COVID-19
អន្តរជាតិ
វៀតណាម អនុញ្ញាតឱ្យប្រើវ៉ាក់សាំងក្រុមហ៊ុនPfizer ជាបន្ទាន់
13, Jun 2021 , 2:40 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
វៀតណាម បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងក្រុមហ៊ុន Pfizer ជាបន្ទាន់។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី១២ ខែមិថុនា។ វ៉ាក់សាំងក្រុមហ៊ុនPfizer ជាវ៉ាក់សាំងទី៤ ហើយដែលវៀតណាម បានអនុម័តឱ្យប្រើជាបន្ទាន់។

 
បន្ទាប់ពីព្រមព្រៀងទិញវ៉ាក់សាំងក្រុមហ៊ុន Pfizer បានចំនួន ៣១លានដូស ពេលនេះ វៀតណាម បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងប្រភេទបច្ចេកវិទ្យានាំសារ messenger RNA ( mRNA) ហើយ ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួន។ វៀតណាមគ្រោងបញ្ជាទិញវ៉ាក់សាំងឱ្យបាន ១៥០លានដូស សម្រាប់ចាក់ឱ្យប្រជាជនខ្លួនចំនួន ៧០ភាគរយ នៃប្រជាជនសរុប។ 
 
ផ្អែកលើការធ្វើពិសោធន៍ដំណាក់កាលល្អិតល្អន់ វ៉ាក់សាំងក្រុមហ៊ុន Pfizer ដែលចាក់ឱ្យមនុស្សវ័យជំទង់ និងមនុស្សចាស់វ័យជាងនេះ មានប្រសិទ្ធភាពរហូតដល់ ៩៥ភាគរយឯណោះ ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩។ 
 
វ៉ាក់សាំងPfizer ជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទី៤ ហើយដែលត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពអាសន្ន។ កន្លងមកវៀតណាម បានអនុម័តជាបន្ទាន់លើវ៉ាក់សាំងក្រុមហ៊ុន AstraZeneca, វ៉ាក់សាំងរុស្ស៊ី និងវ៉ាក់សាំងក្រុមហ៊ុន Sinopharm។ 
 
គិតមកត្រឹមពេលនេះ វៀតណាម បានចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួនបានចំនួន ១,៣លាននាក់ហើយ។ ភាគច្រើននៃវ៉ាក់សាំងចាក់ឱ្យប្រជាជនខ្លួន ជារបស់ក្រុមហ៊ុន AstraZeneca។ ចំណែកករណីឆ្លងកូវីដ-១៩ នៅវៀតណាម មានចំនួនច្រើនជាង ១ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ៥៨នាក់។ អ្នកជាសះស្បើយមានចំនួនជាង ៣ពាន់នាក់៕ 
 

Tag:
 វ៉ាក់សាំង
  វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com