ជាតិ
លោកនេត្រ ភក្ត្រា៖ សត្វ «ក្ងោក»នៅកម្ពុជាកើនឡើង ខណៈលើពិភពលោកធ្លាក់ចុះ
08, Jun 2021 , 8:29 pm        
រូបភាព
សត្វក្ងោកបៃតងនៅកម្ពុជា បានកើនឡើង ចន្លោះពី២,០០០ទៅ៣,០០០ក្បាល ដែលកំពុងរស់នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា ខណៈវត្តមានសត្វប្រភេទនេះ នៅលើពិភពលោកមានការថយចុះទៅវិញ។ នេះជាលើកឡើងរបស់លោក នេត្រ ភក្ត្រា ជាអ្នកនាំក្រសួងបរិស្ថាន ។



បើតាមលោក នេត្រ ភក្ត្រា ការកើនឡើងនៃវត្តមានសត្វក្ងោតនៅកម្ពុជានេះ គឺបានមកពីការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតំបន់ដែនជម្រកសត្វព្រៃនានាមានភាពកាន់តែល្អប្រសើរ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចជា៖ ការចូលរួមពីប្រជាសហគមន៍ អង្គការដៃគូនានា និងមន្ត្រីឧទ្យានុរក្ស ជាដើម។ 
 
ដែនជម្រកសត្វព្រៃកែវសីមា ជាទីជម្រកដ៏ធំនៃវត្តមានសត្វក្ងោកដែលមានរហូតដល់៩៦៦ក្បាល។ ក្រៅដែនជម្រកនេះ នៅដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងខេត្តមណ្ឌលគិរី, ឧទ្យាជាតិវីរៈជ័យក្នុងខេត្តរតនគិរី ក៏មានវត្តមានសត្វក្ងោកមួយចំនួនផងដែរ ខណៈនៅដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង មានវត្ដមានបក្សីប្រភេទនេះប្រមាណ៥៧០ក្បាល។ លោក នេត្រ ភក្ត្រា បន្តរៀបរាប់ថា សត្វដ៏កម្រ និងងាយរងគ្រោះនៅលើពិភពលោកនេះ  ក៏មានវត្តមាន នៅក្នុងតំបន់អភិរក្សជួរភ្នំក្រវ៉ាញ និងតំបន់មួយចំនួនទៀត ដោយតំបន់នីមួយៗ មានសត្វក្ងោក ចន្លោះពី៥០ ទៅ១០០ ក្បាល។   
 
«ទាំងនេះបង្ហាញឱ្យឃើញពីផលវិជ្ជមាននៃការអនុវត្តគម្រោងដែលរក្សាបាននូវភាពសម្បូរបែបនៃសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់តំបន់ការពារធម្មជាតិ»។ លោក នេត្រ ភក្ត្រា មានប្រសាសន៍ដូច្នេះ។ 
 
ការសិក្សារបស់អ្នកជំនាញដែលបានសារព័ត៌មានThmeyThmeyទទួលបានពីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបង្ហាញថា បច្ចុប្បន្នពិភពលោកនៅមានសត្វក្ងោកពេញវ័យចន្លោះពី ១៥,០០០ ទៅ ២០,០០០ក្បាល។ កម្ពុជាត្រូវបានគេវាយតម្លៃថា ជាប្រទេសដែលមានសត្វក្ងោកបៃតងច្រើនជាងគេនៅលើពិភពលោក ខណៈប្រទេសចិន 
វៀតណាម ថៃ ឡាវ និងឥណ្ឌូនេស៊ី មានសត្វប្រភេទនេះ ក្រោម១,០០០ក្បាលក្នុងប្រទេសនីមួយៗ។ 
 
ដើម្បីរក្សាប្រភេទពូជសត្វកម្រនេះឱ្យបានគង់វង្ស ក្រសួងបរិស្ថាន  បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមក្នុងកិច្ចការអភិរក្ស, បញ្ឈប់ការបរិភោគសាច់សត្វ និងបន្តផ្សព្វផ្សាយនិងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃក្នុងចំណោមពលរដ្ឋក្នុងសហគមន៍។  សូមបញ្ឈប់ការដាក់អន្ទាក់និងការបរបាញ់ប្រភេទសត្វកម្រទាំងនេះ។ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ជនណាដែលនៅតែបំពាន នឹងត្រូវប្រឈមមុខចំពោះច្បាប់។ 
 
សត្វក្ងោក មានរោមពណ៌ត្នោត ខៀវ បៃតង ប្រផេះ ជើងវែង កវែង ហើយមានប្រវែងដងខ្លួនគិតពីចំពុះដល់ចុងកន្ទុយប្រហែល២ម៉ែត្រ។ ចំណីរអាហាររបស់ក្ងោកមាន ផ្លែឈើ ត្រួយរុក្ខជាតិ និងសត្វល្អិតផ្សេងៗ។ សត្វប្រភេទនេះ អាចមានអាយុពី២០ឆ្នាំទៅ២៥ឆ្នាំ និងទម្ងន់ពី៤ ដល់ ៥ គីឡូក្រាម។ សត្វក្ងោកតែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅតាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ដងអូរ ស្ទឹង តាមវាលស្រែ ចំការនៃតំបន់ព្រៃភ្នំ៕ 
 
 
 
 
 
 
 

Tag:
 សត្វក្ងោក
  កែវសីមា
  លោក នេត្រភក្ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com