ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនចំនួន៥ទៀត នឹងង្កើតរោងចក្រនៅកម្ពុជា ដែលអាចបង្កើតការងារបានជាង៤ពាន់កន្លែង
15, Jun 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុនថ្មីចំនួន៥ទៀត ទទួលបានការអនុវត្តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលអាចបង្កើតការងារជូនពលរដ្ឋបានរហូត៤,០០០កន្លែង។ CDC បានបញ្ជាក់ថា ក្រុមហ៊ុនទាំង៥នោះ បានបោះទុនវិនិយោគលើរោងចក្រនានាក្នុងទំហំទឹកប្រាក់ប្រមាណ២៥,៥លានដុល្លារ។

 
បើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី១៤មិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនដែលបានបោះទុនបង្កើតរោងចក្រ នៅកម្ពុជានោះ មានក្រុមហ៊ុន J.A.K GARMENT CO., LTD គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ក្នុងទុនវិនិយោគ២,៤លានដុល្លារ។ ក្រុមហ៊ុននេះ អាចបង្កើតការងារបានជាង១,០០០កន្លែង ខណៈរោងចក្រផលិតវ៉ាលិសនិងកាបូបគ្រប់ប្រភេទតម្លៃ៥លានដុល្លាររបស់ក្រុមហ៊ុន IMPAK (CAMBODIA) CO.,LTD ស្រុកអង្គស្នួល ខេត្តកណ្តាល ក៏អាចបង្កើតការងារបានជាង ៦០០កន្លែង។


 
សម្រាប់គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយតម្លៃ៨,២លានដុល្លាររបស់ក្រុមហ៊ុន CHANCO TEXTILES (CAMBODIA) CO., LTD នៅរាជធានីភ្នំពេញ នោះ គឺអាចបង្កើតការងារដល់ពលរដ្ឋបានជាង៤០០កន្លែង។ ជាមួយគ្នានេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុនWING CHENG PACKAGING CO., LTD បង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ពនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញផងដែរ។ CDC បានបញ្ជាក់ថា រោងចក្រផលិតកេសកាតុង របស់ក្រុមហ៊ុនWING CHENG PACKAGING អាចផ្តល់ឱកាសការងារដល់ពលរដ្ឋបានជិត៣៤០កន្លែង ផងដែរ។ 
 
ដោយឡែក ក្រុមហ៊ុនPREMIER TECH GARMENT (CAMBODIA) CO., LTD ដែលCDCអនុម័តឱ្យបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅក្នុងស្រុកបាទី ខេត្តតាកែវនោះ គឺអាចបង្កើតការងាររហូតជាង១,៧០០កន្លែង។ ក្រុមហ៊ុន បានបោះទុនវិនិយោគក្នុងការរោងចក្រកាត់ដេរសម្លៀកបំពាក់នេះ ប្រមាណ៤,៣លានដុល្លារ៕ 
 







© រក្សាសិទ្ធិដោយ thmeythmey.com