ជាតិ
សង្គមជាតិ
តុលាការ បដិសេធសំណើសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន និងយុវតី ស កណិកា
08, Jun 2021 , 2:32 pm        
រូបភាព
ទិដ្ឋភាពនៅមុខតុលាការភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១
ទិដ្ឋភាពនៅមុខតុលាការភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១
ដោយ: ថ្មីៗ
តុលាការភ្នំពេញ មិនយល់ព្រមឲ្យលោក រ៉ុង ឈុន មេសហជីពនិងជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ រួមទាំងយុវតី ស កណិកា រស់នៅក្រៅឃុំបណ្តោះអាសន្នតាមការស្នើសុំនោះទេ។ ការបដិសេធនេះ ធ្វើឡើងក្នុងសវនាការ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។



លោក ឡោ ជុនធី មេធាវីការពារក្តី ប្រាប់សារព័ត៌មានថ្មីៗថា ការស្នើសុំឲ្យលោក រ៉ុង ឈុន និង យុវតី ស កណិកា រស់នៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារបារម្ភពីសុខភាពរបស់ពួកគាត់ ជាពិសេសបារម្ភខ្លាចពួកគាត់ ឆ្លងជំងឺកូវីដ-១៩ ខណៈជំងឺនេះ បានរាលដាលដល់ពន្ធនាគារ។ ម្យ៉ាងទៀត លោកមេធាវី មានហេតុផលថា ចំពោះករណីលោក រ៉ុង ឈុន គឺលោក ជាប់ពន្ធនាគារជាង១១ខែមកហើយ ហើយលោក ក៏តែងគោរពនីតិវិធីរបស់តុលាការថែមទៀត ដូច្នេះ គួរតែដោះលែងលោកជាបណ្តោះអាសន្ន។ 
 
យ៉ាងណាក៏ដោយ តំណាងអយ្យការ អះអាងថា ពន្ធនាគារ មានវិធានការត្រឹមត្រូវ ក្នុងការគ្រប់គ្រងនិងការការពារអ្នកជាប់ឃុំពីជំងឺកូវីដ-១៩។ បន្ទាប់ពីស្តាប់មតិរបស់តំណាងអយ្យការ ចៅក្រម បានសម្រេចបន្តឃុំលោក រ៉ុង ឈុន និង យុវតី ស កណិកា។ លោកមេធាវី ឡោ ជុនធី ថ្លែងថា៖«ចៅក្រម ក៏យល់ស្របតាមហ្នឹងទៅ»។ ក្នុងសវនាការ លោកមេធាវី បានស្តាប់តំណាងអយ្យការ អះអាងទៀតថា លោក រ៉ុង ឈុន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ដូសរួចហើយ។
 
ជាមួយគ្នានេះ លោកមេធាវី នៅតែជំរុញឲ្យតុលាការ ប្រញាប់បើកសវនាការជំនុំជម្រះលើអង្គសេចក្តី ដើម្បីឆាប់បានដឹងថា លោក រ៉ុង ឈុន មានទោសឬក៏អត់។ លោក មានប្រសាសន៍ថា៖«យើង ចង់ឲ្យជំនុំជម្រះលើសេចក្តីឲ្យបានឆាប់ ដើម្បីបានតទល់គ្នាឲ្យអស់ចិត្តនិងឆាប់ដឹងសខ្មៅ»។ 
 
សមត្ថកិច្ច ពុំបានដឹកលោក រ៉ុង ឈុន និង យុវតី សណិកា ទៅចូលរួមសវនាការនាព្រឹកនេះឡើយ ដោយបារម្ភពីជំងឺកូវីដ-១៩។ សវនាការនេះ គឺជាសវនាការមុនអង្គសេចក្តី ដែលត្រូវធ្វើឡើងតាមសំណើរបស់ក្រុមមេធាវី។ ដោយសារក្រុមមេធាវី ស្នើឲ្យតុលាការដោះលែងកូនក្តីទាំង២ជាបណ្តោះ ទើបសវនាការនេះកើតឡើង។     
 
លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ លោក ត្រូវបានចោទពីបទល្មើសនេះ គឺដោយសារលោក បានចុះទៅពិនិត្យតំបន់មួយចំនួននៅតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយលោក បានចេញសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋខ្មែរនៅតំបន់នោះ បានបាត់ដីធ្លីទៅខាងវៀតណាម ហើយអាជ្ញាធរវៀតណាម បានរំកិលចូលមកដីខ្មែរថែមទៀត។     
 
ចំណែក យុវតី ស កណិកា រួមទាំងយុវតីនិងយុវជនមួយចំនួនទៀត ត្រូវបានចាប់ខ្លួនក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមដែរ ដោយសារពួកគេ នាំគ្នាតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន៕  
 

Tag:
 រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com