធិដោយ thmeythmey.com