ជាតិ
សង្គមជាតិ
សិស្សកម្ពុជា៦២នាក់ត្រៀមប្រកួតប្រជែងសិស្សឆ្នើមគណិតវិទ្យាអូឡាំព្យាដកម្រិតអាស៊ី
12, Jun 2021 , 8:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សិស្សកម្ពុជា៦២នាក់ ដែលបានជាប់ជ័យលាភីសិស្សឆ្នើមផ្នែកគណិតវិទ្យាប្រចាំកម្ពុជា នឹងបន្តទៅប្រកួតប្រជែងសិស្សឆ្នើមផ្នែកគណិតវិទ្យាអូឡាំព្យាដអាស៊ី-សិង្ហបុរី និងក្នុងទ្វីបអាស៊ីឆ្នាំ២០២១ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។ ពួកគេគឺសុទ្ធតែជាសិស្សចាប់ពីថ្នាក់ទី១ ដល់ទី១២ ដែលមកពីសាលារៀនរដ្ឋ និងឯកជន។

 
កម្មវិធីប្រកួតប្រជែងសិស្សឆ្នើមផ្នែកគណិតវិទ្យាអូឡាំព្យាដអាស៊ី-សិង្ហបុរីឆ្នាំ២០២១(SASMO) តែងតែរៀបចំឡើងដោយមជ្ឈមណ្ឌលប្រឡងសមត្ថភាពជំនាញអន្តរជាតិនៃសិង្ហបុរីជារៀងរាល់ឆ្នាំ។ កម្មវិធីនេះ គឺជ្រើសរើសសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២នៅតាមបណ្តាប្រទេសនានា ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីប្រកួតប្រជែងសិស្សឆ្នើមផ្នែកគណិតវិទ្យា អូឡាំព្យាដ។  
 
ក្នុងចំណោមសិស្សចំនួន៦២នាក់នេះ គឺ១៤នាក់ បានទទួលមេដាយមាស ក្នុងការប្រកួតប្រជែងសិស្សឆ្នើមផ្នែកគណិតវិទ្យាប្រចាំកម្ពុជា។ ១៤នាក់ទៀតទទួលបានមេដាយប្រាក់ និង៣៤នាក់ទៀតទទួលបានមេដាយសំរឹទ្ធ។ សិស្សកម្ពុជាចំនួន៦២នាក់ នឹងបន្តប្រកួតគណិតវិទ្យាជាមួយសិស្សជាង២,៨ម៉ឺននាក់ទៀត ដែលមកពី២៦ប្រទេស តាមអនឡាញ។ 
 
ជ័យលាភីសិស្សឆ្នើមផ្នែកគណិតវិទ្យាប្រចាំកម្ពុជា ចំនួន៦០នាក់នេះ គឺបានផ្តល់ស្នាមញញឹមដល់ឪពុកម្តាយ និងក្រុមគ្រួសាររបស់ពួកគេ និងធ្វើឲ្យមហាជនកោតសសើរពីសមត្ថភាព និងភាពវៃឆ្លាតរបស់ពួកគេផងដែរ។ 
 

 
ជាក់ស្តែងម្តាយរបស់កុមារា ដែន ដាមុនិន្ទ អាយុ១២ឆ្នាំ ដែលជាប់សិស្សឆ្នើមផ្នែកគណិតវិទ្យាថ្នាក់ទី៧ និងកុមារា ដែន ដាមុនី អាយុ៧ឆ្នាំ ជាប់សិស្សឆ្នើមផ្នែកគណិតវិទ្យាថ្នាក់ទី២ មានមោទកភាព ដែលកូនប្រុសទាំងពីរនាក់របស់អ្នកស្រី ជាប់ជាសិស្សឆ្នើមផ្នែកគណិតវិទ្យាប្រចាំកម្ពុជា។
 
គោលបំណងដែល អ្នកស្រី លីម សុចិន្តា ជំរុញឲ្យកូនប្រុស២នាក់ ឲ្យចូលរួមប្រកួតកម្មវិធីប្រកួតប្រជែងសិស្សឆ្នើមផ្នែកគណិតវិទ្យាអូឡាំព្យាដអាស៊ី-សិង្ហបុរី ឆ្នាំ២០២១ គឺដើម្បីវាស់ស្តង់សមត្ថភាពកូន និងលើកទឹកចិត្តកូនឲ្យខិតខំរៀន។
អ្នកស្រី លីម សុចិន្តា បានរៀបរាប់ដូច្នេះថា៖«ខ្ញុំចង់ដឹងពីសមត្ថភាពរបស់កូន ថាកូនធ្វើបាន ឬមិនបាន។ ពីព្រោះគាត់នៅតូចអ៊ីចឹង ខ្ញុំចង់ឲ្យគាត់ចូលប្រឡូកប្រឡងប្រកួតប្រជែង ដើម្បីឲ្យគាត់យល់ និងដឹងថា ការប្រកួតប្រជែងនឹងគឺត្រូវត្រៀមអ្វីខ្លះ និងមានអារម្មណ៍យ៉ាងម៉េច ដើម្បីនៅពេលគាត់ធំឡើងគាត់ហ៊ានចូលប្រឡងយកអាហារូបករណ៍ និងប្រឡងប្រកួតប្រជែងផ្សេងៗ»។  
 
សល់ពេល១ខែទៀតនឹងដល់ពេលដែលកូនទាំងពីរ និងសិស្ស៦០នាក់ទៀត នឹងបន្តក្រកួតក្នុងកម្មវិធីសិស្សឆ្នើមផ្នែកគណិតវិទ្យាអូឡាំព្យាដអាស៊ី-សិង្ហបុរីឆ្នាំ២០២១។ អ្នកស្រី លីម សុចិន្តា នឹងបន្តលើកទឹកចិត្ត និងជំរុញកូនឲ្យខិតខំរៀនជាបន្តទៀត។ «ទោះបីជាពួកគាត់ជាប់ ឬមិនជាប់ក៏ដោយ ក៏ទុកជាបទពិសោធសម្រាប់ពួកគាត់នៅថ្ងៃក្រោយទៀត»។ នេះជាការរៀបរាប់របស់ អ្នកស្រី សុចិន្តា៕
 
  
 

Tag:
 សិស្សឆ្នើម
 អប់រំ
  អូឡាំព្យាដ
© រក្សាសិទ្ធិដោយ thmeythmey.com