កីឡាជាតិ
កោះកុង៖ ផ្អាកចរាចរណ៍លើផ្លូវជាតិលេខ៤៨ ចំណុចភូមិនាងកុក ដើម្បីជួលជុលផ្លូវខូចដោយសារទឹកភ្លៀង
14, Jun 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖ មន្ទីរសាធារណការខេត្តកោះកុង សម្រេចផ្អាកការធ្វើចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ១៥៤ +៣៥០ ស្ថិតក្នុងភូមិនាងកុង ឃុំប៉ាក់ខ្នង ស្រុកមណ្ឌលសីមា ដើម្បីជួសជុលផ្លូវដែលខូចដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ។



តាមមន្ទីរសាធារណការដដែល ជំនន់ទឹកភ្លៀងបានហូរច្រោះដាច់អស់ដល់ពាក់កណ្តាលទ្រូងផ្លូវ ហើយលូចាស់ក៏បាន ខូចខាត និងបាក់ស្រុតត្រង់តំណដែលធ្វើឱ្យរថយន្តតូចធំ ពិបាកធ្វើដំណើរឆ្លងកាត់។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បញ្ជាក់ទៀតថា ចរាចរណ៍ ត្រង់ចំហៀងផ្លូវខាងឆ្វេង នឹងបិទបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៤ មិថុនានេះតទៅ ហើយនឹងពង្វាងការធ្វើចរាចរណ៍ទៅចំហៀងផ្លូវខាងស្តាំវិញ ដើម្បីឱ្យអ្នកជំនាញជួសជុលបានទាន់ពេលវេលា។
 

ផ្លូវជាតិលេខ៤៨ កំពុងជួសជុលចំហៀងខាងឆ្វេង ដែលខូចខាតដោសារទឹកភ្លៀង។ រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

សូមរំឭកថា គ្រប់ស្រុកក្នុងខេត្តកោះកុង បានទទួលរងនូវភ្លៀងធ្លាក់ ៤ថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១មិថុនា ដែលបានបណ្តាលឱ្យដាច់ផ្លូវ និងបាក់បង្គោលអគ្គីសនីតាមបណ្ដោយផ្លូវជាតិលេខ៤៨នេះ។ មិនតែប៉ុណ្ណោះ នៅថ្ងៃទី៦-៧មិថុនា នៅឯឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក៏ទទួលរងនូវខ្យល់កន្ត្រាក់ ដែលបណ្ដាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋចំនួន ៤៦គ្រួសារ រស់នៅភូមិ១ ភូមិ២ ភូមិ៣ និងភូមិបឹងកាឆាង រងការខូចខាត៕
 
 
 

Tag:
 ផ្អាកចរាចរណ៍ផ្លូវជាតិលេខ៤៨
  ខេត្តកោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com