អន្តរជាតិ
ចិន ទទូចឱ្យមីយ៉ាន់ម៉ា គោរពសេចក្តីថ្លែងការណ៍អាស៊ានខែមេសា
09, Jun 2021 , 11:16 am        
រូបភាព
ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី៨ ខែមិថុនា បានអំពាវនាវភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ឱ្យគោរពតាមការឯកភាពចំនួន៥ចំណុចរបស់អាស៊ាន ដែលបានដាក់ចេញនៅក្នុងសេចក្តីថ្លែងការណ៍ខែមេសាកន្លងទៅ ដើម្បីដោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។ បើតាមលោក វ៉ាង ចិនគាំទ្រភាគីទាំងអស់នៅមីយ៉ាន់ម៉ា ឱ្យដោះស្រាយបញ្ហា តាមរយៈការចរចា ជាជាងប្រើអាវុធ។

 
 
 
ពីទីក្រុងឆុងឈីង ក្នុងអំឡុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដើម្បីប្រារព្ធខួបនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានលើកទី៣០ ប្រមុខការទូតចិន លោកវ៉ាង យី មានជំនួបទ្វេភាគីមួយ ជាមួយលោក Wunna Maung Lwin រដ្ឋមន្រ្តីការបរទេស នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ 
 
ក្នុងជំនួបនោះ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលទាំងពីរ បានជជែកពីបញ្ហាថ្មីៗ និងស្ថានការណ៍ ដែលកំពុងវិវត្តន៍នៅមីយ៉ាន់ម៉ា។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសចិន បានប្រាប់ឱ្យភាគីទាំងអស់នៅមីយ៉ាន់ម៉ា គោរពតាមការឯកភាពទាំង ៥ចំណុចរបស់អាស៊ាន ដើម្បីរក្សាស្ថិរភាពនៅមីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ ក៏បានទទូចឱ្យ អ្នកពាក់ព័ន្ធនៅមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សា និងចាប់ផ្តើមដំណើរការលទ្ធិប្រជាធិតេយ្យឡើងវិញផងដែរ។ 
 
កាលពីខែមេសាកន្លងទៅ មេដឹកនាំអាស៊ាន បានឯកភាពគ្នាលើ ៥ចំណុច ក្នុងនោះមានដូចជា បញ្ឈប់ហិង្សានៅមីយ៉ាន់ម៉ា, រៀបចំកិច្ចចរចាឡើងវិញ, ជួយសម្រួលអ្នកតំណាងអាស៊ានទៅមីយ៉ាន់ម៉ា, ជំនួយមនុស្សធម៌ និងការតែងតាំងប្រេសិត ដើម្បីសម្របសម្រួលកិច្ចចរចា។ 
 
ក្នុងជំនួបដដែលនេះ ប្រមុខការទូតចិន បានបង្ហាញឆន្ទៈក្នុងការសហការជាមួយអាស៊ាន ដើម្បីរួមគ្នាជំរុញឱ្យភាគីទាំងអស់របស់មីយ៉ាន់ម៉ា គោរពតាមសេចក្តីថ្លែងការណ៍អាស៊ាន។ ជាការឆ្លើយតប ប្រមុខការទូតរបបសឹកមីយ៉ាន់ម៉ា បានប្តេជ្ញារក្សាស្ថិរភាពនៅក្នុងប្រទេស និងភាពស្ងៀមស្ងាត់នៅក្នុងសង្គម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
ជំនួបទ្វេភាគីរវាងចិន និងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាង រដ្ឋមន្រ្តីការបរទេសចិន និងអាស៊ាន។ ក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃទី៧ ខែមិថុនា សិង្ហបុរី បានប្រើពាក្យធ្ងន់ៗដាក់មីយ៉ាន់ម៉ា និងបង្ហាញការខកចិត្តយ៉ាងខ្លាំង លើចំណាត់ការរដ្ឋាភិបាយយោធា ដែលមានភាពយឺតយ៉ាវ ក្នុងការដោះស្រាយវិបត្តិនយោបាយ។ 
 
ដោយឡែក រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា នៅថ្ងៃទី៧ ខែមិថុនា ដដែល បានផ្ញើលិខិតមួយច្បាប់ទៅលោក វ៉ាង រដ្ឋមន្រ្តីការបរទេសចិន ដោយអំពាវនាវឱ្យចិន សហការជាមួយរដ្ឋាភិបាលខ្លួន ជាជាងជាមួយរបបសឹក។ បើតាមរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (UNG) ការប៉ុនប៉ងធ្វើឱ្យរដ្ឋាភិបាលយោធា មានភាពស្របច្បាប់ មានតែបំផ្លាញទំនាក់ទំនង រវាងប្រជាជន និងប្រជាជន របស់ប្រទេសទាំងពីរប៉ុណ្ណោះ។ 
 
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ស្ថានការណ៍នៅមីយ៉ាន់ម៉ា មិនទាន់មានស្ថិរភាពត្រឹមត្រូវទេ ដោយរបបសឹក តែងតែប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ ជាពិសេសជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចជាញឹកញាប់។ ប្រជាជនជាច្រើនពាន់នាក់ បានចាកចេញពីផ្ទះ ដើម្បីរកកន្លែងសុវត្តិភាព។ រដ្ឋាភិបាលយោធា អះអាងថា ខ្លួននឹងរៀបចំ ការបោះឆ្នោតឡើងវិញ នៅពេលមីយ៉ាន់ម៉ា មានស្ថិរភាពគ្រប់គ្រាន់៕ 
 
 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com