ជាតិ
Rice-SDP កម្មវិធីដែលអនុវត្តដោយក្រសួង៤ដើម្បីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ
13, Jun 2021 , 9:29 am        
រូបភាព
ក្រសួងចំនួន៤ បានចូលរួមអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice-SDP) ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករ លើការវិនិយោគស្របច្បាប់ ដែលធន់នឹងអាកាសធាតុ។ កម្មវិធីនេះ ទទួលបានជំនួយហិរញ្ញប្បទានពីរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ARDB) ហើយអនុម័តតាំងពីឆ្នាំ២០១៣។



កម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ( Rice-SDP) ត្រូវបានចូលរួមអនុវត្តដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ជាមួយគ្នានេះ ខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង ជាខេត្តគោលដៅក្នុងការអនុវត្តកម្មវិធី Rice-SDP សរុបចំនួន១៣ស្រុក និង៩០ឃុំ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។
 
តាមការផ្សាយលើផេកហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice-SDP) រៀបចំឡើងស្របតាមច្បាប់ ដោយបង្កើនផលិតកម្មស្រូវរបស់កសិករ និងកំណត់ទីតាំងនៃតំបន់ដាំដុះឱ្យបានច្បាស់លាស់។ 
 
កម្មវិធីនេះ ក៏ជួយពង្រឹងសមត្ថភាពកសិករក្នុងសហគមន៍ ដោយផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសស្របតាមស្តង់ដារ អនាម័យ និងរៀបចំចងក្រងឯកសារបច្ចេកទេសដំណាំស្រូវផងដែរ។ បន្ថែមលើនេះ កម្មវិធី Rice-SDP បានបង្កើនសេវាគាំទ្រដល់ខ្សែច្រវ៉ាក់ផលិតកម្មស្រូវ និងការនាំចេញអង្ករ និងធានារ៉ាប់រងលើផលដំណាំរបស់កសិករថែមទៀតផង។


 ​រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
 
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ARDB) ឆ្នាំ២០២០ កម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice-SDP) មានមូលនិធិប្រមាណ១០លានដុល្លារអាមេរិកសម្រាប់ផ្ដល់ជាប្រាក់កម្ចីដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដើម្បីសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួត។
 
ទន្ទឹមនឹងនេះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគី រវាងដៃគូអនុវត្តគម្រោង (Rice-SDP) និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ លើការសាងសង់ឃ្លាំងស្តុក និងសម្ងួតស្រូវ នៅខេត្តចំនួន២ កាលពីឆ្នាំ២០១៩ ដើម្បីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករឲ្យកាន់ប្រសើរផងដែរ។ នេះបើតាមរបាយការណ៍ដដែល៕
 
 

Tag:
 ស្រូវ
 អង្ករ
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com