កម្ពុជា បង្កើតក្រុមការងារថ្មី១ទៀត ដើម្បីធ្វើកិច្ចការលើការកែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ ឲ្យកាន់តែមានភាពជឿនលឿន មានប្រសិទ្ធភាព មានភាពឆាប់រហ័ស និង លែងសូវស្មុគស្មាញ។ តែអ្នកតាមដានបញ្ហាសង្គម មិនសូវមានជំនឿលើក្រុមការងារថ្មីនេះឡើយ។
រដ្ឋាភិបាលកម្ពុជា ចំណាយពេលរាប់ទសវត្សរ៍មកហើយ ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ ដើម្បីឲ្យមានភាពងាយស្រួល និង មានប្រសិទ្ធភាព ក្នុងការផ្តល់សេវាផ្នែករដ្ឋបាល ជូនប្រជាពលរដ្ឋ។ តែមកដល់បច្ចុប្បន្ន នៅតែមានការរអ៊ូរទាំថា ប្រព័ន្ធរដ្ឋបាលសាធារណៈ មានភាពស្មុគស្មាញ ពិបាកយល់ និង ពិបាកទទួលបានសេវាកម្មពីរដ្ឋ នៅពេលទៅពឹងអាជ្ញាធរម្តងៗ។
ចំពោះប្រព័ន្ធរដ្ឋបាលសាធារណៈនេះ រដ្ឋាភិបាលកម្ពុជា មិនហ៊ានទុកចោលឡើយ ទោះជារដ្ឋាភិបាល បានធ្វើកំណែទម្រង់ និងបានបង្កើតឯកសារគតិយុត្តិអំពីប្រព័ន្ធរដ្ឋបាលសាធារណៈនេះជាច្រើនក៏ដោយ។ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដោយមានការក្រាបបង្គំទូលថ្វាយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទ្រង់បានចេញ
ព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ត្រូវបានតែងតាំងជាគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនេះ ដោយមានរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈរបស់លោកម្នាក់ រួមទាំងរដ្ឋលេខាធិការ៤នាក់ទៀតពីក្រសួងផ្សេងៗ ជាអនុប្រធាន។ ចំណែកសមាជិកនៃគណៈកម្មាធិការនេះវិញ គឺជារដ្ឋលេខាធិការ ដែលមកពីក្រសួងស្ទើរតែទាំងអស់។
ព្រះរាជក្រឹត្យ កំណត់ថា គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីដឹកនាំអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិ ដឹកនាំអនុវត្តកម្មវិធីកែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ដឹកនាំអនុវត្តកម្មវិធីកែទម្រង់ច្បាប់-ប្រព័ន្ធយុត្តិធម៌។ បើតាមព្រះរាជក្រឹត្យ គណៈកម្មាធិការនេះ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈ។
ជាមួយគ្នានេះ ក្រសួង-ស្ថាប័នថ្នាក់ជាតិ ត្រូវបង្កើតក្រុមការងារនៅតាមក្រសួង-ស្ថាប័នរៀងៗខ្លួន ដើម្បីដឹកនាំធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ហើយរដ្ឋបាលរាជធានី-ខេត្ត ក៏ត្រូវបង្កើតក្រុមការងាររៀងៗខ្លួនដែរ ដើម្បីដឹកនាំធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ នេះបើផ្អែកលើព្រះរាជក្រឹត្យដដែល។
លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ថ្លែងថា គោលបំណងចម្បងនៃការបង្កើតគណៈកម្មាធិការនេះឡើង គឺដើម្បីជំរុញការងារក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព និងធ្វើឲ្យប្រព័ន្ធរដ្ឋបាលសាធារណៈ កាន់តែមានភាពល្អប្រសើរជាងមុន។
លោក មើលឃើញថា គណៈកម្មាធិការនេះ នឹងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និង ធនធានមនុស្ស ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ។ លោក បន្តថា ការបង្កើតគណៈកម្មាធិការនេះ ក៏ស្ថិតក្នុងគោលបំណងធ្វើទំនើបកម្មលើប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជាដែរ ដោយត្រូវធ្វើឲ្យប្រព័ន្ធរដ្ឋបាលសាធារណៈ ដើរទាន់បច្ចេកវិទ្យាសម័យថ្មី ហើយត្រូវមានភាពខ្លាំង និងរស់រវើក ដែលឆ្លើយតបនឹងតម្រូវប្រជាពលរដ្ឋ។
លោក បន្ថែមថា គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាយន្តការថ្មីនេះ នឹងធ្វើកំណែទម្រង់ជាច្រើនផ្សេងទៀត ដូចជា ជំរុញឲ្យមានការដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការ កំណត់មន្រ្តីរាជការតាមក្រសួង-ស្ថាប័ន កុំឲ្យមានចំនួនច្រើនហួសពីតម្រូវការ បែងចែកមុខងាររបស់មន្រ្តីរាជការឲ្យមានភាពជាក់លាក់ ចៀសវាងការជាន់មុខងារគ្នា និង លុបបំបាត់ប្រព័ន្ធការងារ ដែលក្រសួង-ស្ថាប័ន២ឡើងទៅ អាចធ្វើសេចក្តីសម្រេចលើកិច្ចការតែ១ ជាដើម។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ មន្រ្តីជាន់ខ្ពស់ដែលទទួលបន្ទុកផ្នែកកែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈរូបនេះ បង្ហាញក្តីរំពឹងដូច្នេះថា៖«យន្តការថ្មីនេះ យើង នឹងធ្វើការជាមួយក្រសួងស្ថាប័ន រួមទាំងការដ្ឋានកែទម្រង់ផ្សេងទៀតរបស់រដ្ឋាភិបាល ជំរុញឲ្យមានការកែទម្រង់ ការផ្លាស់ប្តូរប្រកបដោយគុណភាព សម្រាប់ដំណើរការនៃការផ្តល់សេវាសាធារណៈ។ ខ្ញុំ មានក្តីរំពឹងដូច្នេះ»។
ទោះរដ្ឋាភិបាល ប្រឹងធ្វើកែទម្រង់យ៉ាងណាក្តី តែប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា ហាក់មើលទៅនៅតែស្មុគស្មាញ តើពិតជាស្មុគស្មាញមែនទេ? លោក យក់ ប៊ុនណា សារភាពថា ប្រព័ន្ធការងារនៅតាមក្រសួង-ស្ថាប័នខ្លះ គឺមានភាពស្មុគស្មាញ អូសបន្លាយពេលវេលា និង ប្រើពេលវេលាយូរពិតមែន ពេលប្រជាពលរដ្ឋ ទៅរកសេវាកម្ម។ លោក លើកឧទាហរណ៍ថា កិច្ចការខ្លះ គឺតែ១ទេ តែស្ថាប័ននេះ អាចធ្វើសេចក្តីសម្រេចផង និងស្ថាប័ននោះ អាចធ្វើសេចក្តីសម្រេចផង។ លោក និយាយថា បញ្ហាត្រង់កន្លែងនេះ នឹងត្រូវពិនិត្យឡើងវិញ ហើយអាចឈានទៅលុបបំបាត់ចោល។
ថ្វីបើទទួលស្គាល់ថា ប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា មានភាពស្មុគស្មាញក្តី តែលោក យក់ ប៊ុនណា អះអាងថា រដ្ឋាភិបាល បានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីឲ្យប្រព័ន្ធរដ្ឋបាលសាធារណៈ កាន់តែមានភាពសាមញ្ញ។ លោក បញ្ជាក់បែបនេះថា៖«ការកែទម្រង់រដ្ឋបាល [សាធារណៈ] គឺយើង ចង់ជំរុញឲ្យក្រសួង-ស្ថាប័ន គិតពីនីតិវិធីនៃការផ្តល់សេវាហ្នឹង ធ្វើម៉េចឲ្យវាសាមញ្ញ និងចំណាយពេលតិច សម្រាប់ប្រជាពលរដ្ឋ។ អាហ្នឹងជាគោលដៅ ដែលយើងចង់បាន ប្រឹងកែលម្អថែមទៀត»។
លោកបណ្ឌិត មាស នី អ្នកតាមដានបញ្ហាសង្គម ហាក់មិនសូវមានជំនឿឡើយ ថាគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលទើបនឹងបង្កើតថ្មីនេះ អាចធ្វើឲ្យប្រព័ន្ធរដ្ឋបាលសាធារណៈ មានប្រសិទ្ធភាព មានភាពងាយស្រួល និង លែងស្មុគស្មាញ។ តាមការសង្កេតរបស់លោក នៅកម្ពុជា ប្រព័ន្ធរដ្ឋបាលសាធារណៈ មានភាពស្មុគស្មាញ និង សាំញ៉ាំច្រើន មិនមែនមកពីមិនមានច្បាប់ មិនមានយន្តការ ឬ មិនមានគោលនយោបាយនោះទេ តែមកពីអ្នកអនុវត្ត ។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក បង្ហាញការយល់ឃើញថា ពេលខ្លះ មានច្បាប់និងគោលនយោបាយល្អហើយ តែការអនុវត្ត បែរជាមិនមានប្រសិទ្ធភាព។ តាមគំនិតរបស់លោក រដ្ឋាភិបាល គួរតែពិនិត្យ តាមដាន វាយតម្លៃលើការអនុវត្តច្បាប់ យន្តការ គោលនយោបាយ ឬ អ្វីដែលមានស្រាប់ឲ្យបានជាក់លាក់ ប្រសើរជាជាងការបង្កើតយន្តការថ្មី ទៅជំនួសយន្តការចាស់។
អ្នកតាមដានបញ្ហាសង្គម ដែលមិនសូវស្របនឹងរដ្ឋាភិបាលរូបនេះ មានទស្សនៈដូច្នេះថា«បើយើង គ្រាន់តែបន្តបង្កើតយន្តការថ្មីៗថែមទៀត ហើយយើង មិនពិនិត្យមើលឲ្យបានជាក់លាក់ វាយតម្លៃ តាមដានលើប្រសិទ្ធភាពនៃការអនុវត្តស្អីដែលមានស្រាប់នោះទេ ការបង្កើតយន្តការថ្មី វា គ្រាន់តែមានគ្នាកាន់តែច្រើន ហើយជួនកាល អាចធ្វើឲ្យកិច្ចការហ្នឹង កាន់តែលែងដើរទៅមុខទៀត»។
សម្រាប់លោក បញ្ហាធំមួយ ដែលធ្វើឲ្យរដ្ឋាភិបាល ពិបាកធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ ឬវិស័យផ្សេងទៀត គឺដោយសារតាមស្ថាប័នខ្លះ ពោរពេញទៅដោយបក្សពួក គ្រួសារនិយម និង អាងខ្សែអ្នកធំ។ លោក រិះគន់ថា អ្នកខ្លះ ព្រោះតែអាងខ្នង ឬអាងបក្សពួក ពួកគេ ស្ពឹកស្រពន់ និង មិនសូវបំពេញការងារ។ លោក រិះគន់ទៀតថា តាមស្ថាប័នខ្លះ សម្បូរទៅដោយអ្នកធំ និងអ្នកមានឋានៈខ្ពស់ រហូតដល់ មានតែមេ មិនមានកូនចៅ និង ធ្វើឲ្យប្រព័ន្ធដឹកនាំនៅកម្ពុជា នៅតែមានលក្ខណៈក្បាលធំជាងខ្លួនដដែល។
យ៉ាងណា លោកបណ្ឌិត មាស នី គាំទ្រចំពោះការប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីឲ្យការងាររដ្ឋ ដំណើរការដោយរលូន និងមានការអភិវឌ្ឍ។
កំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាកំណែទម្រង់១ ក្នុងចំណោមកំណែទម្រង់ទាំង៤របស់រដ្ឋាភិបាល។ កំណែទម្រង់៣ទៀត រួមមាន កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ច្បាប់-ប្រព័ន្ធយុត្តិធម៌ និង ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ កំណែទម្រង់វិស័យទាំង៤នេះ គឺដើម្បីឈានដល់ការទទួលបានអភិបាលកិច្ចល្អ សម្រាប់កម្ពុជា៕