ជាតិ
សង្គមជាតិ
អភិបាលខេត្តកែប៖ បដា ឬប៉ាណូផ្សាយពាណិជ្ជកម្មនៅទីសាធារណៈ នឹងត្រូវដូរជាសារអប់រំស្តីពីកូវីដ-១៩
08, Jun 2021 , 7:29 pm        
រូបភាព
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប រូបភាពពីរដ្ឋបាលខេត្តកែប
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប រូបភាពពីរដ្ឋបាលខេត្តកែប
ដោយ:
ភ្នំពេញ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានស្នើឲ្យម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ រុះរើបដា និងផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផល នៅតាមទីតាំងសាធារណៈនានានៅក្នុងខេត្ត ហើយជំនួសមកវិញដោយកសារផ្សព្វផ្សាយសារអប់រំពាក់ព័ន្ធនឹងវិធានការពារជំងឺកូវីដ-១៩។

 
លោក សោម ពិសិដ្ឋ ពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ជុំវិញវិធានការនេះថា ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ-១៩ ខណៈជំងឺកាន់តែរាលដាលធ្ងន់ធ្ងរ។ បន្ថែមពីនេះ អភិបាលខេត្តរូបនេះ ក៏អះអាងដែរថា ផ្ទាំងផ្វព្វផ្សាយពាណិជ្ជកម្មមួយចំនួនធំ មិនបានដាក់បញ្ចូលខ្លឹមសារអប់រំ ដែលត្រូវមាន៣០ភាគរយ តាមគោលការណ៍នោះទេ គឺបានផ្សាយតែផលិតផលសំដៅបម្រើតែប្រយោជន៍ក្រុម ឬក្រុមហ៊ុនតែប៉ុណ្ណោះ។ 
 
អ្វីដែលធ្វើ លោក សោម ពិសិដ្ឋ រឹតតែមិនអាចរង់ចាំបាននោះ គឺបដាផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានច្រើនសន្ធឹក ឥតសណ្តាប់ធ្នាប់។ «ខ្ញុំសង្កេតឃើញថា ផ្ទាំងប៉ាណូទាំងនោះ ឥតមានសណ្តាប់ធ្នាប់ ហើយកន្លងមកយើងបានជូនដំណឹងច្រើនដងហើយ ប៉ុន្តែមិនបានផល ដូច្នេះដល់ពេលហើយដែលយើងត្រូវរៀបចំសណ្តាប់ធ្នាប់ឡើងវិញ។ ម្យ៉ាងកទៀតកែប ជាខេត្តនៅតំបន់សមុទ្រ ដែលជួបប្រទះនូវហេតុការណ៍ខ្យល់កន្ត្រាក់ជាញឹកញាប់ ដែលកន្លងមកមានប៉ាណូខ្លះបានបាក់ មានរលំ ប៉ះពាល់ដល់ពលរដ្ឋ»។
 
យ៉ាងណាក៏ដោយ អភិបាលខេត្តកែប ក៏ពន្យល់ដែរថា ការស្នើឱ្យរុះរើនេះ គឺសម្រាប់តែអំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ-១៩នេះប៉ុណ្ណោះ ដើម្បីឱ្យខេត្តមានលទ្ធភាពយកបង្គោលទាំងនោះ មកផ្សព្វផ្សាយជាសារអប់រំអំពីវិធានសុខាភិបាល។ សម្រាប់លោក សោម ពិសិដ្ឋ ការការចូលរួមរបស់ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មទាំងអស់នោះ ពិតជាសារសំខាន់ខ្លាំងណាស់ក្នុងបរិបទកូវីដ-១៩។ 
 
យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកែប អាជ្ញាធរខេត្ត បានស្នើឱ្យក្រុមហ៊ុនរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន នៅតាមសួនច្បារ ឬនៅតាមទីសាធារណៈនានាទូទាំងខេត្ត ចាប់ពីថ្ងៃទី ១០មិថុនាតទៅ។ ក្នុងករណីម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផលិតផល មិនគោរពតាមទេ រដ្ឋបាលខេត្តនឹងចុះរុះរើតែម្តង ហើយការចំណាយ និងការខូចខាត ជាបន្ទុករបស់ក្រុមហ៊ុន។ 
 
សូមជម្រាបថា មកទល់នឹងបច្ចុប្បន្ន ខេត្តកែប មានករណីកូវីដ-១៩ សរុប ៧៤នាក់ ក្នុងនោះ១១នាក់ បានជាសះស្បើយ និង៦២នាក់ទៀតបានជាសះស្បើយ។ អ្នកជំងឺកូវីដ១នាក់ បានស្លាប់បាត់បង់ជីវិតមុនរកឃើញថាគាត់មានតេស្តវិជ្ជមានកូវីដ-១៩ ហើយដែលមានជំងឺធ្ងន់ធ្ងរស្រាប់។ ដូច្នេះគ្រូពេទ្យសន្និដ្ឋានថា គាត់បានស្លាប់ដោយសារតែជំងឺប្រចាំកាយធ្ងន់ធ្ងរនោះ៕ 
 
 
 
 
 

Tag:
 បដា
 ប៉ាណូ
© រក្សាសិទ្ធិដោយ thmeythmey.com