កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូដាណឺម៉ាកថា ការប្រកួតជាមួយហ្វាំងឡង់ មិនគួរបន្តឡើយ ក្រោយការសន្លប់របស់ Eriksen
14, Jun 2021 , 10:37 am        
រូបភាព
ការប្រកួត Euro 2020 បើកឆាកពូល B រវៀងដាណឺម៉ាក និងហ្វាំងឡង់នាកីឡដ្ឋាន Parken ក្រុង Copenhagen មិនគួរចាប់ផ្តើមឡើងវិញទេបន្ទាប់ពី Christian Eriksen ដួលសន្លប់ដោយសារបញ្ហាបេះដូង។ នេះជាការយល់ឃើញរបស់ Kasper Hjulmand គ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាក។


Eriksen បានដួលទៅលើទីលាននៅពេលជិតបញ្ចប់ការប្រកួតតង់ទីមួយក្នុងការប្រកួតបើកឆាកពូល B នៅថ្ងៃទី១៣ ខែមិថុនា។ ដោយសារអាជ្ញាកណ្តាល Anthony Taylor ត្រូវហៅក្រុមសង្គ្រោះឱ្យចូលក្នុងទីលាន ដើម្បីសង្គ្រោះបឋមលើ Eriksen ទើបការប្រកួតត្រូវផ្អាកប្រមាណ២ម៉ោង។
 
យ៉ាងណាក៏ដោយ បន្ទាប់ពីខ្សែបម្រើក្រុម Inter Milan ដឹងខ្លួនវិញ ការប្រកួតក៏បានបន្ត ដោយហ្វាំងឡង់បានយកឈ្នះដាណឺម៉ាក ១-០។
 
ដំបូងឡើយ កីឡាករទាំងសងខាងបានយល់ព្រមបញ្ចប់ការប្រកួតនោះអំឡុងពេលសង្គ្រោះ Eriksen ប៉ុន្តែនៅពេលដឹងថាអតីតសមាជិក Spurs មានស្ថានភាពល្អឡើងវិញក៏បន្តប្រកួតឱ្យចប់តែម្តង។ លោក Hjulmand គ្រូដាណឺម៉ាក អះអាងថាមិនគួរបន្តការប្រកួតទាំងកីឡាករកំពុងបែកអារម្មណ៍នោះទេ។
 
លោក Hjulmand និយាយក្នុងសន្និសីទសារព័ត៌មានថា៖ «មិនត្រឹមត្រូវទេដែលកីឡាករបន្តការប្រកួតទាំងតក់ស្លុតបែបនេះ។ យើងមិនគួរលេងប្រកួតនេះទាល់តែសោះ»។
ជុំវិញស្ថានភាពជំងឺរបស់ Eriksen សហព័ន្ធកីឡាបាល់ទាត់ដាណឺម៉ាក (DBU) បានផ្តល់ព័ត៌មានជាបន្តបន្ទាប់ថាខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ ត្រូវបានវេជ្ជបណ្ឌិតលោក Morten Boesen បង្ហាញថាមានបញ្ហាបេះដូង។
 
ដាណឺម៉ាក ស្ថិតនៅចំណាត់ថ្នាក់ទី៣ក្នុងពូល B ក្រោយចាញ់ហ្វាំឡង់នៅជំនួបបើកឆាក។ ហ្វាំងឡង់ឈរលេខ២បណ្តោះអាសន្នដោយរកបាន៣ពិន្ទុ ស្មើជាមួយក្រុមកំពូលតារាងបែលហ្ស៊ិក ដែលបានយកឈ្នះរុស្ស៊ី ៣-០។ ជំនួបបន្ទាប់ដាណឺម៉ាកត្រូវជួបបែលហ្ស៊ិក ខណៈហ្វាំងឡង់ប៉ះរុស្ស៊ី៕
 
 

Tag:
 Euro 2020
  Christian Eriksen
© រក្សាសិទ្ធិដោយ thmeythmey.com