កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាំទីមីយ៉ាន់ម៉ា សុំសិទ្ធិជ្រកកោននៅជប៉ុន ក្រោយលើកម្រាមបីអំឡុងប្រកួតជម្រុះ World Cup
17, Jun 2021 , 5:59 pm        
រូបភាព
អ្នកចាំទីក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដែលបង្ហាញាកាយវិការប្រឆាំងនឹងរបបយោធាអំឡុងពេលប្រកួតជម្រុះ World Cup ទល់នឹងក្រុមជប៉ុននៅក្រុងតូក្យូ មិនព្រមវិលត្រឡប់ចូលស្រុកវិញឡើយ និងកំពុងស្វែងរកសិទ្ធិជ្រកកោននៅប្រទេសជប៉ុន។


 
អ្នកចាំទី Pyae Lyan Aung បានលើកម្រាមដៃ៣ ដែលជាសញ្ញាបង្ហាញពីការប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ានាពេលគោរពភ្លេងជាតិមុនចាប់ផ្តើមប្រកួតជម្រុះតំបន់អាស៊ីនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅកាតា ជាមួយម្ចាស់ផ្ទះជប៉ុនកាលពីថ្ងៃទី២៨ ខែឧសភា។
 
លោក Shogo Watanabe មេធាវីរបស់ Lyan Aung បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែមិថុនាថា អ្នកចាំទីរូបនេះបានប្រាប់មន្រ្តីអន្តោប្រវេសន៍ជប៉ុននៅឯអាកាសយានដ្ឋានក្នុង ក្រុងអូសាកាថា រូបគេនឹងមិនឡើងយន្តហោះត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញទេ។ នេះមានន័យថាក្រោយការប្រកួតដែលមីយ៉ាន់ម៉ាចាញ់ជប៉ុន ១០-០ មកទល់ពេលនេះមានរយៈពេលជាងពីរសប្តាហ៍ហើយដែលអ្នកចាំទី Lyan Aung បន្តស្នាក់នៅប្រទេសជប៉ុន ដោយសារភ័យខ្លាច បន្ទាប់ពីខ្លួនបង្ហាញការប្រឆាំងនឹងរបបយោធានៅមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។
 
សញ្ញាម្រាមដៃ៣ បានក្លាយជានិមិត្តរូបនៃការតស៊ូនៅអាស៊ីដែលត្រូវបានប្រើជាទូទៅដោយក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃកាលពីឆ្នាំមុន។ សញ្ញានេះដែរ ក៏ត្រូវបានអនុម័តដោយក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ បន្ទាប់ពីយោធាក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានកាន់កាប់អំណាចដោយរដ្ឋប្រហារ និងឃុំខ្លួនមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ។
 
Lyan Aung ដែលលេងឱ្យក្លិប Yadanabon FC នៃលីគកំពូលម៉យ៉ាន់ម៉ាបានស្នើសុំសិទ្ធិជ្រកកោននៅជប៉ុនតែម្តង។ លោក Watanabe បានបន្ថែមថា៖ «លិខិតស្នើរបស់ Lyan Aung នឹងបន្តនីតិវិធីដើម្បីស្វែងរកសិទ្ធិជ្រកកោនក្នុងនាមជនភៀសខ្លួន ទាំងនៅក្នុងក្រុងអូសាកា ឬនៅទីក្រុងតូក្យូ»។
 
លោកមេធាវី Watanabe សង្ឃឹមថាជប៉ុននឹងទទួលសំណើរនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដ្បិត Lyan Aung វ័យ២៨ឆ្នាំ ជាជនភៀសខ្លួននយោបាយ។
កាសែត NHK បានស្រង់សម្តីរបស់ Lyan Aung ដែលបានប្រាប់មន្រ្តីអន្តោប្រវេសន៍ជប៉ុននៅឯអាកាសយានដ្ឋានថា ប្រសិនបើរូបគេត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញជីវិតរបស់គេនឹងមានគ្រោះថ្នាក់។ «ខ្ញុំបានសំរេចចិត្តស្នាក់នៅប្រទេសជប៉ុន រដ្ឋាភិបាលជប៉ុន និងប្រជាជននៅទីនេះត្រូវតែដឹងពីស្ថានភាពរបស់មីយ៉ាន់ម៉ា។ ខ្ញុំសូមអំពាវនាវឱ្យមានកិច្ចសហការពីសំណាក់ម្ចាស់ផ្ទះផង»។ នេះជាការអង្វកររបស់ Lyan Aung ទៅកាន់ម្ចាស់ផ្ទះជប៉ុន៕
 
 

Tag:
 World Cup
  Pyae Lyan Aung
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com