ជាតិ
CYN អះអាងថា សកម្មជនបរិស្ថាន៤រូបត្រូវបានឃាត់ខ្លួន ប៉ុន្តែសមត្ថកិច្ចបដិសេធ
17, Jun 2021 , 3:52 pm        
រូបភាព
ភ្នំពេញ៖ សកម្មជនបរិស្ថាន៤រូប ត្រូវបានគេរាយការណ៍ថា សមត្ថកិច្ចបានឃាត់ខ្លួន។ ប៉ុន្តែស្នងការរាជធានីភ្នំពេញ និងខេត្តកណ្ដាល សុទ្ធតែបដិសេធថា គ្មានករណីឃាត់ខ្លួនពួកគេឡើយ។ បញ្ហាបាត់ខ្លួនសកម្មជនទាំងនេះ ធ្វើឱ្យសង្គមស៊ីវិលព្រួយបារម្ភ ។


លោក សាន ម៉ាឡា មន្រី្តគម្រោងតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) អះអាងថា សកម្មជនបរិស្ថាន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលថ្ងៃទី១៦មិថុនា នៅក្នុងខេត្តកណ្ដាល និងរាជធានីភ្នំពេញ។ លោក ម៉ាឡា ដែលទទួលបានព័ត៌មានពីប្រពន្ធលោក យឹម លាងហ៊ី សកម្មជនបរិស្ថាននោះ បានបញ្ជាក់ថា លោក លាងហ៊ី ត្រូវបានអាជ្ញាធរស្រុកកោះធំ ខេត្តកណ្ដាល ឃាត់ខ្លួន កាលពីម៉ោង១១ព្រឹក ។ ចំណែក សកម្មជនបីនាក់ទៀត គឺលោក លី ចាន់ដារ៉ាវុទ្ធ, លោក លី ម៉េង និងកញ្ញា ស៊ុន រដ្ឋ ក៏បានត្រូវអាជ្ញាធររាជធានីភ្នំពេញ ឃាត់ខ្លួនដែរ ខណៈពួកគេចុះថតវីដេអូទឹកស្អុយហូរចូលទន្លេ។ 
 
លោក សាន ម៉ាឡា ដែលទើបទទួលបានព័ត៌មានចុងក្រោយ ពីអ្នកជិតស្និទសកម្មជនទាំង៤រូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៧ មិថុនានេះថា៖«អ្នកនាំពាក្យស្នងការនគរបាលជាតិបានបញ្ជាក់ថា ពិតជាបានចាប់ខ្លួន ឈ្មោះ ស៊ុន រដ្ឋា, លី ចាន់ដារ៉ាវុទ្ធ និងឈ្មោះ សិដ្ឋ ឈីវលីម៉េង។ ពួកគេនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់បទ រួមគំនិតក្បត់»។ ដោយឡែក សកម្មជនឈ្មោះ យីម លាងហ៊ី លោកមិនទាន់ទទួលបានព័ត៌មាននៅឡើយទេ។  
 
តែយ៉ាងណាលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា សមត្ថកិច្ចរាជធានីភ្នំពេញ មិនបានឃាត់ខ្លួនសកម្មជនបរិស្ថានណាម្នាក់ឡើយ។ «ខ្ញុំសុំបញ្ជាក់យ៉ាងខ្លី, ប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺអត់បានឃាត់ខ្លួនបុគ្គលណាម្នាក់ទេ»។ នេះបើតាមលោក សាន សុខសីហា។ 
រីឯលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានអះអាងថា លោកមិនបានដឹងករណីឃាត់ខ្លួនសកម្មជនបរិស្ថានណាម្នាក់ឡើយ។ 
 
ជុំវិញករណីនេះ លោក ស៊ឹង សែនករុណា មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ និងជាអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់ថា ស្ថាប័នលោក ក៏ដូចជាសង្គមស៊ីវិលផ្សេងទៀត រួមទាំងក្រុមអង្គការសិទ្ធមនុស្សសហប្រជាជាតិ កំពុងតាមរឿងរ៉ាវនេះ ប៉ុន្តែមិនទាន់មានដំណឹងពីសកម្មជនទាំង៤រូបនេះទេ។ សម្រាប់លោក ករុណា ការបាត់ខ្លួនសកម្មជនបរិស្ថានទាំង៤រូប ដោយមិនដឹងមូលហេតុនេះ ជារឿងព្រួយបារម្ភយ៉ាងខ្លាំង ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់អាដហុករូបនេះ បានលើកឡើងយ៉ាងដូច្នេះ៖ «យើងដែលក្រុមអង្គការសិទ្ធិមនុស្សកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង លើករណីនេះ។ កម្ពុជាមានការចុះកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការបាត់ខ្លួនទាំងបង្ខំ ហើយបើការចាប់ខ្លួនដោយសមត្ថកិច្ច មានការបាត់ខ្លួនទៀត វាជាបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងរឿងនេះ»។
 
តែយ៉ាងណាលោក ករុណា នៅតែគិតថា ការបាត់ខ្លួនសកម្មជនទាំងនេះ វាអាចជាករណីឃាត់ខ្លួន ពីសំណាក់សមត្ថកិច្ច នៅគ្រាដែលពួកគេចុះបំពេញការងាររឿងបរិស្ថាន។ បើតាមលោក ករុណា សមត្ថកិច្ចគួរបញ្ចេញព័ត៌មានជុំវិញករណីឃាត់ខ្លួននេះ ដល់គ្រួសារឬក្រុមអ្នកសារព័ត៌មាន បើសិនជាបានឃាត់ខ្លួនមែន។ ការធ្វើបែបនេះ គឺដើម្បីធានាសុវត្ថិភាព ហើយបើកចំហរព័ត៌មាន ដើម្បីដោះស្រាយតាមច្បាប់ឲ្យមានតម្លាភាពត្រឹមត្រូវ។
 
ចំណែក លោក សាន ម៉ាឡា មន្រី្តគម្រោងតស៊ូមតិ យល់ឃើញថា ករណីសកម្មជនទាំង៤ ស្រដៀងនឹងការចាប់ខ្លួនសកម្មជនមុនៗដែរ ពោលគឺការឃាត់ខ្លួន នៅមួយថ្ងៃដំបូងនោះ ត្រូវបានអាជ្ញាធរលាក់បាំងព័ត៌មាន។ 
 
«អាចជាចេតនារបស់អាជ្ញាធរ ក្នុងការលាក់បាំងព័ត៌មាន ក្រែងមានអ្នកគាំទ្រ ឬក្រុមគ្រួសារចេញតវ៉ានៅទីសារធារណណាមួយ ទើបអាជ្ញាធរមិនចង់ប្រាប់។ ខ្ញុំគិតថា ប្រសិនបើអាជ្ញាធរពិតជាបានឃាត់ខ្លួនសកម្មជនមែន ដោយមិនបង្ហាញព័ត៌មានសង្គមស៊ីវិលសិទ្ធិមនុស្ស វាដូចជាការចាំពង្រាត់មនុស្សអ៊ីចឹង»។ នេះបើតាមលោក ម៉ាឡា ដោយស្នើឲ្យអាជ្ញាធរបង្ហាញព័ត៌មានជាក់លាក់លើករណីនេះ។ 
 
ពាក់ព័ន្ធករណីនេះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ឆាយ គឹមខឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ ដើម្បីសុំការអត្ថាធិប្បាយបានឡើយ ៕ 
 

Tag:
 សកម្មជន
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com