ស្វីស សន្យាផ្តល់ជំនួយឥតសំណងជាង៥០លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច
ជាតិ
សេដ្ឋកិច្ច
ស្វីស សន្យាផ្តល់ជំនួយឥតសំណងជាង៥០លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច
07, Jun 2021 , 9:29 pm        
រូបភាព
លោក ឈៀង យ៉ាងណារ៉ា ដែលជាអគ្គលេខាធិការគណៈកម្មាធិការនិតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ ប្រភពរូប៖ CDC
លោក ឈៀង យ៉ាងណារ៉ា ដែលជាអគ្គលេខាធិការគណៈកម្មាធិការនិតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ ប្រភពរូប៖ CDC
ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសស្វីស បានសន្យាផ្តល់ថវិកាចំនួន៥២លានដុល្លារដែលជាជំនួយឥតសំណងដល់កម្ពុជា សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេល៤ឆ្នាំបន្ទាប់ ដោយចាប់ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

 
ថវិកាដែលស្វីសសន្យាឱ្យកម្ពុជានេះ គឺបានលើកឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជានិងភាគីស្វីស លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គឆ្នាំ២០២២-២០២៥ ក្រោមការដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា ដែលជាអគ្គលេខាធិការគណៈកម្មាធិការនិតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយលោក ម៉ាកឃឹស ប៊ឺលី នាយកទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍និងសហប្រតិបត្តិការ(SDC) ប្រចាំកម្ពុជាកាលពីថ្ងៃទី៣មិថុនា តាមប្រពន្ធ័អនឡាញ។ 
 
បើតាមCDC ជំនួយជាង៥០លានដុល្លារដែលកម្ពុជានឹងទទួលបានពីស្វីសនោះ គឺផ្តោតទៅលើការគាំទ្រដល់មន្ទីរគន្ធបុប្ផា, លើកកម្ពស់ការផ្តល់សេវាសាធារណៈ, ផែនការអនុវត្តគណនេយ្យភាពសង្គម និងការទទួលបានព័ត៌មាន។ លើសពីនេះ ថវិកានេះក៏សម្រាប់គាំទ្រដល់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។  សម្រាប់គាំទ្រខ្សែសង្វាក់តម្លៃដំណាំសាកវប្បកម្ម, កសិកម្មធននឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ព្រៃឈើ ប្រកបដោយចីរភាពជាដើម...។
 
ឆ្នាំ២០២១ កម្ពុជាកំពុងអនុវត្តកម្មវិធីសហប្រតិបត្តិការលើវិស័យកសិម្មនិងសន្តិសុខស្បៀង, វិស័យអភិបាលកិច្ច និងវិស័យអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដែលក្រោមជំនួយឥតសំណងប្រមាណ១៣លានដុល្លារ ពីប្រទេសស្វីស។
 
តាមរយៈកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គឆ្នាំ ២០២២-២០២៥ ប្រទេសស្វីសនឹងផ្តល់ហិរញ្ញប្បទានឥតសំណងសរុប១៣៣ លាន ហ្វ្រង់ស្វីស (១៤៨លានដុល្លារ) ដែលបែងចែកជា ២កម្រិត  គឺកម្រិតប្រទេស (កម្ពុជា និងឡាវ) និងកម្រិតតំបន់។
 
យោងតាមប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជាចន្លោះពីឆ្នាំ ២០០០-២០២០ ស្វីសបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ១៤២ លានដុល្លារ ដើម្បីគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍនានា នៅកម្ពុជា៕ 
 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com