ជាតិ
២៥ខេត្ត/រាជធានី
ទុរេនសំឡូត QR Code ហើយភ្ជាប់ជាមួយឈ្មោះអ្នកដាំ ដើម្បីទប់ស្កាត់ការបន្លំ
13, Jun 2021 , 8:29 am        
រូបភាព
ប្រភពរូបថត៖ Durian Samlot Farm ចម្ការទុរេនសំឡូត
ប្រភពរូបថត៖ Durian Samlot Farm ចម្ការទុរេនសំឡូត
ដោយ:
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានចងក្រងបណ្ដុំអាជីវកម្ម ទុរេនស្រុកសំឡូត និងផ្ដល់ស្ទីកគ័របិទលើផលិតផលរបស់ខ្លួន ដើម្បីសម្គាល់និងរក្សាអត្តសញ្ញាណទុរេនស្រុកសំឡូត។

 
ទុរេនសំឡូត ខេត្តបាត់ដំបង មានភាពល្បីល្បាញ និងមានអ្នកគាំទ្រច្រើន។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថា ខេត្តបាត់ដំបង ទើបប្រមូលផលទុរេនបណ្ដើរៗ ខណៈនៅតាមផ្លូវមានការដាក់លក់ទុរេនសំឡូតតាំងពីខែមេសាមកម្លេះ។
 
លោក វជិរា បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទដូច្នេះ៖«ទាល់តែសប្ដាហ៍ទី២នៃខែមិថុនា ទើបទុរេនសំឡូត អាចប្រមូលផលបានពេញលេញ។ ប៉ុន្តែ ឈ្មួញខិលខូចមួយចំនួន បានលក់ទុរេនដែលយកពីប្រទេសវៀតណាម រួចប្រាប់អ្នកទិញថា ជាទុរេនសំឡូត។ វាធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណទុរេនសំឡូត»។


 លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង(រូបពីតេឡេក្រាមលោក)

បើតាមលោកប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ស្ទីកគ័រ ដែលមានQR Code ភ្ជាប់ជាមួយឈ្មោះកសិករ ដែលមិនអាចឲ្យជនខិលខូចក្លែងបន្លំបាន។ រហូតមកដល់ពេលនេះ មន្ទីរកសិកម្មខេត្ត បានផ្ដល់ឲ្យកសិករប្រមាណ ៥,០០០ស្ទីកគ័រ ដល់កសិករប្រមាណ១៧០គ្រួសារ ដែលបានចូលជាបណ្ដុំអាជីវកម្មទុរេនសំឡូត។
 
«យើងចង់ឲ្យទុរេនសំឡូត មានការទទួលស្គាល់ ដូចជា អង្ករក្រអូប និងក្រូចពោធិ៍សាត់ជាដើម។ ខ្ញុំស្នើឲ្យកសិករដាំទុរេន នៅស្រុកសំឡូត មានភាពស្មោះត្រង់ ជាមួយអ្នកបរិភោគ។ ដាំទុរេន ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទៅតាមគោលការណ៍ណែនាំរបស់មន្ទីរកសិកម្ម»។ នេះជាការបញ្ជាក់របស់លោក ឈឹម វជិរា។
 
ជាមួយគ្នានេះ កសិករមួយចំនួន មិនទាន់ទទួលបានព័ត៌មានអំពីការប្រើប្រាស់ QR Code បិទលើទុរេនសំឡូតពីមន្ទីរកសិកម្មនោះទេ។ ប៉ុន្តែកសិករ ដែលដាំទុរេននៅសំឡូត សាទរចំពោះការយកចិត្តទុកដាក់ពីមន្ទីរកសិកម្មខេត្ត។ 
 
លោក ម៉ាក សុខលី ជាកសិករដាំទុរេន នៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានរៀបរាប់ដូច្នេះ៖«ខ្ញុំមិនទាន់ទទួលព័ត៌មាននោះទេ។ តែខ្ញុំគាំទ្របើមន្ទីរកសិកម្មធ្វើបែបនេះមែន ព្រោះសព្វថ្ងៃពិតជាមានជនខិលខូច ដែលទិញទុរេនពីប្រទេសថៃ និងវៀតណាម មកលក់ ហើយប្រាប់គេថា ជាទុរេនរបស់ខ្មែរ។ មិនដឹងថាខ្ញុំ អាចស្នើសុំបានឬអត់ ព្រោះខ្ញុំដាំទុរេនលក្ខណៈតិចតួចប៉ុណ្ណោះ»។


 លោក ម៉ាក សុខលី កសិករដាំទុរេន នៅស្រុកសំឡូត ខេត្តបាត់ដំបង

យ៉ាងណាក៏ដោយ កសិករវ័យ៣៩ឆ្នាំរូបនេះ មិនទាន់ដឹងច្បាស់នោះទេ ថាខ្លួនអាចស្នើទៅមន្ទីរកសិកម្ម ដើម្បីសុំស្លាកសញ្ញាបិទលើទុរេនរបស់ខ្លួន ឬយ៉ាងណា ដោយសារខ្លួនដាំទុរេន ក្នុងបរិមាណទុរេន ១០០ដើមប៉ុណ្ណោះ។ ទុរេនរបស់លោក ខ្លះអាយុជាង៣ឆ្នាំ ខ្លះអាយុ២ឆ្នាំ និងទុរេន មួយចំនួនទើបតែដាំ។ អ្នកខេត្តបាត់ដំបងរូបនេះ បានឲ្យដឹងថា តាមពិតគ្រួសាររបស់លោកដាំសៅម៉ាវ ច្រើនឆ្នាំមកហើយ។ 
 
បើតាមលោក ឈឹម វជិរា បច្ចុប្បន្ន ខេត្តបាត់ដំបង ទុរេនសំឡូត អាចលក់បានតម្លៃ ២ម៉ឺនរៀល ទៅ២៥, ០០០រៀល ក្នុងមួយគីឡូក្រាម។ ក្នុងខេត្តបាត់ដំបង មានដើមទុរេនសរុប៨ម៉ឺនដើម លើផ្ទៃដី៦០០ហិកតា នៅស្រុកសំឡូត ហើយទុរេនដែលផ្ដល់ផលមាន៦ម៉ឺនដើម។ ក្នុងខេត្តបាត់ដំបង កសិករនិយមដាំដំណាំដំឡូងមី និងពោតក្រហម ច្រើនជាងគេ។ ផ្ទៃដីដាំដំណាំដំឡូងមី មានប្រមាណ១០-១២ម៉ឺនហិកតា។ ចំណែកឯ ដំណាំពោតក្រហម មានផ្ទៃដីសរុបប្រមាណ ៨-១០ម៉ឺនហិកតា៕
 
 
 

Tag:
 ទុរេន
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com