កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ៣ពិន្ទុដំបូងសម្រាប់ហូឡង់ អូទ្រីស និងអង់គ្លេស​
14, Jun 2021 , 8:05 am        
រូបភាព
ខ្សែការពារហូឡង់ Denzel Dumfries អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួន។ រូបថត UEFA
ខ្សែការពារហូឡង់ Denzel Dumfries អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួន។ រូបថត UEFA
ដោយ: ថ្មីៗ
 ហូឡង់បាន​យកឈ្នះអ៊ុយក្រែន ៣-២ បន្ទាប់ពីអូទ្រីសស៊ីម៉ាសេដ្វានខាងជើង ៣-១ ក្នុងការប្រកួតពូល C នៃពានរង្វាន់ Euro 2020។ រីឯការប្រកួតកាលពីក្បាលព្រលប់ អង់គ្លេស បានយកឈ្នះក្រូអាស៊ី ១-០ នៅក្នុងពូល D។


ជំនួបនៅកីឡដ្ឋាន Johan Cruijff Arena ម្ចាស់ហូឡង់បាននាំមុខ ២-០ ក្រោយ​ប្រកួតបានជាង​៥០នាទី ដែលសម្រេចបានដោយ Georginio Wijnaldum និង Wout Weghorst ប៉ុន្តែអ៊ុយក្រែន​វាយ​បក​បាន២គ្រាប់វិញនៅនាទី៧៥ និង៧៩ដែលជាការស៊ុត​បាល់បញ្ចូលទីបន្តបន្ទាប់​របស់ AndriyYarmolenko និង Roman Yaremchuck។ ឈានដល់នាទី​៨៥ ខ្សែការពារ Denzel Dumfries រកបានគ្រាប់បាល់ជ័យជម្នះសម្រាប់ម្ចាស់ផ្ទះក្នុងលទ្ធផល ៣-២ នាជំនួបបើកឆាកពូល C។

សម្រាប់ការប្រកួត​គូទី១ក្នុងពូល C អូទ្រីសឈ្នះក្រុមចំណូលថ្មី ម៉ាសេដ្វានខាងជើង ៣-១ ដោយ Stefan Lainer រកបានគ្រាប់ដំបូងឲ្យអូទ្រីសនៅនាទី១៨ ហើយ Goran Pandev តាមស្មើវិញសម្រាប់ម៉ាសេដ្វានខាងជើងនារយៈពេល​១០នាទីបន្ទាប់។ នៅជាង​១០នាទីចុងក្រោយនៃតង់ទី២ អូទ្រីសរកបាន២គ្រាប់ទៀតដែលសម្រេចដោយ Michael Gregoritsch និង Marko Arnautovic។

ដោយឡែក​ការប្រកួតបើកឆាកពូល D អង់គ្លេសបានទទួលជ័យជម្នះ ១-០  លើក្រូអាស៊ី នាកីឡដ្ឋាន Wembley។ គ្រាប់តែ១គ្រាប់របស់ក្រុមតោកំណាច គឺ​រកបានដោយខ្សែប្រយុទ្ធ Raheem Sterling នៅនាទី៥៧៕
 


Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com