ជាតិ
«ក្រវាញ» ជាប្រទាលមួយប្រភេទអាចច្នៃជាបន្លែ តែ និងឱសថ ដែលមានតម្លៃលើទីផ្សារ
13, Jun 2021 , 4:59 pm        
រូបភាព
ដោយៈ ប៉ូ សុភា
 
ភ្នំពេញ៖ «ក្រវាញ» គឺឈ្មោះប្រទាលមួយប្រភេទ ដែលមានផ្លែទុំប្រើជាឱសថ ឬតែ។ គមក្រវាញអាចធ្វើជាបន្លែសម្រាប់ស្លម្ជូរ ស្ងោរ ឆា ស៊ុប និងធ្វើអន្លក់។ រុក្ខជាតិប្រភេទនេះ មានដុះនៅក្នុងតំបន់ភ្នំ នៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ គមក្រវាញមានតម្លៃចន្លោះពី១ម៉ឺន ទៅ៣ម៉ឺន៤ពាន់រៀលក្នុងមួយគីឡូក្រាម។ ចំណែកឯ គ្រាប់ទុំអាចមានតម្លៃចន្លោះពី ៤ម៉ឺនទៅ៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម។


 
នៅក្នុងប្រទេសកម្ពុជាមានរុក្ខជាតិព្រៃច្រើនប្រភេទ ដែលអាចយកមកប្រើប្រាស់ជាថ្នាំ បន្លែ តែ និងប្រើជាប្រយោជន៍ផ្សេង ក្នុងជីវភាពប្រចាំថ្ងៃ។ រុក្ខជាតិទាំងនេះ ពេលខ្លះត្រូវបានប្រជាពលរដ្ឋក្នុងតំបន់ ឬសហគមន៍នាំយកមកលក់នៅលើទីផ្សារ និងចរាចរទៅគ្រប់ទីកន្លែង។
 
«ក្រវាញ» ជាឈ្មោះប្រទាលមួយប្រភេទ ប្រើជាថ្នាំកែរោគ ច្រើនដុះនៅតាមភ្នំ ក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ។ «ក្រវាញ» មានសណ្ឋានប្រហាក់ប្រហែលទៅនឹងដើមរំដេង មានកម្ពស់ចន្លោះពី១ម៉ែត្រទៅ ៣ម៉ែត្រ។ រុក្ខជាតិមួយប្រភេទនេះ អាចផ្ដល់ផលជាគមបានពេញមួយឆ្នាំ ប៉ុន្ដែនៅរដូវប្រាំងមិនសូវមានច្រើន ដូចរដូវវស្សាទេ។ គមក្រវាញសម្បូរបំផុតចាប់ពីខែកក្កដា ដល់ខែធ្នូជារៀងរាល់ឆ្នាំ។ ចំណែកឯ ផ្លែរបស់វាភាគច្រើនគេអាចរកបាននៅរដូវប្រាំង។


 រូបភាព ផ្តល់ដោយ លោក អេង រស្មី អនុប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់
 
«ក្រវាញដុះតាមតំបន់។ ភាគច្រើននៅក្នុងឧទ្យានជាតិក្រវាញកណ្ដាល ទីតាំងដែលមានដើមចេកព្រៃ តែងមានក្រវាញ។ រុក្ខជាតិនេះ ត្រូវការតំបន់ត្រជាក់ និងដីមានសំណើម។ ប្រសិនបើខុសតំបន់ ក៏មិនមានដុះដែរ»។ នេះជាការពន្យល់របស់លោក រី ភារម្យ នាយកឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។
 
មុនទទួលបានគមក្រវាញយកមកបរិភោគ ឬលក់នៅលើទីផ្សារ គេត្រូវគាស់ ឬដកចេញពីដី រួចសកសម្បកខាងក្រៅចេញទាំងអស់ ទុកតែបណ្ដូលពណ៌ស និងខ្ចីផ្នែកខាងក្នុងប៉ុណ្ណោះ។ គមក្រវាញ ត្រូវបានគេយកទៅស្លម្ជូរ ឆាជាមួយសាច់គ្រប់ប្រភេទ ឆាប្រេងខ្យង ស្ងោរ ស៊ុប  និងធ្វើជាអន្លក់តាមតម្រូវការ និងចំណង់ចំណូលចិត្ត។ ពលរដ្ឋភាគច្រើនយល់ថា ការបរិភោគក្រវាញទាំងគម និងផ្លែ អាចជួយព្យាបាលជំងឺបញ្ចុះសម្ពោធឈាម កាត់បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលដល់ការដកដង្ហើម រួមទាំងសម្រកទម្ងន់ជាដើម។ 


   រូបភាពដោយ ក្រសួងបរិស្ថាន

 
លោក អេង រស្មី អនុប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បញ្ជាក់ថា តម្លៃទូទៅនៅទីផ្សាររាល់ឆ្នាំ គមក្រវាញ អាចលក់ចន្លោះពី១ម៉ឺន៥ពាន់រៀល ទៅ៣ម៉ឺន៥ពាន់រៀលក្នុងមួយគីឡូក្រាម។ ចំណែកឯ ផ្លែទុំអាចមានតម្លៃចន្លោះពី៤ម៉ឺនរៀល ទៅ៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
 
 «បន្លែប្រភេទនេះ ចង់យកទៅស្លអ្វីក៏បាន។ រសជាតិក្រពុលតិចៗ ក្លិនរបស់វាប្រហាក់ប្រហែលរំដេង ឬក៏ខ្ញី។ នៅពេលឆាឆ្អិន មានក្លិនប្រហើរ និងរសជាតិស្រាលជាងខ្ញីបន្តិច។ គ្រាប់ក្រវាញទុំ គេអាចយកទៅហាល ទុកធ្វើជាតែ ដើម្បីបរិភោគ»។ នេះជាការបញ្ជាក់របស់លោក អេង រស្មី ។
 
សូមបញ្ជាក់ថា ប្រទាលប្រភេទនេះ ដុះក្នុងព្រៃរើសតំបន់ ប៉ុន្តែគេក៏អាចយកមកដាំតាមភូមិបាន នៅលើដីមានសំណើម និងមានម្លប់ ឬក្រោមដើមឈើក៏បាន ។ ក្រវាញអាចផ្ដល់ផ្លែបានល្អ ចន្លោះអាយុចាប់ពីអាយុ៤ ទៅ៥ឆ្នាំ នឹងបន្ដផ្លែរាល់ឆ្នាំរហូតដល់អាយុ៥០ឆ្នាំ៕


រូបភាពដោយ ក្រសួងបរិស្ថាន


  រូបភាព ផ្តល់ដោយ លោក អេង រស្មី អនុប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ 


Tag:
 ក្រវាញ
  ប្រទាល
  ឱសថ
© រក្សាសិទ្ធិដោយ thmeythmey.com