បន្ទាយមានជ័យ៤៩នាក់ កំពង់ចាម៤០នាក់ ឯកំពត កំពង់ធំនិងព្រៃវែងមានជាង២០នាក់រៀងខ្លួន
COVID-19
ជាតិ
បន្ទាយមានជ័យ៤៩នាក់ កំពង់ចាម៤០នាក់ ឯកំពត កំពង់ធំនិងព្រៃវែងមានជាង២០នាក់រៀងខ្លួន
16, Jun 2021 , 6:09 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មី៤៩នាក់បន្ថែមទៀត នៅថ្ងៃទី១៥ មិថុនា ខណៈកំពង់ចាម រកឃើញ៤០នាក់ទៀតដែរ។ ខេត្តចំនួន៣ទៀត គឺកំពត កំពង់ធំ និងព្រៃវែង មានអ្នកឆ្លងបន្ថែមជាង២០នាក់រៀងខ្លួន រីឯខេត្តសៀមរាបបន្តរកឃើញ ១២នាក់បន្ថែម។ 

 
បន្ទាយមានជ័យ៖ ឆ្លងថ្មី៤៩នាក់ភាគច្រើនជាកម្មកររោងចក្រ
 
នៅថ្ងៃទី១៥ មិថុនា ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានថ្មី ៤៩ នាក់បន្ថែមទៀត ដែលភាគច្រើនជាកម្មកររោងចក្រថាយថេក និងមួយចំនួនជាអ្នកទៅពីរាជធានីភ្នំពេញ។ អ្នកជំងឺ ៤៤នាក់ ជាអ្នករស់នៅក្រុងប៉ោយប៉ែត និង៥នាក់ជាអ្នករស់នៅក្រុងសិរីសោភ័ណ។ តាមរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ មិថុនានេះ មានអ្នកជំងឺជាសះស្បើយ ២៦៣ នាក់បានជាសះស្បើយ។
 
កំពង់ចាម៖ វិជ្ជមានថ្មី៤០នាក់ និងជាសះស្បើយ ៥០នាក់
 
ខេត្តកំពង់ចាម មានករណីឆ្លងថ្មីចំនួន ៤០នាក់ ខណៈអ្នកជាសះស្បើយមាន ៥០នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤០នាក់នេះ មាន១២នាក់នៅស្រុកបាធាយ, ស្រុកស្រីសន្ធរ និងស្រុកព្រៃឈរ មាន៨នាក់រៀងខ្លួន ខណៈស្រុកកោះសូទិនរកឃើញ៦នាក់។ ចំណែកស្រុកកងមានមាន ៣នាក់, ស្រុកជើងព្រៃមាន២នាក់ និង១នាក់ទៀតនៅស្រុកចំការលើ។ ដ្បិតតែរដ្ឋបាលខេត្តមិនបញ្ជាក់ករណីឆ្លងសរុប ប៉ុន្តែបច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ចំនួន ៨៧៥នាក់ហើយបានជាសះស្បើយ ខណៈអ្នកជំងឺចំនួន ៤៤៦នាក់ទៀត កំពុងបន្តការព្យាបាល។

កំពត៖ ឆ្លងថ្មី ២៩នាក់ ភាគច្រើនជាកម្មកររោងចក្រ 
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៩នាក់ មានមួយចំនួនធំជាកម្មកររោងចក្រ បន្ទាប់មកជាបុគ្គលិកក្រុមហ៊ុន, ជាកម្មករ, នគរបាល, គ្រូបង្រៀន ,សិស្ស-និស្សិត, មេផ្ទះ និងយាយជី។ អ្នកវិជ្ជមានចំនួន ៦នាក់ មានទីលំនៅក្នុងស្រុកជុំគិរី, ៦នាក់នៅស្រុកកំពង់ត្រាច ខណៈស្រុកអង្គរជ័យ និងស្រុកឈូកមាន៤នាក់រៀងខ្លួន។ ស្រុកបន្ទាយមាសមាន២នាក់ និងនៅស្រុកដងទង់ និងក្រុងកំពតមាន១នាក់រៀងខ្លួនដែរ។ ចំណែកមនុស្ស២នាក់ទៀតជាអ្នកខេត្តតាកែវ, ១នាក់នៅភ្នំពេញ, ១នាក់កំពង់ចាម និង១នាក់ទៀតនៅខេត្តព្រៃវែង។  បច្ចុប្បន្ន រកឃើញអ្នកឆ្លងកូវីដ-១៩ សរុប៩០២នាក់ ក្នុងនោះ ២៨០នាក់បានជាសះស្បើយ ៦នាក់បានស្លាប់ និង៦១៦នាក់ទៀត បន្តការព្យាបាល។ 

កំពង់ធំ៖ មាន២៧នាក់បន្ថែម និង២១នាក់ជាសះស្បើយ
 
ខេត្តកំពង់ធំ រកឃើញអ្នកជំងឺកូវីដ-១៩ ថ្មីចំនួន២៧នាក់ និងអ្នកជាសះស្បើយមានចំនួន ២១នាក់បន្ថែមដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២៧នាក់នោះ មាន៦នាក់ជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ៩នាក់ជាពលរដ្ឋរស់នៅប្រាសាទសំបូរ, ៨នាក់នៅស្រុកសណ្តាន់, ៣នាក់នៅស្រុកសន្ទុក ខណៈស្រុកប្រាសាទបាល្ល័ង តាំងគោក និងស្រុកស្ទោងមាន២នាក់រៀងខ្លួន។ ចំណែកនៅស្រុកបារាយណ៍ មានអ្នកឆ្លងថ្មី១នាក់ដែរ។ បច្ចុប្បន្នខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ សរុប ៤៨១នាក់ ក្នុងនោះ២៧១នាក់បានជាសះស្បើយ ២នាក់ស្លាប់ និងអ្នកជំងឺ ២០៨នាក់ទៀត បន្តសម្រាកព្យាបាល។
 
ស្វាយរៀង៖ មាន២២នាក់បន្ថែម ភាគច្រើនជាកម្មកររោងចក្រ
 
ខេត្តស្វាយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់បន្ថែម ដោយភាគច្រើនជាកម្មកររោងចក្រ។ ក្នុងចំណោមអ្នកដែលទើបរកឃើញនោះមាន ៦នាក់នៅស្រុកស្វាយទាប, ៦នាក់នៅស្រុកស្វាយជ្រំ និង៣នាក់នៅក្រុងបាវិត។ ក្រុងស្វាយរៀង ស្រុកកំពង់រោទិ៍, និងស្រុករំដួល មាន២នាក់រៀងខ្លួន ខណៈ១នាក់នៅស្រុកចន្ទ្រា។ បច្ចុប្បន្ន ខេត្តស្វាយរៀង មានអ្នកឆ្លងកូវីដ-១៩ សរុប ១៣១១នាក់ ក្នុងនោះ៨៧១នាក់ជាសះស្បើយ ៧នាក់ស្លាប់ និង៤៣២នាក់ទៀតកំពុងសម្រាកព្យាបាល។ 
 
សៀមរាប៖ ១២នាក់បន្ថែម និង១នាក់សះស្បើយ
 
សៀមរាប រកឃើញ១២នាក់ទៀត ខណៈអ្នកជំងឺ១នាក់បានជាសះស្បើយ។ ក្នុងចំណោម អ្នកឆ្លងថ្មី ទាំង១២នាក់ មាននៅស្រុកជីក្រែង ,ក្រុងសៀមរាប, ស្រុកសូទ្រនិគម , ស្រុកប្រាសាទបាគង និងមាន២នាក់ជាអ្នកស្រុកស្ទោង ខេត្តកំពង់ធំ។ អ្នកជាសះស្បើយ ១នាក់នោះ ជាក្មេងស្រីវ័យ ១២ឆ្នាំ រស់នៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។  ត្រឹមថ្ងៃទី១៥មិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៦នាក់ ក្នុងនោះ១១៨នាក់បានជាសះស្បើយ ស្លាប់៣នាក់ និង៣៨៥នាក់ បន្តការព្យាបាល។
 
កោះកុងបន្តរកឃើញ ៦២នាក់ទៀត ភាគច្រើននៅឃុំប៉ាក់ខ្លង
 
ពលរដ្ឋសរុប ៦២នាក់ទៀតនៅកោះកុង វិជ្ជមានកូវីដ-១៩ ។ ពលរដ្ឋជាង៣០នាក់ជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង និងឃុំពាមក្រសោប ស្រុកមណ្ឌលស៊ីមា និងជាង ២០នាក់ពលរដ្ឋរស់នៅសង្ដាត់ស្មាច់មានជ័យ សង្កាត់ស្ទឹងវែង និងសង្កាត់ដងទង់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំណែកពលរដ្ឋ ៣នាក់ទៀត ជាអ្នកស្រុកស្រែអំបិល។ 

ព្រៃវែង៖ ៥៦នាក់បន្ថែម ភាគច្រើនជាកម្មកររោងចក្រ
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៦នាក់នោះ មាន៨នាក់នៅស្រុកពាមរក៍ ហើយស្រុកពារាំង ក៏មាន៨នាក់ដែរ។ ចំណែកស្រុកកំពង់ត្របែក មាន៧នាក់ ខណៈស្រុកពាមជរ មាន ៦នាក់។ ស្រុកស្វាយអន្ទរ និងស្រុកមេសាង មាន៥នាក់រៀងខ្លួន និង៤នាក់ជាអ្នករស់នៅក្រុងព្រៃវែង។ ស្រុកកញ្ច្រៀច និងស្រុកពោធិ៍រៀង មាន១នាក់រៀងខ្លួនដែរ ខណៈពលរដ្ឋ៣នាក់ទៀត ជាអ្នកខេត្តកណ្តាល។ បច្ចុប្បន្ន ខេត្តព្រៃវែង មានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ១,០១២នាក់ ក្នុងនោះ៤៩១នាក់ បានជាសះស្បើយ អ្នកស្លាប់មានចំនួន១១នាក់ និង៥១០នាក់ បន្តសម្រាកព្យាបាល។

សរុបទូទាំងប្រទេស៖ ឆ្លងថ្មី៦៩៣នាក់ ,សះស្បើយ៧៥៤នាក់ និងស្លាប់៧នាក់ 

ក្រសួងសុខាភិបាល បានប្រកាសថា មានមនុស្ស៦៩៣នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះ ៣៣នាក់ ជាករណីនាំចូល នាថ្ងៃទី១៥មិថុនា។ អ្នកជំងឺចំនួន  ៧៥៤នាក់បន្ថែម បានជាសះស្បើយ និងស្លាប់៧នាក់ទៀត។ បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៤០១៥៧នាក់ ក្នុងនោះ  ១៤៨៦ជាករណីនាំចូល។ អ្នកសះស្បើយសរុបមាន ៣៤៣២៥នាក់ និងស្លាប់ ៣៦៨ នាក់៕

Tag:
 កោះកុង
 ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com