កីឡាអន្តរជាតិ
អន្តរជាតិ
Sang-chul ដែលជួយកូរ៉េខាងត្បូងឈានដល់វគ្គ១/២ផ្តាច់ព្រ័ត្រ World Cup ស្លាប់នៅអាយុ៤៩ឆ្នាំ
08, Jun 2021 , 3:59 pm        
រូបភាព
អតីតកីឡាករបាល់ទាត់ Yoo Sang-chul ដែលជួយជម្រើសជាតិកូរ៉េខាងត្បូងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ ២០០២ ស្លាប់នៅអាយុ៤៩ឆ្នាំ ដោយសារជំងឺមហារីកលំពែង។ សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាង (KFA) ប្រកាសដូច្នេះនៅថ្ងៃទី ៧ ខែមិថុនា។


Sang-chul ជាខ្សែបម្រើស្នូលរបស់កូរ៉េខាងត្បូងនៅពេលក្រុមអាស៊ីមួយនេះធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលក្រោមការដឹកនាំរបស់លោក Guus Hiddink ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០០២ ដែលធ្វើម្ចាស់ផ្ទះរួមគ្នាជាមួយជប៉ុន។
 
អតីតសមាជិកក្រុម Yokohama F. Marinos នៃលីគកំពូលជប៉ុន និង Ulsan Hyundai លីគក្នុងស្រុករូបនេះ បានស៊ុតបាល់បញ្ចូលទីក្រុមប៉ូឡូញដើម្បីជួយកូរ៉េខាងត្បូងឆ្លងផុតវគ្គចែកពូល។ កូរ៉េខាងត្បូងបន្តយកឈ្នះអ៊ីតាលី និងអេស្ប៉ាញនៅវគ្គបន្តបន្ទាប់ មុនធ្លាក់ក្រោមថ្វីជើងអាល្លឺម៉ង់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
Sang-chul ក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ចាត់ចូលជាកីឡាករឆ្នើមទាំង១១រូប ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២ នោះផងដែរ។
 
Sang-chul ដែលធ្លាប់ធ្វើជាអ្នកចាត់ការក្រុម Incheon United នៅឆ្នាំ២០១៩ ដែរនោះ បានទទួលមរណភាពដោយសារជំងឺរ៉ាំរ៉ៃមហារីកលំពែង។ KFA រួមជាមួយអ្នកគាំទ្រ ចាត់ទុកបុរសវ័យ៤៩ឆ្នាំរូបនេះ ជាវីរបុរសសម្រាប់ក្រុមកូរ៉េខាងត្បូងដើម្បីជាការចងចាំ៕
 

Tag:
 Yoo Sang-chul
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com