អន្តរជាតិ
អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជាថ្មី លើតំបន់កាហ្សា
16, Jun 2021 , 10:52 am        
រូបភាព
រូបថត AFP
រូបថត AFP
ទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារជាថ្មីលើក្រុមហាម៉ាស់នៅក្នុងតំបន់កាហ្សា ដើម្បីឆ្លើយតបនឹងបាឡុងផ្ទុកសារធាតុឆេះ ដែលហោះចូលក្នុងដីរបស់ខ្លួន។ វាជាការវាយប្រហារផ្លូវអាកាសលើកដំបូង បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស់ ទើបតែមានបទឈប់បាញ់ជាមួយគ្នា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែមិថុនា។


ការវាយប្រហារតាមផ្លូវអាកាសពីសំណាក់អ៊ីស្រាអែល លើក្រុមហាម៉ាស់ បានកើតឡើងសារជាថ្មី នៅយប់ចូលថ្ងៃទី១៦ ខែមិថុនា។ ការវាយប្រហារលើក្រុមហាម៉ាស់ យុទ្ធជនប្រយុទ្ធប៉ាឡេស្ទីននេះ ធ្វើឡើងបន្ទាប់ពីបាឡុងផ្ទុកសារធាតុឆេះ បានហោះមកក្នុងតំបន់ភាគខាងត្បូងរបស់អ៊ីស្រាអែល។ បើតាមអ្នកពន្លត់អគ្គិភ័យក្នុងស្រុកអ៊ីស្រាអែល បាឡុងផ្ទុកសារធាតុឆេះនោះ បានបង្កជាអគ្គិភ័យចំនួន ២០កន្លែង។ 
 
ក្នុងការប្រហារនោះ ទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារលើទីតាំងភាគខាងកើតនៃទីក្រុង Khan Younes នៅក្នុងតំបន់កាហ្សា ដែលត្រូវបានអ៊ីស្រាអែលចាត់ទុកថា ជាការវាយប្រហារលើក្រុមហាម៉ាស។ យ៉ាងណាមិញ ការវាយប្រហារតាមផ្លូវអាកាសខាងលើ មិនត្រូវបានអាជ្ញាធរប៉ាឡេស្ទីន រាយការណ៍ពីករណីស្លាប់ឡើយ។ 
 
ការប៉ះទង្គិចរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលជាថ្មីនេះ ធ្វើឡើងស្របពេល ប្រជាជនអ៊ីស្រាអែលជាច្រើនរយនាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ « March of the Flags» ដើម្បីអបអរខួបបង្រួបបង្រួមទីក្រុងហ៊្សេរុយសាឡិម ដែលអ៊ីស្រាអែលបានគ្រប់គ្រង បន្ទាប់ឈ្នះសង្រ្គាម ៦ថ្ងៃ នៅក្នុងឆ្នាំ១៩៦៧។ 
 
មិនតែប៉ុណ្ណោះ ការវាយប្រហារផ្លូវអាកាស ជាលើកដំបូង បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស់ មានបទឈប់បាញ់ជាមួយគ្នានាពេលថ្មីៗនេះ និងបន្ទាប់ពីរដ្ឋាភិបាលចម្រុះអ៊ីស្រាអែលថ្មីចូលកាន់តំណែង។ 
 
គួររំលឹកថា នៅក្នុងការវាយប្រហារទៅវិញទៅមកក្នុងខែឧសភាកន្លងទៅ ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៦០នាក់ និងប្រជាជនអ៊ីស្រាអែលមានចំនួន ១៣នាក់ បានបាត់បង់ជីវិត។ ចំណែកអ្នករងរបួសមានជាច្រើនពាន់នាក់៕ 
 

Tag:
 អ៊ីស្រាអែល
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com