ជាតិ
ប្រាសាទទន្លេស្ងួត អតីតមន្ទីរព្យាបាលមួយរបស់ព្រះបាទជ័យវរ្ម័នទី៧ មានសភាពល្អឡើងវិញ
12, Jun 2021 , 10:59 pm        
រូបភាព
ភ្នំពេញ៖ ប្រាសាទទន្លេស្ងួត ជាអតីតមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង១០២ ដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ និងជាប្រាសាទមួយក្នុងចំណោមប្រាសាទ៤ ដែលនៅជុំវិញក្រុងអង្គរធំ។ ក្រុមការងារជួសជុលរបស់អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមជួសជុលប្រាសាទនេះកាលពីចុងខែមិថុនា ឆ្នាំ២០១៩ និងបានបញ្ចប់ការជួសជុលប្រាសាទនេះស្ថាពរ នាដើមខែមិថុនា ឆ្នាំ២០២១ ក្រោមការប្រើប្រាស់ថវិកាជាតិ។


 
ប្រាសាទទន្លេស្ងួត ស្ថិតនៅចម្ងាយប្រមាណ៣០០ម៉ែត្រ ខាងជើងកំពែងអង្គរធំ ក្នុងខេត្តសៀមរាប។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី១២ មានកម្ពស់១៣,៥ ម៉ែត្រ ក្នុងរចនាប័ទ្មអង្គរ។ ប្រាសាទនេះ ធ្វើឡើងអំពីថ្មភក់លាយថ្មបាយក្រៀម បែរមុខទៅទិសខាងកើត ហើយសង់លើទីទួលជាប់អាងទឹកសិប្បនិមិត្ត។ 
 
កន្លងមក ប្រាសាទទន្លេស្ងួត មានសភាពទ្រុឌទ្រោមខ្លាំង តួប្រាសាទបែកចេញពីគ្នា ដែលបណ្តាលមកពីអាយុកាលនៃប្រាសាទ។ ថ្មប្រាសាទ បានធ្លាក់ មើលស្ទើរមិនយល់ ចំណែករចនាសម្ព័ន្ធប្រឈមនឹងការរលំ។ ការណ៍នេះ បានធ្វើឲ្យក្រុមការងារជួសជុលប្រាសាទស្ទើរមិនហានចូលជិត និងបានបង្កការលំបាកដល់ក្រុមជួសជុលផងដែរ។ 
 

ប្រាសាទទន្លេស្ងួតឈររឹងមាំឡើងវិញ ក្រោយជួសជុលអស់រយៈពេល២ឆ្នាំ។ រូបភាពដោយ៖ លោក ជា សារិទ្ធ 

លោក ជា សារឹទ្ធ បុរាណវិទូម្នាក់ និងជាប្រធានក្រុមទទួលបន្ទុកជួសជុលប្រាសាទទន្លេស្ងួត បានប្រាប់សារព័ត៌មានThmeythmey25 អំពីការលំបាកក្នុងដំណើរជួសជុលប្រាសាទ តាមទូរសព្ទដូច្នេះថា៖« យើងត្រូវរើប្រាសាទទាំងស្រុង ហើយជួសជុលពង្រឹងគ្រឹះ ដោយចាប់ផ្តើមពីគ្រឹះមកវិញ។ សម្រាប់ការជួសជុលពង្រឹងគ្រឹះ យើងត្រូវធ្វើកំណាយបុរាណវិទ្យាដើម្បីដឹងពីរចនាសម័្ពន្ធ បច្ចេកទេស និងសម្ភារ ដែលគេយកមកប្រើប្រាស់ក្នុងការកសាងប្រាសាទក្នុងសតវត្សទី១២»។ 
 
សម្រាប់លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាវិញ បានបន្ថែមថា៖« កត្តាចម្បង គឺបណ្តាលមកពីអាយុកាលនៃប្រាសាទ ដោយសារយើងត្រូវស្រាវជ្រាវ សិក្សាស្វែងយល់ឲ្យបានទូលំទូលាយបន្ថែមលើសពីអ្វីដែលយើងឃើញចំពោះភ្នែក។ យើងត្រូវសិក្សាអំពីរចនាសម័្ពន្ធ ត្រូវស្វែងយល់អំពីតួនាទីរបស់ប្រាសាទ រកឯកសារ និងរកព័ត៌មានទាក់ទងជាមួយប្រាសាទ ដែលវាជាចំនុចសំខាន់ និងជាចំនុចលំបាកផងដែរ»។
 

 រូបភាពប្រសាទទន្លេស្ងួតពេលមិនទាន់ជួសជុល។ រូបភាពដោយ៖ លោក ជា សារិទ្ធ

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះ បន្តថា ការជួសជុលប្រាសាទទន្លេស្ងួត ជាទស្សនមួយរបស់អាជ្ញាធរជាតិអប្សរាក្នុងការពង្រឹងឡើងវិញនៅប្រាង្គប្រាសាទ ដែលកន្លងមកមានការទ្រុឌទ្រោម។  ក្រៅពីនេះ ក៏មានប្រាសាទធំៗមួយចំនួនដែលមានការចូលរួមពីដៃគូសហការប្រតិបត្តិការអន្តរជាតិក្នុងការជួសជុល។ ប៉ុន្តែការជួសជុលប្រាសាទនីមួយៗ ត្រូវការចំណាយពេលវេលា ចំណាយធនធានច្រើន ដែលជាហេតុធ្វើឲ្យការអភិរក្សប្រាសាទមានការខ្វះខាត។ 
 
សូមបញ្ជាក់ថា ប្រាសាទទន្លេស្ងួត មានទីតាំងស្ថិតនៅភូមិអង្គនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប៕

Tag:
 ថ្មីៗ២៥
  ប្រាសាទទន្លេស្ងួត
  ខេត្តសៀមរាប
  អាជ្ញាធរជាតិអប្សារា
© រក្សាសិទ្ធិដោយ thmeythmey.com