ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីរ៉ែ៖ កែវដំណក់ប្រេងដំបូង តំណាងឱ្យភាពរុងរឿង និងរីកចម្រើន ដែលជាកំណប់ទ្រព្យរបស់កម្ពុជា
09, Jun 2021 , 9:29 pm        
រូបភាព
 លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល(សា្តដៃ) និងសម្តេច ទៀ បាញ់។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល(សា្តដៃ) និងសម្តេច ទៀ បាញ់។
ភ្នំពេញ៖ ដំណក់ប្រេងលើកដំបូងនៅកម្ពុជាដែលក្រុមហ៊ុន Kris Energy ផលិតចេញនោះ ត្រូវបានយកទៅតម្កល់ទុកនៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកនិងជាការចង់ចាំសម្រាប់ប្រជាជាតិខ្មែរ។ កែវដំណក់ប្រេងលើកដំបូងដែលជានិមិត្តរូបនៃធនធានប្រេងកាតរបស់កម្ពុជានោះមាន ឈ្មោះថា«បឋមតេលពិន្ទុកម្ពុជា» ។

 
លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រគល់កែវដំណក់ប្រេងលើកដំបូងនៅកម្ពុជា ឱ្យ សម្តេច ទៀ បាញ់ មកតម្កល់នៅវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី៩មិថុនា ឆ្នាំ២០២១។ ក្នុងពិធីប្រគល់និងទទួល កែវដំណក់ប្រេងដំបូងរបស់កម្ពុជានេះ លោកស៊ុយ សែម បានរៀបរាប់អត្ថន័យសំខាន់នៃកែវដំណក់ប្រេងដំបូងរបស់កម្ពុជា ថាការរៀបចំកែវដំណក់ប្រេងដំបូងរបស់កម្ពុជានេះឡើង គឺធ្វើទៅតាមរចនាប័ទ្មខ្មែរ ដោយកែវដំណក់ប្រេងមានទម្រង់ក្រពុំឈូកឬស្លឹកពោធិ តំណាងឱ្យភាពរុងរឿង បរិសុទ្ធ ការចម្រើនលូតលាស់ ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ 
 
ចំពោះកែវដំណក់ប្រេងដែលមានកម្ពស់២៩សង់ទីម៉ែត្រ គឺតំណាងឱ្យថ្ងៃទី២៩ ដែលកម្ពុជា ទទួលបានដំណក់ប្រេងដំបូងជាប្រវត្តិសាស្ត្រ។ រីឯ ជើងពានត្របកឈូក តំណាងឲ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវលទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាត សម្រាប់អភិវឌ្ឍជាតិ មាតុភូមិកម្ពុជា។ លោក ស៊ុយ សែម បានបញ្ជាក់ថា ជើងពានត្របកឈូកនេះមានកម្ពស់ ១២សង់ទីម៉ែត្រ តំណាងឲ្យខែ១២ឬខែធ្នូ ដែលកម្ពុជាទទួលបានដំណក់ប្រេងដំបូងរបស់ខ្លួន។
 
ពានជើងសឹង្ហ និងឋានជើងបាតសម្រាប់ទ្រកែវដំណក់ប្រេងនោះ  គឺតំណាងឲ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជានិងមន្ត្រីរាជការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនិងមន្ត្រីពាក់ព័ន្ធនានា ក្នុងការខិតខំ ប្រឹងប្រែងធ្វើការងារទាញយកភោគផលនៃធនធានធម្មជាតិ ដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋានជើងបាតមានកម្ពស់២០សង់ទីម៉ែត្រ ក៏តំណាងឲ្យឆ្នាំ២០២០ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា ផងដែរ។
 
ចំពោះក្បាច់កញ្ចាំងភ្ញីភ្លើងលម្អដោយនាគក្បាលបី តំណាងឲ្យតេជះ ភាពចម្រុងចម្រើន សម្បូរសប្បាយ និងតំណាងឲ្យឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងដំបូងរបស់កម្ពុជា។ នេះជាការឡើងរបស់លោក ស៊ុយ សែម ដោយមានបញ្ជាក់ថា និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា បឋមតេលពិន្ទុកម្ពុជា។
 
លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានរៀបរាប់ថា ឈ្មោះ«បឋមតេលពិន្ទុកម្ពុជា»នេះ ជាភាសាបាលី មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា»។
 
សូមជម្រាបថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជាបានផលិតចេញ នៅថ្ងៃទី២៩ធ្នូ ២០២០ ដោយក្រុម Kris Energy ក្រោយចំណាយពេលវេលារុករក និងបច្ចេកទេសផលិតអស់១៨ឆ្នាំមកនេះ។
 
ដំណក់ប្រេងលើកដំបូងនេះ គឺផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា ដែលមានចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ។ ចំណែកតំបន់២ទៀត ដែលស្ថិតនៅគម្រោងបូមប្រេងបន្ទាប់ រួមមាន តំបន់ប៉ូលូវៃនិងបាសិត ស្ថិតនៅក្នុងដំណាក់កាលទី២ និងដំណាក់កាលទី៣ គឺតំបន់អង្គារសិល្ប៍។ ទីតាំងទាំងអស់នេះ គឺស្ថិតនៅក្នុងគម្រោងប្លុកA ដូចគ្នា។ 
 
ចំពោះប្លុកA នេះ គឺកម្ពុជាអាចទទួលបានប្រេង៣០លានបារ៉ែល(១បារ៉ែល ស្មើ១៥៦លីត្រ)។ នេះបើតាមលោក ជៀប សួរ អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល ដែលធ្លាប់បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ៕
 
 
 

Tag:
 ដំណក់ប្រេងដំបូង
  លោក ស៊ុយ សែម
© រក្សាសិទ្ធិដោយ thmeythmey.com