ជាតិ
សេដ្ឋកិច្ច
កម្ពុជាដាក់ឱ្យដំណើរផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជួយដល់SMEs
10, Jun 2021 , 7:29 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានសម្រេចដាក់ឱ្យដំណើរការCambodiaTrade ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ដើម្បីជួយដល់សហគ្រាសធុនតូចនិងមធ្យម(SMEs)។ ម្ចាស់សហគ្រាសធុនតូច និងមធ្យម អាចដាក់លក់ផលិតផលរបស់ខ្លួននៅលើផ្សារអេឡិចត្រូនិក ដើម្បីទៅដល់អតិថិជនទាំងក្នុងនិងក្រៅស្រុក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៩មិថុនា។

 
ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ត្រូវបានបើកដំណើការ សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងចង់លក់ផលិតផលនៅលើទីផ្សារនេះ ចុះឈ្មោះក្រុមហ៊ុន និងផលិតផលខ្លួនហើយ។ ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ត្រូវបានប្រតិបត្តិការ តាមរយៈគេហទំព័រCambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។ CambodiaTrade ត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដល់អតិថិជនសក្តានុពល ទាំងក្នុងស្រុក និងទីផ្សារក្រៅស្រុក។ 
 
ដើម្បីមានសិទ្ធិប្រើប្រាស់ផ្សារនេះ សហគ្រាសធុនតូច និងមធ្យម ត្រូវតែបំពេញតាមលក្ខន្តិកៈតម្រូវ គឺជាក្រុមហ៊ុន ឬសហគ្រាសដែលបានចុះឈ្មោះជាផ្លូវការ ជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម។ ជាពិសេសត្រូវមានវិញ្ញាបនបត្រពន្ធប៉ាតង់ (Patent Certificate) និងលេខអត្តសញ្ញាណសារពើពន្ធ (VAT Certificate) ដែលមានសុពលភាព និងលក់ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា ផងដែរ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
 
ការចុះឈ្មោះជាមុននឹងអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាចចុះឈ្មោះជាមួយ CambodiaTrade.com ហើយបញ្ចូលរាល់ព័ត៌មានដែលចាំបាច់ និងឯកសារផ្សេងៗ ដើម្បីបានទទួលការពិនិត្យ និងអនុម័តទៅលើការចុះឈ្មោះ។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖«នៅពេលការចុះឈ្មោះរបស់លោកអ្នកត្រូវបានអនុម័ត សហគ្រាសធុនតូច និងមធ្យម អាចបំពេញស្តុករបស់ខ្លួនដោយបង្ហោះផលិតផលពួកគេនៅលើទំព័រហាងរបស់ខ្លួន។ផលិតផលទាំងនោះនឹងត្រូវបានដាក់បង្ហាញនៅលើផ្សារនៅពេលដែលផ្សារត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ»៕
 
 

Tag:
 ផ្សារពាណិជ្ជកម្ម
  SMEs
© រក្សាសិទ្ធិដោយ thmeythmey.com